អានតួអត្ថបទ
កម្ពុជា-សង្គម

ក្នុងតំបន់ក្រហម៖ បើហ៊ានចេញពីផ្ទះ នឹងត្រូវរងការពិន័យពី១ដល់ទៅ២០លានរៀល និងជាប់គុកពី៦ខែដល់ទៅ៥ឆ្នាំ

សាលា​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​បាន​កំណត់​ដាក់​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ស្ទឹង​មាន​ជ័យ​២​ ស្ទឹង​មាន​ជ័យ​៣​នៃ​ខណ្ឌ​មាន​ជ័យ​ សង្កាត់​ចោមចៅ​ទី​១​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ​ និង​ភូមិ​១៤​ ភូមិ​១៦​ និង​ភូមិ​១៧​ក្នុង​សង្កាត់​បឹងសាឡាង​នៃ​ខណ្ឌ​ទួលគោក​ស្ថិត​ក្នុង​«តំបន់ក្រហម»​។​ ដូច្នេះ​ហើយ​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ឃាត់​ចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​ជា​ដាច់​ខាត​។ បើ​តាម​សាលារាជធានីភ្នំពេញ​ អ្នក​ដែល​ល្មើស​ គឺ​អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់​ទៅ​២០​រៀល​ និង​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ឯណោះ​។

សាលាក្រុងភ្នំពេញបានកំណត់តំបន់មួយចំនួនជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩
សាលាក្រុងភ្នំពេញបានកំណត់តំបន់មួយចំនួនជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ © សហការី
ផ្សាយពាណិជ្ជកម្ម

«តំបន់ក្រហម» និយាយឱ្យស្រួលយល់ទៅ គឺជាតំបន់ភូមិសាស្រ្តដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់បំផុត។ «តំបន់ក្រហម»នេះ គឺតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែស្ថិតក្នុងលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួនជាដាច់ខាតតែម្តង។ ប៉ុន្តែ ក៏មានករណីលើកលែងដែរ គឺការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការទៅផ្តល់សំណាកធ្វើតេស្តរកជំងឺកូវី១៩ និងការទៅចាក់វ៉ាក់សាំងដូសទី២ នៅទីតាំងដែលជិតបំផុតក្នុង«តំបន់ក្រហម»។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់សាលារាជធានីភ្នំពេញ។

ចំណែក ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង«តំបន់ក្រហម»វិញ គឺត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋ និងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាល និងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុ​ង​«តំបន់ក្រហម»តែប៉ុណ្ណោះ ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានការអនុញ្ញាតពីអាជ្ញាធរជាចាំបាច់។ សក​ម្មភាពទាំងនេះ មានជាអាទិ៍ សេវាពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសង្រ្គោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ​ដោយរួមទាំងឱសថស្ថានជាដើម។

ចំពោះការធ្វើដំណើរចេញ ចូល និងឆ្លងកាត់តំបន់នេះវិញ គឺត្រូវហាមឃាត់ទាំងអស់តែម្តង លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម ការធ្វើដំណើរទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្រ្គោះបន្ទាន់ ការធ្វើដំណើររបស់មន្រ្តីសុខាភិបាលរដ្ឋ និង ឯកជន និងការធ្វើដំ​ណើរដែលចាំបាច់បំផុតមួយចំនួនទៀត។

ដោយឡែក ចំពោះអ្នកដែលមិនគោរពតាមបម្រាមវិញ អាជ្ញាធររាធានីភ្នំពេញនឹងឃាត់ទុកមធ្យោបាយធ្វើដំណើរបណ្តោះអាសន្ន និងរងទណ្ឌកម្មរដ្ឋបាលដទៃទៀត។ ប៉ុន្តែចំពោះអ្នកល្មើស គឺអាចប្រឈមនឹងផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ លើសពីនេះទៅទៀត គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមបញ្ជាក់ជូនថា បើទោះនៅក្នុង«តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់អាហារ និងគ្រឿងឧបភោគ បរិភោគត្រូវបានបិទក៏ដោយ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រ​សួង​ពាណិជ្ជកម្មរៀបចំសម្របសម្រួលឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ ដើម្បីលក់ឱ្យប្រជាពលរដ្ឋដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនដល់មុខផ្ទះ។ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ក្នុង«តំបន់ក្រហម»​ចាត់ចែងជាបន្ទាន់នូវជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្រីក្រ និងជួបការលំបាកក្នុងជីវភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ