អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រៀមខ្លួនចាក់វ៉ាក់សាំងការពារកូវីដ១៩

មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​បើក​ភ្លើង​ខៀវ​ ឱ្យ​កម្មករ​ប្រមូល​សំរាម ​អ្នក​រត់​តាក់ស៊ី​ ម៉ូតូ​កង់បី​ និង​ម៉ូតូ​ឌុប​ ដែល​ជា​ក្រុម​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩​ ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ដោយ​ស្ម័គ្រចិត្ត​រួចមក​ អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ត្រៀម​ខ្លួន​ទៅ​ទទួល​វ៉ាក់សាំង​។ ​ប៉ុន្តែ​ទន្ទឹម​នឹង​ការស្មគ្រ័ចិត្ត​នេះ ​ពួកគេ​ក៏​រង់ចាំ​ផងដែរ​ ការ​ផ្តល់ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​នីតិ​វិធី​នៃ​ការចាក់​វ៉ាក់សាំង​នេះ​។

សកម្មភាពអ្នករត់ម៉ូតូឌុបដឹកអីវ៉ាន់
សកម្មភាពអ្នករត់ម៉ូតូឌុបដឹកអីវ៉ាន់ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោកវ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសាទរចំពោះចំណាត់ការ និងការយកចិត្តទុកដាក់ពីរដ្ឋាភិបាល លើអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩។

អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅទទួលវ៉ាក់សាំង ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានការព្រួយបារម្ភផងដែរលើបំរាម និងលក្ខខណ្ឌចំនួន១៤ចំនុច មុននឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ព្រោះអាចនឹងមានអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បើទោះជាស្ម័គ្រចិត្តហើយ ក៏មិនអាចចាក់វ៉ាក់សាំងបានដែរ ព្រោះតែមានជំងឺប្រចាំកាយដូចជាជំងឺអាឡាក់ស៊ី ជំងឺរ៉ាំរៃ បញ្ហាតម្រងនោម ឬទឹកនោមផ្អែមជាដើម។

ជាការគូសបញ្ជាក់បន្ថែម លោកវ៉ន ពៅ មើលឃើញថា  ការជូនដំណឹងរបស់ក្រសួងសុខាភិបាល ទើបតែបាន១ថ្ងៃ ដូចនេះ លោកមិនអាចបញ្ជាក់ពីចំនួនអ្នកទៅចាក់វ៉ាក់សាំងពិតប្រាកដ និងជាក់លាក់នោះទេ គឺត្រូវរង់ចាំការជូនដំណឹងជាក់លាក់បន្ថែមទៀតពីក្រសួង ដើម្បីឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទៅចាក់វ៉ាក់សាំងគ្រប់គ្នា គេចផុតពីការឆ្លងជំងឺកូវដ១៩។

សូមរម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលម៉ិញ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រៀបចំ​កម្មវិធី​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូន​ដល់​កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប។

បន្ទាប់ពីកិច្ចប្រជុំនេះ ក្រសួងសុខាភិបាលបានចេញជូនដំណឹង និងបានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ គណៈកម្មការភូមិ ឃុំ សង្កាត់ រៀបចំចាត់ចែង ប្រមូលកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តចាប់ពីថ្ងៃនេះទៅ។ បន្ថែមលើនេះ កម្មករប្រមូលសំរាមអាចស្វែងរកការចាក់វ៉ាក់សាំងនេះខ្លួនឯងបាន នៅមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកដង្កោ  មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ  មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ  មន្ទីរពេទ្យបង្អែកពោធិចិនតុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ