អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ-១៩៖ មនុស្ស៧នាក់ បានស្លាប់ក្រោយព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ

ប្រទេស​កម្ពុជា​នៅថ្ងៃព្រហស្បតិ៍នេះ ​បានបន្ថែម​តួលេខ​អ្នកស្លាប់ថ្មី​២នាក់ទៀតហើយ​ ដោយសារ​ជំងឺកូវីដ-១៩ ​ស្របពេលដែល​ព្រឹត្តិការណ៍​ឆ្លងសហគមន៍​២០កុម្ភៈ ​នៅមិនទាន់អាច​គ្រប់គ្រងបាន​នៅឡើយ​។​ ការស្លាប់ដោយសារ​កូវីដ-១៩ថ្មី​ នៅថ្ងៃនេះចំនួន​២ករណី​បន្ថែមទៀត​ បានធ្វើឲ្យ​ចំនួនអ្នកស្លាប់​សរុប​កើនដល់ ៧នាក់​ ក្នុងនោះ​ម្នាក់ជាជនជាតិចិន​ និង៦នាក់​ផ្សេងទៀត​ជាពលរដ្ឋខ្មែរ​។ ​នេះបើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​។

សារចូលរួមរំលែកទុក្ខទៅកាន់សាច់ញាតិអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩
សារចូលរួមរំលែកទុក្ខទៅកាន់សាច់ញាតិអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ © សហការី
ផ្សាយពាណិជ្ជកម្ម

បុរស២នាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ គឺម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន។ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ គឺជាពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺជាពិធីករសិល្បៈ ដែលធ្លាប់មានប្រវត្តិជំងឺលើសឈាម និងមានជំងឺធាត់កំរិត១ ហើយលទ្ធផលវេជ្ជសាស្ត្របង្ហាញថាបុរសរូបនេះ បានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំង។ អ្នកស្លាប់រូបនេះ ត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ។

ដោយឡែកជនជាតិចិនដែលស្លាប់ដោយសារជំងឺកូវីដដំបូងនៅក្នុងប្រទេសកម្ពុជា ត្រូវគេដឹងថាជាបុគ្គលិកបំរើការងារនៅក្នុងកាស៊ីណូ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល វ័យ៤៣ឆ្នាំ។ ក្រុមគ្រូពេទ្យបាន រកឃើញថា អ្នកជំងឺមានការរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើម ដោយសារមេរោគកូវី-១៩ វាយលុក។ អ្នកជំងឺជនជាតិចិនរូបនេះ ត្រូវបានធ្វើតេស្ត និងរកឃើញថាមានមេរោគកូវីដ-១៩ នៅថ្ងៃទី១២ខែមីនា។

មន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កន្លងទៅនេះថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល មានអ្នកជំងឺមួយចំនួន បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតាមរយៈនេះ មន្ត្រីតែងរំលឹកឲ្យពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្ន ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលឲ្យបានជាក់លាក់។

សូមរំលឹកថា ដោយសារព្រឹត្តិការណ៍ផ្ទុះការឆ្លងរាលដាលកូវីដ-១៩ សហគមន៍ ២០កុម្ភៈ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញ បានប្រកាសដាក់រាជធានីភ្នំពេញ និងខេត្តចំនួន៤ ដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩ ឲ្យជាប់កាតព្វកិច្ចពាក់ម៉ាស និងគម្លាតសុវត្ថិភាពសង្គម។ សូមរំលឹកថា ចាប់តាំងពីថ្ងៃទី១១ ខែមីនា មកទល់ថ្ងៃនេះ មានអ្នកជំងឺស្លាប់ដោយកូវីដ-១៩ សរុបចំនួន៧នាក់ ក្នុងនោះ ៥នាក់ជាបុរស និងមានជនជាតិចិនម្នាក់ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ