អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការសិទ្ធិមនុស្ស៖ការបោះឆ្នោតនៅឆ្នាំក្រោយ គួរតែបើកចំហរឱ្យមានការចូលរួមពីគ្រប់ភាគីនយោបាយ

អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅកម្ពុជា​នៅព្រឹក​ថ្ងៃចន្ទ​នេះ​ បានអះអាងថា​ ការបោះឆ្នោត​ឆ្នាំ​២០២២​ ក៏​ដូចជា​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​ ខាងមុខ​ គួរតែ​ជាការបោះឆ្នោត​ ដែល​ទទួលស្គាល់​ថា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ តម្លាភាព​ និង​យុត្តិធម៌​។ ​ការបោះឆ្នោត​បែបនេះ​អាច​កើតឡើង ​គឺ​លុះត្រាតែ​មានការ​ចូលរួម​ពីគ្រប់​ភាគី​នយោបាយ​ ជាពិសេស​ គឺ​អតីត​គណបក្ស​សង្រ្គោះជាតិ​។ ​ការអះអាង​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​នេះ ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​៥ ​ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទនៃ​​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ អាណត្តិ​ទី​

លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបោះឆ្នោតនៅពេលខាងមុខ គឺគេមិនអាចទាយទុកមុនបានឡើយថា មានហេតុការណ៍អ្វីនឹងកើតឡើងនោះ។ នេះ ក៏ព្រោះថា ការកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺស្របពេលដែលបញ្ហានយោបាយនៅកម្ពុជាមិនទាន់បញ្ចប់ និងចំពេលដែលជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

ទោះជាបែបនេះក្តី លោកស្រីអះអាងថា ការបោះឆ្នោត គឺគួរតែផ្តល់ភាពអំណោយផលដល់គ្រប់ភាគីនយោបាយ ជាពិសេស អតីតបក្សប្រឆាំង អាចចូលរួមបាន ដើម្បីឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងទទួលបានការទទួលស្គាល់។

ចំណែក លោកអំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូវិញ បានវាយតម្លៃថាការបោះឆ្នោតតាមកាលកំណត់នាពេលខាងមុខនេះ គឺអតីតគណបក្សសង្រ្គោះជាតិប្រហែលជាមិនអាចចូលរួមបានទេដោ​យសារតែសំណុំរឿងថ្នាក់ដឹកនាំកំពូលនៃអតីតបក្សនេះមិនទាន់បានបញ្ចប់ ខណៈថ្នាក់ដឹកនាំដទៃទៀតត្រូវបានចោទប្រកាន់ និងកាត់ទោសជាបន្តបន្ទាប់។

បើតាមលោកអំ សំអាត បើសំណុំរឿងលោក កឹម សុខា ប្រធានអតីតបក្សប្រឆាំងមិនទាន់បញ្ចប់ ហើយការបោះឆ្នោតនៅតែធ្វើតាមការគ្រោងទុកនោះ គឺនឹងរងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិមិនខាន។ សម្រាប់លោកអំ សំអាត ដដែល បញ្ហាដែលត្រូវដោះស្រាយនៅចំពោះមុខ គឺការពន្លឿនសវនាការកាត់ក្តីសំណុំរឿងលោកកឹម សុខា និង ការចរចាផ្សះផ្សាផ្នែកនយោបាយ។

រដ្ឋាភិបាល​កម្ពុជា​បានសម្រេចកំណត់​យក​ថ្ងៃទី​៥ ​ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី​។ ការកំណត់នេះ ធ្វើឡើងបន្ទាប់ពីតុលាការកម្ពុជាកាត់ទោសកំបាំងមុខលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃអតីតគណបក្សសង្រ្គោះជាតិ ឱ្យជាប់ពន្ធនាគារពី២០ ទៅ២៥ឆ្នាំ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬឧបឃាត។ ជាមួយគ្នានេះ តុលាការកម្ពុជាក៏បានសម្រេចដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតថែមទៀតផង។

ការកំណត់យក​ថ្ងៃទី​៥ ​ខែ​មិថុនា ឆ្នាំ​២០២២ ក៏ធ្វើឡើងចំពេលដែលសវនាការសំណុំរឿងលោកកឹម សុខា កំពុងត្រូវបានផ្អាកដោយមិនកំណត់ពេលព្រោះតែជំងឺកូវីដ១៩។ ចំពោះបញ្ហានេះ លោកកឹម សុខា មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេតាមរយៈក្រុមមេធាវី។ ប៉ុន្តែ កូនស្រីលោកកឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់បានអះអាងពីគោលជំហររបស់លោក កឹម សុខា ថា រូបលោកនឹងមិនទៅណាឡើយ ហើយលោកមានបំណងចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ