អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-អឺរ៉ាស៊ាន មានភាពលំបាកជាងកិច្ចព្រមព្រៀងផ្សេង

ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ FTA ​រវាង​កម្ពុជា ​និង​បណ្តា​ប្រទេស​នៅ​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ាន​ អាច​មាន​ភាព​លំបាក​ជាង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ ដែល​កម្ពុជា​ធ្លាប់​បាន​សម្រេច​ជាមួយ​ចិន​ និង​កូរ៉េ​ខាងត្បូង​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ ថុល ណារ៉ា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី១៤​មីនា​នេះ​។

ការជួបពិភាក្សាតាមប្រព័ន្ធអនឡាញរវាងភាគីកម្ពុជានិងគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលពីថ្ងៃទី១០មីនា ដើម្បីឈានដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA
ការជួបពិភាក្សាតាមប្រព័ន្ធអនឡាញរវាងភាគីកម្ពុជានិងគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលពីថ្ងៃទី១០មីនា ដើម្បីឈានដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA © FB
ផ្សាយពាណិជ្ជកម្ម

ការចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី FTA រវាងកម្ពុជា និងបណ្តាប្រទេសទាំង៥នៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន អាចនឹងជួបការលំបាកច្រើនសម្រាប់ភាគីទាំងសងខាង ព្រោះថាបណ្តាប្រទេសទាំង៥ រួមមាន រុស្ស៊ី បេឡារុស អាមេនី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន មាននីតិពាណិជ្ជកម្មខុសៗគ្នា និងការវាយតម្លៃលើផលចំណេញខុសៗគ្នា។ ការចរចានេះ មានលក្ខណៈស្មុគស្មាញខុសពីការចរចាកិច្ចព្រមព្រៀងដែលកម្ពុជាធ្លាប់សម្រេចបានកន្លងមក ជាមួយភាគីចិន និងភាគីកូរ៉េខាងត្បូង ដែលជាកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ។ ម្យ៉ាងវិញសម្រាប់ភាគីកម្ពុជា ក៏ត្រូវសិក្សាមើលថា អាចនាំចេញអ្វីបានខ្លះទៅបណ្តាប្រទេសទាំង៥នោះ។ នេះជាការគូសបញ្ជាក់របស់លោក ថុល ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យ ទី​១៤​មីនា​នេះ។

បើតាមលោក ថុល ណារ៉ា ការរាលដាលនៃជំងឺកូវីដ១៩ជាការរាលដាលសកលដែលបង្អាក់ការជួបប្រជុំរវាងភាគីទាំងសងខាងនាពេលកន្លងមកជាបន្តបន្ទាប់ ក៏ប៉ុន្តែយ៉ាងណា ភាគីកម្ពុជាក៏បានបញ្ចប់នូវរបាយការណ៍សិក្សារបស់ខ្លួន និងរង់ចាំការវាយតម្លៃត្រលប់មកវិញពីភាគីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន មុននឹងឈានដល់ការបើកចរចាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងអឹរ៉ាស៊ាន។

គិតមកដល់ពេលនេះ កម្ពុជាបានជួបប្រជុំជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចំនួន៣លើករួចមកហើយ ដោយការពិភាក្សាចុងក្រោយបានធ្វើឡើងកាលពីថ្ងៃទី១០មីនា ក្នុងគោលបំណងពិនិត្យលើនីតិគយពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ាស៊ានដល់កម្ពុជា ព្រមទាំងនីតិចរចាជុំវិញកិច្ចព្រមព្រៀង FTA នេះផងដែរ ក៏ប៉ុន្តែលោក ថុល ណារ៉ា ថាកម្ពុជាមិនទាន់អាចសន្មតបានទេថា ភាគីទាំងពីរនឹងអាចបើកកិច្ចចរចា FTA នៅពេលណាបាននៅឡើយ។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី សម្រេចបានបានក្នុងរង្វង់ទឹកប្រាក់ ៦៧លានដុល្លារអាមេរិក ដោយផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ាស៊ាន មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងអង្ករ និងនាំចូលមកកម្ពុជាវិញ មានដូចជា ត្បូងមិនទាន់ច្នៃ ជីកសិកម្ម ចំណីសត្វ ត្រាក់ទ័រកសិកម្ម ក្រដាស និងឱសថ។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាសម្រេចបានជោគជ័យលើការចរចាកិច្ចព្រៀងព្រមពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចំនួនពីររួចមកហើយ។ ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន កាលពីថ្ងៃទី១២តុលា២០២០ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា កូរ៉េខាងត្បូង ដែលនឹងត្រូវ​ចុះហត្ថលេខា​នៅអំឡុងខែមិថុនាឆ្នាំ២០២១នេះ ក្រោយបញ្ចប់ការចរចាកាលពីថ្ងៃទី០៣កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ