អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ក្រសួងការពារជាតិបញ្ចេញពេទ្យយោធា៣០០នាក់ជួយពេទ្យស៊ីវិលព្យាបាលអ្នកជំងឺកូវីដ១៩ដែលកើនឡើងឥតឈប់ឈរ

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​កម្ពុជា​បានបន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៣៩​នាក់​ថែមទៀត​ ដោយនៅ​ភ្នំពេញ​ចំនួន​២២នាក់​ ខេត្តកណ្តាល​៩នាក់​ ខេត្ត​ព្រះសីហនុ​ម្នាក់​ ខេត្តព្រៃវែង​៦នាក់ ​និង​ខេត្តបាត់ដំបង​ម្នាក់​។ ​ប៉ុន្តែ​ ក៏បាន​ព្យាបាល​ជាសះស្បើយ​បន្ថែម​ចំនួន​៤៨​នាក់ទៀតផង​ដែរ​។ ​ប្រឈម​នឹងការ​កើនឡើង​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ឥតឈប់ឈរ​នេះ ​ក្រសួង​ការពារជាតិ​កម្ពុជា​បានសម្រេច​បញ្ចេញ​ក្រុមគ្រូពេទ្យ​យោធា​ចំនួន​៣០០​នាក់​ឱ្យមក​ចូលរួម​ជាមួយ​ក្រុមគ្រូពេទ្យ​ស៊ីវិល ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​។

ក្រសួងការពារជាតិនៃកម្ពុជា
ក្រសួងការពារជាតិនៃកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិកម្ពុជាបានបញ្ចេញក្រុមគ្រូយោធា៣០ក្រុមដែលមានចំនួន៣០០នាក់ឱ្យចាប់ដៃគ្នាជាមួយក្រុមគ្រូពេ​ទ្យ​ស៊ីវិល ដើម្បីព្យាបាល និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ការបញ្ចេញពេទ្យយោធានេះ ធ្វើឡើងតាមបញ្ជាឱ្យរប​ស់លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន បន្ទាប់ពីអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងយ៉ាងគំហុកទាំងនៅរាជធានីភ្នំពេញ​ និងបណ្តាខេត្តមួយចំនួនទៀតរបស់កម្ពុជា។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ការបញ្ចេញពេទ្យយោធានេះ គឺដោយសារតែក្រុមគ្រូពេទ្យស៊ីវិលមានការនឿយហត់នឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងមួយផ្នែកទៀត ពួកគេ គឺគ្រូពេទ្យសម្រាប់ព្យាបាលជំងឺផ្សេងៗដែលមិនឆ្លើយតបទៅនឹងការកើនឡើងនៃអ្នកជំងឺកូវីដ១៩។

បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពេទ្យយោធាទាំង៣០០នាក់ គឺត្រូវគ្រប់គ្រង និងចាត់ចែងដោយមេបញ្ជាការកងទ័ពជើងគោក ប៉ុន្តែ ពួកគេចាំបាច់ត្រូវបំពាក់ឧបករណ៍បរិក្ខារផ្សេងៗសម្រាប់ការងារព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្រាន់ពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគេឱ្យដូចទៅនឹងការទទួលបានរបស់ក្រុមគ្រូពេទ្យស៊ីវិលផងដែរ។

ក្រៅពីការបញ្ចេញពេទ្យយោធា៣០០នាក់នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោករកសណ្ឋាគារ២ទៀត ដើម្បីត្រៀមធ្វើជាកន្លែងព្យាបាលបន្ថែមទៀតសម្រាប់ទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្រ្តីចង់បានសណ្ឋាគារដែលមានបន្ទប់២០០បន្ទប់ ឬលើសពីនេះ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន៤កន្លែង គឺមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅ ពេទ្យរុស្ស៊ី មណ្ឌលសុខភាពចាក់អង្រែ និងសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ។ សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ ឬអតីតកុងទីណុងតាល់នេះ គឺរៀបចំជាកន្លែងព្យាបាលដោយផ្ទេរអ្នកជំងឺកូវីដ១៩ពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។ បន្ថែមលើនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានបន្ថែមកន្លែងព្យាបាលចំនួន២បន្ថែមទៀត គឺសណ្ឋាគារសុខាភ្នំពេញ និង វិទ្យាល័យបុរី១០០ខ្នង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ