អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងចិនSinovac ១,៥លានដូស ហើយនឹងមកដល់កម្ពុជានៅសប្តាហ៍ក្រោយនេះ

លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ នៅព្រឹកថ្ងៃសុក្រ​នេះបាន​ប្រកាស​ឱ្យដឹងពី​ការបញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​រប​ស់ចិន​Sinovac​ ចំនួន​១,៥លាន​ដូស​សម្រាប់​ចាក់ជូន​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​ វ៉ាក់សាំងនេះ ​នឹងមកដល់​ប្រ​ទេសកម្ពុជា​នៅថ្ងៃទី​២៦ ខែមីនា ​ខណៈវ៉ាក់សាំង​Sinopharm ​ចំនួន​៤០ម៉ឺនដូស​ដែលជា​ជំនួយចិន​នឹងអាច​មកដល់​នៅមុនបុណ្យ​ចូលឆ្នាំថ្មី​ក្នុងខែក្រោយនេះ​។​ ជាមួយគ្នានេះ​ លោក​ហ៊ុន​ សែន​ ក៏បាន​ជំរុញ​ឱ្យ​ក្រុមគ្រូពេទ្យ​ពន្លឿន​ការចាក់វ៉ាក់សាំង​Astra Zeneca​ ដល់មនុស្សវ័យចាស់​នៅក្នុងរាជធានី​ភ្នំពេញផងដែរ​។

សម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ១៩ របសអង់គ្លេស
សម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ១៩ របសអង់គ្លេស © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារជាសំឡេងលើបណ្តាញសង្គមតេឡេក្រាម លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរៀបចំយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញ។ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យបញ្ឈប់ការចាក់វ៉ាក់សាំងAstra Zenecaនេះដល់មនុស្សក្រោមអាយុ៦០ឆ្នាំនៅតាមមន្ទីរពេទ្យនានាតទៅ ដើម្បីទុកលទ្ធភាពសម្រាប់មនុស្សវ័យចាស់ ដោយសារតែវ៉ាក់សាំងរបស់អង់គ្លេសផលិតនៅឥណ្ឌានេះមានចំនួនកំណត់

ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងវិញ លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានណែនាំឱ្យលោកអភិបាលរាជធានីភ្នំពេញត្រូវរៀបចំឱ្យមានមួយកន្លែងសម្រាប់ចាក់វ៉ាក់សាំងក្នុងមួយខណ្ឌៗ ដើម្បីកាត់បន្ថយកុំឱ្យមានចំនួនអ្នកទៅចាក់ច្រើនក្នុងពេលតែមួយ។ ម៉្យាងវិញទៀត អាជ្ញាធរមូលដ្ឋានត្រូវទាក់ទងទៅពួកគាត់ ដើម្បីឱ្យមកចាក់ជៀសវាងការមកព្រមៗគ្នារង់ចាំដាច់បាយដាច់ទឹក ហើយប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ផង។

គួរជម្រាបជូនថា នៅពេលនេះ ក្រសួងសុខាភិបាលកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំង២ប្រភេទដល់ប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃគឺវ៉ាក់សាំងSinopharmរបស់ចិន និងAstra Zenecaរបស់អង់គ្លេសតែផលិតនៅឥណ្ឌា។ Sinopharm គឺជាវ៉ាក់សាំងជំនួយដែលចិនផ្តល់ឱ្យ៦០ម៉ឺនដូស តែវាអស់ហើយសម្រាប់ការចាក់ដូសទី១  គឺនៅតែដូសទី២ប៉ុណ្ណោះ។ ចំ​ណែក Astra Zenecaវិញ គឺជាជំនួយវ៉ាក់សាំងតាមយន្តការកូវ៉ាក់ដែលកម្ពុជាកំពុងមានក្នុងដៃជាង៣២ម៉ឺនដូស។ នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសដែលជាការបញ្ជាទិញពីប្រទេសចិន ខណៈវ៉ាក់សាំងSinopharmដែលជាជំនួយរបស់ចិនបន្ថែមវិញនឹងមកដល់នៅក្នុងខែមេសា។

រដ្ឋាភិបាលកម្ពុជាបានកំណត់ថា វ៉ាក់សាំងSinopharmសម្រាប់ចាក់ឱ្យមនុស្សវ័យក្រោម៦០ឆ្នាំ ខណៈAstra Zenecaសម្រាប់មនុស្សវ័យចាប់៦០ឆ្នាំឡើងទៅ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងដែរថា រាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់នេះ គឺត្រូវចាក់ជនប្រជាពលរដ្ឋកម្ពុជាដោយមិនឱ្យមានការរើសអើងពីនិន្នាការនយោបាយអ្វីនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ