អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាបានរកឃើញកងទ័ពម្នាក់ឆ្លងកូវីដ១៩ ក្រោយចាក់វ៉ាក់សាំងការពារ២លើករួចមក

កងទ័ពម្នាក់​កម្ពុជា​ត្រូវបាន​រកឃើញ​ឆ្លងជំងឺ​កូវីដ១៩​ បើទោះបី​រូបគេ​បានចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់ចិន​ដល់ទៅ២ដង​រួចទៅហើយក្តី​។​ នេះបើតាម​លោក​ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជា​ការ​កងទ័ព​ជើងគោក​ដែលបាន​បញ្ជាក់​ឱ្យដឹង​កាលពី​យប់ថ្ងៃពុធ​។ ​ការឃើញឆ្លង​ជាថ្មីនេះ ​គឺ​បន្ទាប់ពី​កងទ័ព​កម្ពុជា​ម្នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩​នៅក្នុង​មន្ទីរពេទ្យ​ ក្រោយពី​ឆ្លងជំងឺ​ដ៏កាចសាហាវ​នេះក្នុងខណៈ​ដែលរូបគេ​បានចាក់វ៉ាក់សាំង​លើកទី១រួចរាល់​។

កងទ័ពកម្ពុជា (រូបតំណាង)
កងទ័ពកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

​នេះ អាចចាត់ទុកថាជាករណីទី១ហើយដែលកម្ពុជារកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារ២ដងរួចរាល់ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ ករណីឆ្លងថ្មីនេះ គឺកើតឡើងលើទាហានម្នាក់នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ។ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់លោនាយរកដ្ឋមន្រ្តីហ៊ុន សែន មិនបានលម្អិតឱ្យដឹងពីមូលហេតុដែលអាចឆ្លងដល់អ្នកចាក់វ៉ាក់សាំង២ដងរួចមកហើយនេះទេ។ 

ក៏ប៉ុន្តែ ប្រឈមនឹងការឆ្លងកូវីដ១៩ថ្មីនេះ លោកហ៊ុន ម៉ាណែត បានដាស់តឿនដល់កងទ័ពទាំងអស់ឱ្យបន្តការប្រុងប្រ​យ័ត្នឱ្យបានខ្ពស់ និងអនុវត្តវិធានការពារកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ លោកក៏បានបញ្ជាឱ្យមានការរៀបចំកន្លែ​ង​ធ្វើចត្តាឡីស័កដាច់ដោយឡែកនៅក្នុងបន្ទាយកងទ័ពសម្រាប់កងទ័ពណាដែលពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩។ លោកក៏បានបញ្ជាឱ្យរៀបចំក្រុមគ្រូពេទ្យយោធាសម្រាប់តាមដាន និងពិនិត្យពិច័យលើអ្នកត្រូវធ្វើចត្តាឡីស័កផងដែរ។

បន្ថែមពីលើលោកហ៊ុន ម៉ាណែតនេះ លោកទៀ បាញ់ ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាវិញ ក៏បានចេញមកប្រាប់ឱ្យកងទ័ពកម្ពុជាទាំងអស់បង្កើនការការពារខ្លួនឱ្យបានខ្ពស់ថែមទៀត។ លោកទៀ បាញ់ បានសង្កត់ធ្ងន់ទៅលើក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិដោយប្រាប់ឱ្យត្រូវបង្កើនការការពារពេលជួបសម្ភាសន៍ និងពេលផ្តល់ការចាក់វ៉ាក់សាំង។ ជាថ្មីម្តងទៀត លោកប្រមុខការពារជាតិកម្ពុជាក៏បានដាស់តឿនជារួមឱ្យមានការពាក់ម៉ាសឱ្យ១០០% ធ្វើអនាម័យឱ្យបានទៀតទាត់ និងរក្សាគម្លាត បើទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

គិតមកដល់ថ្ងៃទី១៧ ខែមីនា ក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm របស់ចិនលើកទី១ដល់កងកម្លាំងកម្ពុជាចំនួន១០៩,៥២៦នាក់ ខណៈចាក់លើកទី២ បានចំនួន៧១,៦១៤នាក់។ នៅពេលនេះ កម្ពុជាកំពុងរង់ចាំវ៉ាក់សាំងជំនួយចិនចំនួន៤០ម៉ឺនដូសបន្ថែមទៀតដែលនឹងមកដល់នៅខែក្រោយនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានអះអាង​ឱ្យដឹងកាលពីដើមសប្តាហ៍នេះដែរថា នៅពេលខាងមុខ កម្ពុជាក៏អាចនឹងមានលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ .លានដូសបន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ