អានតួអត្ថបទ
កម្ពុជា-ច្បាប់

សន្តិសុខដែលដោះលែងស្រ្តីចិនពីកន្លែងធ្វើចត្តាឡីស័កកំពុងប្រឈមមុខនឹងជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ

បុរស​សន្តិសុខ​ម្នាក់​ដែលបាន​ជួយ​ឱ្យ​ស្រ្តី​ជនជាតិ​ចិន​រត់ចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​សុខា ​កាលពី​ម្សិលមិញ​នេះ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ចេត​នា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹង​កន្លែងតាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ បើតាម​ច្បាប់នេះ ​គឺ​បុរស​សន្តិសុខ​រូបនេះ​អាច​ប្រឈមមុខ​នឹងការ​ជាប់ពន្ធនាគារ​ពី១​ខែ​ ទៅ១ ​ឆ្នាំ​ និង​រងពិន័យ​ជាទឹកប្រាក់​១​សែន​រៀល ទៅ​២​លាន​រៀល ។

បុរសជាសន្តិសុខដែលបានជួយឱ្យស្រ្តីជនជាតិចិនរត់ចេញពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា
បុរសជាសន្តិសុខដែលបានជួយឱ្យស្រ្តីជនជាតិចិនរត់ចេញពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា © FB
ផ្សាយពាណិជ្ជកម្ម

បុរសសន្តិសុខរូបនេះ គឺជាមនុស្សដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអាជ្ញាធរប្រើប្រាស់វិធានការច្បាប់ ដោ​យសារតែបានជួយឱ្យស្រ្តីជនជាតិចិន៤នាក់រត់ចេញពីការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសុខា រាជធានីភ្នំពេញ។ បន្តមកទៀត ស្រ្តីជនជាតិចិនទាំងនេះបាននាំជំងឺកូវីដ១៩ទៅចម្លងដល់ជនជាតិចិន វៀតណាម កម្ពុជា និងម៉ាឡេស៊ីជាដើម បង្កើតបានជាព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍២០កុម្ភៈដែលកំពុងរាលដាលខ្លាំងនាពេលនេះ។ នៅពេលនេះ បុរសន្តិសុខរូបនេះ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគាររង់ចាំការបើកសវនាការកាត់ក្តីនាពេលខាងមុខ។

លោកគុជ គឹមឡុង អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅពេលនេះ តុលាការបានចាត់ការតែលើសន្តិសុខម្នាក់សិន  រីឯអ្នកពាក់ព័ន្ធដទៃទៀតនឹងចាត់ការជាបន្តបន្ទាប់តាមក្រោយ។ បុរសសន្តិសុខរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបគេបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តរកមិនឃើញឆ្លងជំងឺកូវីដ១៩។ រូបគេត្រូវបានតុលាការចោទប្រកាន់ពីបទ​ចេត​នា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែងតាមមាត្រា៤២នៃច្បាប់ស្តីពីការគ្រប់គ្រង​គ្រោះមហន្តរាយ​។ តាមមាត្រានេះ សន្តិសុខរូបនេះអាចប្រឈមនឹងការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទី​១​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​២​លាន​រៀល​។   

គួរបញ្ជាក់ថា ការអនុវត្តច្បាប់លើបុរសសន្តិសុខនេះ ធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌កំពុងបង្កើតច្បាប់ថ្មីសម្រាប់ដាក់ទោសទណ្ឌទៅលើអ្នកដែលបំពានវិធានការពារជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីយប់ថ្ងៃចន្ទ បានជំរុញឱ្យធ្វើសេចក្តីព្រាងច្បាប់ស្តីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះឱ្យបានលឿន និងជាបន្ទាន់ ដើម្បីគ្រប់គ្រប់ស្ថានការណ៍ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតមានចំនួន៦ជំពូក និង១៧មាត្រា។ ច្បាប់នេះ នឹងដាក់ទោសអ្នកដែលបំពានវិធានការពារការចម្លងជំងឺកូវីដ១៩ចន្លោះពី៦ខែ​រហូតដល់២០ឆ្នាំទៅតាមទម្រង់នៃការប្រព្រឹត្តបទល្មើស។ ចំណែក ការពិន័យជាទឹកប្រាក់វិញ គឺចន្លោះពី១លានរៀលរហូតដល់ទៅ២០លានរៀលឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ