អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ លោក ហ៊ុន សែន ថា មន្ទីរពេទ្យនៅភ្នំពេញទ្រទ្រង់លែងបានហើយ

មន្ទីរ​ពេទ្យ​នៅ​កម្ពុជា​ទ្រទ្រង់​អ្នក​ជំងឺ​កូវីដ១៩​លែង​បាន​ហើយ​។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ពិសេស​មួយ ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​សៅរ៍​ទី​១០​មេសា​នេះ​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មន្ទីរ​ពេទ្យទាំង​ប៉ុន្មាន​នៅ​ភ្នំពេញ សុទ្ធតែ​ផ្ទុក​ពេញ​ដោយ​ជំងឺ​កូវីដ​១៩ ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ទីតាំង​មួយ​ចំនួន​ទៀតដើម្បី​ឲ្យ​អ្នក​ជំងឺ​សម្រាក ខណៈ​ការ​ព្យាបាល​នៅ​ផ្ទះ​ក៏​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​​ពិចារណា​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​ដែល​មាន​សភាព​ស្រាល​ផង​ដែរ​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​កើន​ឡើង​យ៉ាង​គំហុក​នា​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ លើស​ពី​សមត្ថភាព​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ សណ្ឋាគារ The Great Duke​ និង​នៅ​មន្ទីរ​ពេទ្យ​ព្រមទាំង​​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​ពេញ​ប្រៀប​ទៅ​ដោយ​អ្នក​ជំងឺ​កូវីដ​១៩​​។ តាម​រយៈ​ស្ថានការណ៍​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រៀបចំ​វិធានការ​ព្យាបាល​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​សភាព​ស្រាល​។ ក្នុង​ករណី​ដែល​ផ្ទះ​មាន​ទំហំ​តូច អ្នក​ជំងឺ​នោះ​ត្រូវ​ចេញ​មក​ព្យាបាល​នៅ​តាម​ទីតាំង​ដែល​រដ្ឋ​រៀបចំ​ ដែល​ឥឡូវ​នេះ មានបន្ថែម​នូវ​វិទ្យាល័យ​ចំនួន​២ ​អគារ​ម៉ូឌែន​២ និង​អគារ​​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ដល់អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត ឲ្យ​រៀបចំ​ទីតាំង​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៥០​គ្រែ​ក្នុង​មួយ​ខេត្ត​។ ចំណែក​​មន្ទីរ​ពិសោធន៍​សំណាក​វីរុស​កូវីដ​១៩ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទទូច​ឲ្យ​បង្កើន​សមត្ថភាព​ធ្វើ​តេស្ត​សំណាក​របស់​ខ្លួន ខណៈកន្លង​មក លោក​សង្កេត​ឃើញ​ថា មន្ទីរ​ពិសោធន៍​ ដោយ​ចំពោះ​មន្ទីរ​ពិសោធន៍​នៅ​ភ្នំពេញ ធ្វើ​តេស្ត​សំណាក​កូវីដ​១៩​ក្នុងល្បឿន​យឺត និង​មិន​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​គ្រប់​គ្រង​ហានិភ័យ​។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មន្ទីរ​ពិសោធន៍​នៅ​ភ្នំពេញ មិន​បានធ្វើ​តេស្ត​លើ​សំណាក​ដែល​មាន​ហានិភ័យ​មុន​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហគមន៍ ធ្វើ​ឡើង​មិន​ទាន់​សភាពការណ៍​។ យ៉ាង​ណា​ក៏​ដោយ លោក​នាយករដ្ឋ​មន្ដ្រី​មិន​បាន​ស្ដី​បន្ទោស​ចំពោះ​ករណី​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា ការណ៍​សំខាន់​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ពេល​នេះ​គឺ​ទប់​ស្កាត់​និង​កាត់​ផ្ដាច់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅក្នុង​សហគមន៍​ឲ្យ​បាន​​។

​ក្នុង​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ លោក​នាយករដ្ឋ​មន្ដ្រី បានលើក​ដៃ​សំពះ ទទូច​អង្វរក​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ កុំ​ដើរ​ហើ​បើ​មិន​ចាំ​បាច់​។ ការ​បំពាន​បម្រាម​ទាំង​ឡាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ការ​មិន​ធ្វើ​ចត្តាឡីស័ក នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​​និង​ផ្ដន្ទាទោស​ ស្រប​តាម​ច្បាប់​ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​​កូវីដ​១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ