អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អាជ្ញាធរកំពុងស្រាវជ្រាវ និងអាចអនុវត្តច្បាប់លើបុគ្គល២នាក់ ដែលរកឃើញកូវីដ១៩ ក្រោយទៅចូលរួម​ពិធី​ការ​នៅខេត្ត

នៅយប់មិញនេះ​ បុគ្គល​២នាក់​ ដែលជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ​បានធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ និង​រន្ធត់​យ៉ាងខ្លាំង​ដោ​យសារ​តែពួកគេ​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺកូវីដ១៩​ បន្ទាប់ពី​បានវិល​ត្រឡប់​មកពី​ចូលរួម​មង្គលការ​២កន្លែង នៅ​ក្នុង​ខេត្តតាកែវ​ និង​ខេត្តកំពត​។​ ពួកគេ​ទាំង២នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ ហើយ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​កំពុង​ត្រូវ​បាន​ស្រាវជ្រាវ​យកសំណា​ក​ទៅធ្វើ​តេស្ត​រកជំងឺ​កូវីដ១៩​។​ ចំពោះ​បញ្ហានេះ​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​ បានអះអាង​ឱ្យដឹងថា​ នៅពេលនេះ​ អាជ្ញាធរ​មានសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​បុគ្គល​ទាំង២នាក់​នេះហើយ​។​

ក្រុមគ្រូពេទ្យកំពុងដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាល
ក្រុមគ្រូពេទ្យកំពុងដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាល © សហការី
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទនេះ លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាបានអះអាងថា ករណីបុគ្គល២នាក់ ដែលបានទៅចូលរួមមង្គលការគេនៅឯខេត្ត ហើយក្រោយមកបានរកឃើញមានផ្ទុកជំងឺកូវីដ១៩នោះ គឺកំពុងត្រូវបានស្រាវជ្រាវពីការប្រព្រឹត្តរបស់ពួកគេហើយ។ លោកបានគូសបញ្ជាក់ខ្លីថា ករណីនេះទុកលទ្ធភាពឱ្យអាជ្ញាធរ មានសមត្ថកិច្ច និងទុកឱ្យផ្លូវច្បាប់ពិចារណាទៅតាមលក្ខខណ្ឌនៃការល្មើសរបស់ពួកគេនីមួយៗ។

ប៉ុន្តែ លោក កើត រិទ្ធ បានឆ្លៀតសង្កត់ធ្ងន់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំណត់ដាក់ពិន័យ និងដាក់ទោសទណ្ឌក្នុងពន្ធនាគារនោះ គឺបានចូលធរមាន និងអនុវត្តបានហើយតាំងពីថ្ងៃទី១២ ខែមីនា មក។

កាលពីយប់ថ្ងៃអាទិត្យ បុគ្គលពីរនាក់ ដែលរស់នៅរាជធានីភ្នំពេញ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់មែនទែនតែម្តង នៅតាមបណ្តាញសង្គមហ្វេសប៊ុកដោយសារតែពួកគេត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩។ បុគ្គលម្នាក់ឈ្មោះ កក្កដា សុភ័ណ្ឌ អតីត​សង្ឃ បានប្រកាសខ្លួនឯងថា រូបគេមានផ្ទុកជំងឺកូវីដ១៩ តែមុនរកឃើញនេះ រូបគេបានទៅចូលរួមមង្គលការគេនៅខេត្តតាកែវ ហើយតាមរូបភាព និងវីដេអូតាមហ្វេសប៊ុក គឺបុគ្គលម្នាក់នេះមិនបានពាក់ម៉ាសការពារនោះទេ។ អ្នកជាប់ពាក់ព័ន្ធនឹងបុគ្គលរូបនេះ ត្រូវបានបង្ហាញឱ្យដឹងថា​ មានប្រហែល៤០០នាក់។

ចំណែក បុគ្គលម្នាក់ទៀត គឺជាអ្នករស់នៅក្នុងខណ្ឌបឹងកេងកង ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃអា​ទិត្យដូចគ្នាដែរ។ ប៉ុន្តែ នៅពេលក្រុមគ្រូពេទ្យទៅយករូបគេទៅព្យាបាលនៅមន្ទីរពេទ្យ តែបែរជាមិនឃើញ ដោយបុគ្គលម្នាក់នេះបានធ្វើដំណើរទៅចូលរួមមង្គលការគេ នៅឯ​ស្រុក​ឈូក ក្នុងខេត្តកំពតកាលពីរសៀលថ្ងៃអាទិត្យ។ លុះវិលត្រឡប់មកវិញ បុគ្គលម្នាក់នេះ បានរួមដំណើរជាមួយមនុស្ស៥នាក់ ផ្សេងទៀត តាមរថយន្តឈ្នួលមួយគ្រឿង។ មនុស្ស៥នាក់ និងអ្នកបើករថយន្តឈ្នួលផង សុទ្ធតែត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងឱ្យធ្វើចត្តាឡីស័ក។

ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញ​ពី​ទី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែល​កំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច គឺត្រូវ​ទទួល​ពិន័យអន្តរការណ៍តាមការកំណ​ត់​នៅក្នុងអនុក្រឹត្យ។

ប៉ុន្តែ ពួកគេនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ប៉ុន្តែច្បាប់នេះ ក៏បើកផ្លូវឱ្យពួកគេទទួលបានការសម្រាល ឬលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ បើសិនពួកគេសហការជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលានោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ