អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកផ្ទុកកូវីដ១៩ ដើម្បីឲ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្ត

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​ទី​០៣​មេសា​នេះ​ បាន​ប្រកាស​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​រក​ឃើញ​ថ្មី​វិជ្ជមាន​កូវីដ១៩​ទៅ​ធ្វើ​តេស្ត​រក​វីរុសកូវីដ១៩​ ក៏​ដូចជា​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​ អាជ្ញាធរ​ភ្នំពេញ​ក៏​បាន​សម្រេច​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដែល​វិជ្ជមាន​កូវីដ១៩​ទាំង​៣៣​នាក់​នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​អ្នក​រក​ឃើញ​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​០២​មេសា​ម្សិលមិញ​។

នារីម្នាក់ជិះម៉ូតូតាមដងផ្លូវ ដោយពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩
នារីម្នាក់ជិះម៉ូតូតាមដងផ្លូវ ដោយពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ខុសពីលើករាល់ដង នៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីប្រកាសបង្ហាញពីអត្តសញ្ញាណអ្នកដែលឆ្លងថ្មីនៃវីរុសកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អត្តសញ្ញាណប្រកាសរួមមាន ឈ្មោះ ភេទ អាយុ និងអាស័យដ្ឋានរស់នៅរបស់អ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន៣៣នាក់ នៅរាជធានីភ្នំពេញ ដែលរកឃើញគិតត្រឹមថ្ងៃទី០២ខែមេសា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រកាសឲ្យអ្នកដែលពាក់ព័ន្ធនឹងអ្នកដែលរកវិជ្ជមានថ្មីចំនួន៣៣នាក់នោះ មានភាពរហ័សក្នុងការទៅយកសំណាករកវីរុសកូវីដ១៩ទៅតាមទីតាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា ការបង្ហាញអត្តសញ្ញាណនេះ គឺជាយន្តការថ្មីមួយទៀត ដែលសមស្របទៅនឹងស្ថានភាពជំងឺកូវីដ១៩នៅរាជធានីភ្នំពេញបច្ចុប្បន្ន។ បើតាមអ្នកនាំពាក្យ ការបង្ហាញអត្តសញ្ញាណនឹងធ្វើឲ្យអ្នកដែលបានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ទទួលបានព័ត៌មានលឿន និងដើម្បីទប់ស្កាត់ការចម្លងបានរហ័ស។

អ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ចំនួន៣៣នាក់នៅរាជធានីភ្នំពេញនេះ ជាចំនួនក្នុងចំណោមអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩សរុបចំនួន៩៩នាក់នៅថ្ងៃទី០២ខែមេសា។ នេះបើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះ។ ក្នុងនោះអ្នកឆ្លងនៅរាជធានីភ្នំពេញមាន ៣៣នាក់ ស្វាយរៀង ៤៤នាក់ កោះកុង ៨នាក់ កណ្តាល ៥នាក់ ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤នាក់ និងខេត្តតាកែវ ១នាក់។ អ្នកដែលរកឃើញទាំង៩៩នាក់នេះ សុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តែយ៉ាងណា ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានរហូតដល់៣២៩នាក់ ក្នុងនោះពីរនាក់ជាអ្នកដំណើរ និង៣២៧នាក់ជាអ្នកជាពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះជាតួលេខចំនួនអ្នកជាក្នុងចំនួនច្រើនរាប់ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។

ដូច្នេះ ជាតួលេខចុងក្រោយ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន២៦៤៥នាក់ ព្យាបាលជាសះស្បើយ១៥៨៥នាក់ និងស្លាប់ចំនួន១៩នាក់។ ក្នុងចំណោមអ្នកស្លាប់១៩នាក់ មានបីនាក់ជាអ្នកស្លាប់ថ្មី ដោយពីរនាក់ត្រូវបានប្រកាសកាលពីម្សិលមិញ និងម្នាក់ទៀតត្រូវបានប្រកាសនៅព្រឹកថ្ងៃទី០៣មេសានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ