អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរក្រុងភ្នំពេញត្រៀមដើមឈើ១០ម៉ឺនដើមសម្រាប់ដាំបង្កើតជាឧទ្យានធម្មជាតិទំហំ៧៥ហិកតានៅបឹងតាមោក

សាលា​រាជធានីភ្នំពេញ​បាន​ត្រៀម​កូន​ឈើ​ប្រមាណ​ជា​១០​ម៉ឺន​ដើម​រួចរាល់​ហើយ​ ដើម្បី​យក​ទៅ​ដាំ​លើ​ផ្ទៃ​ទំហំ​៧៥​ហិកតា​បង្កើត​ជា​សួន​ និង​ឧទ្យាន​ជាតិ​បែប​ធម្មជាតិ​នៅ​បឹងតាមោក​។ កូនឈើ​ទាំង​នេះ​ ត្រូវ​បាន​លោក​ឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ​បង្ហាញ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃសៅរ៍​ ម្សិលមិញ​នេះ​។ តាម​គម្រោង​ ឧទ្យាន​នេះ​នឹង​ត្រូវ​សាងសង់​ឱ្យ​ចេញ​ជា​រូបរាង​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣​ ប៉ុន្តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​គម្រោង​នេះ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ទៅ​វិញ​។

កូនឈើប្រមាណជា១០ម៉ឺនដើមត្រៀមដាំលើផ្ទៃដីទំហំ៧៥ហិកតាបង្កើតជាសួន និងឧទ្យានជាតិបែបធម្មជាតិនៅបឹងតាមោក
កូនឈើប្រមាណជា១០ម៉ឺនដើមត្រៀមដាំលើផ្ទៃដីទំហំ៧៥ហិកតាបង្កើតជាសួន និងឧទ្យានជាតិបែបធម្មជាតិនៅបឹងតាមោក © FB
ផ្សាយពាណិជ្ជកម្ម

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា ភាពមិនច្បាស់លាស់នៃកាលបរិច្ឆេទលេចចេញជារូបរាងនៃសួន និងឧទ្យានជាតិបែបធម្មជាតិនៅបឹងតាមោកនេះ គឺដោយសារការបន្តរីករាលដាលឥតឈប់ឈរនៃជំងឺកូវីដ១៩នៅកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាបានបង្វែរកញ្ចប់ថវិកាដែលគ្រោងចំណា​យទៅលើការបង្កើតសួន និងឧទ្យានធម្មជាតិនៅបឹងតាមោកនេះទៅប្រើ​ប្រាស់លើភាពចាំបាច់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

ទោះជាបែបនេះក្តី លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា លោកបានព័ទ្ធ និងចាក់ដីបានជិតគ្រប់ទំហំផ្ទៃដីសម្រាប់សាងសង់សួន និងឧទ្យានធម្មជាតិហើយ ពោល គឺនៅក្នុងអំឡុងចុងខែមេសា ខាងមុខនេះ អាចនឹងព័ទ្ធបានគ្រប់ចំនួនផ្ទៃដី៧៥ហិកតានៅលើបឹងតាមោក។ មិនតែប៉ុណ្ណោះ បើតាមលោកឃួង ស្រេង អាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមកូនឈើដល់ទៅ១០ម៉ឺនដើមរួចរាល់ហើយដែរសម្រាប់ដាំបង្កើតជាសួន និងឧទ្យានជាតិបែបធម្មជាតិនេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ បានសម្រេចយល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ទំហំ៥ ​ហិកតា​ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់ឱ្យសាលារាជធានីភ្នំពេញ ដើម្បីរៀបចំ​បង្កើតជា​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការកាត់ផ្ទៃដីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកាត់ផ្ទៃដីមួយចំនួនរួចទៅហើយប្រគល់ទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននាពេលកន្លងមក។

ការកាត់ផ្ទៃដីបឹងតាមោកជាបន្តបន្ទាប់នេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ ពួកគេមើលឃើញថា ការលុបបឹងតាមោកនេះ នឹងបង្កើតឱ្យមានទឹកជំនន់ជន់លិចទីក្រុងភ្នំពេញជាមិនខាន។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការកាត់ផ្ទៃដីបឹងតាមោកនេះ គឺជារឿងចាំបាច់ និងក៏បានគិតគូរច្បាស់លាស់ហើយដែរ។ បឹងតាមោកមានទំហំ​សរុប​ចំនួន ៣.ពាន់​ហិកតា លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន សង្កាត់​ចំនួន​ និង​ភូមិ​ចំនួន​ ២៥។ បច្ចុប្បន្ន​នេះ​ផ្ទៃ​បឹង​ទំហំ​ជាង​៥រយ​ហិកតា​ហើយ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ