អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យមានការឈប់សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ តែការជួបជុំត្រូវធ្វើក្នុងលក្ខខ័ណ្ឌសុវត្ថិភាព

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ នា​ថ្ងៃ​ទី​១៤​ ១៥​ និង​១៦​ ខែ​មេសា​ខាង​មុខ​នេះ​។ តែ​យ៉ាង​ការ​ឈប់​សម្រាក​នេះ​ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធាន​សុខាភិបាល​ដែល​ធ្លាប់​មាន​មក​ ព្រោះ​ថា​កម្ពុជា​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ជា​សហគមន៍​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះនៅថ្ងៃអាទិត្យទី២១នេះ មន្រ្តីរាជការទាំងអស់នឹងអនុញ្ញាតឲ្យឈប់សម្រាកចំនួន៣ថ្ងៃ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។

ដោយឡែកបើតាមសារាចរដដែរ ចំពោះបុគ្គលិក កម្មករ និងនិយោជិត ដែលបម្រើការងារក្នុងវិស័យឯកជនវិញ អាចមានជម្រើសពីរយ៉ាងសម្រាប់ការឈប់សម្រាកនេះ។ ដោយអ្នកដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ អាចធ្វើការជ្រើសរើសយកការឈប់សម្រាកនៅចំថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចនឹងមន្រ្តីរាជការដែរ។

រីមួយជម្រើសទៀត អ្នកធ្វើការក្នុងវិស័យឯកជនអាចពិភាក្សាជាមួយថៅកែខ្លួន ដោយលើកការឈប់សម្រាកទៅពេលណាមួយខាងមុខ ឬរហូតដល់ពិធីបុណ្យភ្ជុំបិណ្ឌតែម្តង។ នេះបើតាមសារាចរណែនាំ។ ក៏ប៉ុន្តែការព្រៀមព្រៀងនេះ គឺតម្រូវឲ្យស្របទៅតាមលក្ខខ័ណ្ឌនៃច្បាប់ការងារកម្ពុជា។

យ៉ាងណាមិញ ការអនុញ្ញាតឲ្យមានការឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ បានធ្វើឡើងស្របពេលដែលកម្ពុជាកំពុងទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ជាសហគមន៍ជាលើកទី៣ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នៅទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់ធ្វើយ៉ាងណា ធានាបាននូវសុវត្ថិភាព សណ្តាប់សាធារណៈ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ឲ្យបានម៉ឺងម៉ាត់នៅតាមទីវត្តអារាម រមណីយដ្ឋាន និងទីតាំងណា ដែលមានការជួបជុំអ៊ូអរ។

ម្យ៉ាងទៀត សម្រាប់ពលរដ្ឋ រដ្ឋាភិបាលក៏បានក្រើនរំឮកពីការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយព្យាយាមកាត់បន្ថយការដើរហើរណាដែលមិនចាំបាច់ ចៀសវាងការរៀបចំពិធីសាសនា និងការជួបជុំ ដែលមានសភាពអ៊ូអរ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល នៅអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ