អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងបរិបទនៃជំងឺកូវីដ១៩

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បានជំរុញឲ្យ​ប្រជាពលរដ្ឋ​បំផុស​គំនិត​គាំទ្រផលិតផល​ក្នុងស្រុក ​ដើម្បីចូលរួម​ប្រកួតប្រជែង​ក្នុងទីផ្សារ​ទាំងក្នុងស្រុក ​និងក្រៅស្រុក​។​ ការថ្លែង​ដូច្នេះ ​របស់លោក​នាយក​រដ្ឋមន្រ្តី ​ធ្វើឡើង​មុនពេល​គណៈកម្មាធិការ​ជាតិជំរុញ​ចលនា​ភូមិមួយផលិតផល​មួយរៀបចំ​ទិវាជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផលខ្មែរ​ នៅថ្ងៃទី៩​មេសានេះ​។ ​តាមលោកនាយករដ្ឋមន្រ្តី ​ការជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ តាមរយៈទីផ្សារ​អនឡាញ​នឹងធ្វើឲ្យ​សង្គមរីកចម្រើន​ ជាពិសេស​ក្នុងបរិបទ​ជំងឺកូវីដ-១៩​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារលិខិតនៅថ្ងៃព្រហស្បតិ៍ ទី០១មេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តៀមរៀបចំទីផ្សារអនឡាញ ដើម្បីជួយដល់ការលក់និងដាក់បង្ហាញផលិតផលខ្មែរដល់បណ្តាក្រៅប្រទេស និងស្ថានទូតកម្ពុជានៅបរទេស។ ការរៀបចំទីផ្សារអនឡាញដើម្បីលើកកម្ពស់ទំនិញអាជីវកម្មក្នុងស្រុក ក៏ដូចជាដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្រៅពីនេះលោកហ៊ុន សែន ក៏ស្នើឲ្យក្រសួងពាក់ព័ន្ធពង្រឹងខ្សែចង្វាក់ផលិតកម្ម គុណភាព សុវត្ថិភាពផលិតផល ការបង្កើតផែនទីចង្អុលផ្លូវនៃផលិតផលខ្មែរ ការលើកកម្ពស់ផលិតផលតាមមូលដ្ឋានដែលមានសក្តានុពល ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរ។

ការស្នើទាំងនេះ ធ្វើឡើងមុនពេលដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយត្រៀមរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ០៩មេសា លើកទី៤ ជាលក្ខណៈអនឡាញ ក្រោមប្រធានបទ «រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»។

ជាការកត់សម្គាល់ ការជំរុញការប្រើប្រាស់ផលិតផលនៅក្នុងស្រុក រួមមានទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម  ធ្វើឡើងក្នុងពេលកម្ពុជា និងសកលលោកកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ ដែលផ្តល់ផលប៉ះពាល់លើការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្នុងប្រទេស។ សម្រាប់លោក ក្នុងបរិបទនៃជំងឺកូវីដ១៩ ការគាំទ្រនិងយកចិត្តទុកដាក់លើកកម្ពស់ផលិតក្នុងស្រុក ជាការរួមចំណែកមួយដល់ការអភិវឌ្ឍន៍សង្គម។  

គួរជម្រាបជូនថា ប្រទសកម្ពុជាជាប្រទសមានចំណូលមធ្យមកម្រិតទាប និងកំពុងបន្តអនុវត្តគោលនយោបាយធ្វើយ៉ាងឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយការគាំទ្រផលិតផលក្នុងស្រុកជាកត្តាមួយដែលរុញច្រានឲ្យមានការវិនិយោគនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ