អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ភ្នំពេញជាទីតាំងប្រឈមខ្ពស់នឹងការឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី

ទីក្រុង​ភ្នំពេញ​ជា​ទីតាំង​មួយ​ត្រូវ​បាន​កំណត់​សញ្ញាណ​ថា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​រាលដាល​នូវ​វីរុស​កូវីដ១៩​បម្លែង​ខ្លួន​ថ្មី​ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​វីរុស​កូវីដ១៩​ដែល​ធ្លាប់​ឆ្លង​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។ នេះ​បើ​តាម​លោកស្រី​ ឱ វណ្ណឌីន ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​។ លោក​ស្រី​បន្ត​ថា វីរុស​កូវីដ១៩​បម្លែង​ថ្មី​នេះ​ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​វីរុស​កូវីដ១៩​ដែល​ធ្លាប់​រក​ឃើញ​នៅ​កម្ពុជា​ពេល​កន្លង​មក​។

កម្មការីរោងចក្រពាក់ម៉ាសទិញម្ហូបអាហារក្រោយចេញពីធ្វើការ
កម្មការីរោងចក្រពាក់ម៉ាសទិញម្ហូបអាហារក្រោយចេញពីធ្វើការ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

វីរុសកូវីដ១៩បម្លែងថ្មី កំពុងចរាចរនៅក្នុងប្រទេសកម្ពុជា ជាពិសេសចរាចរយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងរាលដាលបន្តទៅបណ្តាខេត្តមួយចំនួនទៀត។ នេះជាការគូសបញ្ជាក់របស់លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ។

បើតាមអ្នកនាំពាក្យ វីរុសកូវីដ១៩បម្លែងថ្មីនេះ មានសភាពធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ដែលធ្លាប់រកឃើញនៅកម្ពុជាពេលកន្លងមក។ ដោយវីរុសកូវីដ១៩បម្លែងថ្មី មានលទ្ធភាពក្នុងការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតមានសភាពលឿន និងជាការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការរកឃើញក្នុងចំនួនតួលេខអ្នកឆ្លងកូវីដ១៩ច្រើនជាប្រចាំថ្ងៃ និងមានករណីស្លាប់បុរសជនជាតិខ្មែរម្នាក់កាលពីថ្ងៃទី១១មីនា ក៏ដោយសារតែវីរុសបម្លែងខ្លួនថ្មីនេះដែរ។

ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩កាន់តែមានចំនួនច្រើន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសៅរ៍​ទី​១៣​មីនា​នេះ បានអំពាវនាវដល់​ប្រជាពលរដ្ឋកុំឲ្យមានការចល័តចេញពីលំនៅឋានខ្លួន ប្រសិនបើមិនមានលក្ខខណ្ឌចាំបាច់ណាមួយ។ បើតាមសារជាសម្លេងរបស់លោកនាយករដ្ឋមន្រ្តី បញ្ហាដែលប្រឈមធំសម្រាប់កម្ពុជានៅពេលនេះ គឺការមិនទាន់រកឃើញថា វីរុសកូវីដ១៩កំពុងរាលដាលនៅទីតាំងណាខ្លះនៅឡើយ។

នៅថ្ងៃសៅរ៍ទី១៣មីនានេះដែរ ក្រសួងសុខាភិបាលក៏បានបង្ហាញពីចំនួនអ្នកវិជ្ជមានកូវីដ១៩បម្លែងខ្លួនថ្មីមានចំនួន១២នាក់ ដែលឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈការបំបែកបន្តនូវលទ្ធផលដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ដែរថា នៅក្នុងបរិបទនេះ ពិធីជួបជុំមួយចំនួន ដូចជាការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងគួរណាពន្យាពេលមួយរយៈ ដើម្បីធ្វើយ៉ាងកាត់ផ្តាច់ចរន្តឆ្លងជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា រយៈពេល២២ថ្ងៃក្រោយមានផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៣មីនានេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩នៅក្នុងព្រឹត្តិការណ៍នេះ រហូតដល់៧៥១នាក់ និងមានអ្នកស្លាប់ម្នាក់។ ហើយជាតួលេខសរុបគិតដល់ពេលនេះ កម្ពុជាមានការរកឃើញអ្នកឆ្លងជំងកូវីដ១៩ទាំងអស់ចំនួន១២៦៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ