អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អនុគណៈកម្មការគ្រប់គ្រងសន្ដិសុខត្រូវបានបង្កើតឡើង បន្ទាប់ពីមានករណីរត់គេចពីកន្លែងចត្តាឡីស័ក

ក្រសួង​សុខាភិបាល ​កាល​ពី​ម្សិលមិញ​ បាន​សម្រេច​បង្កើត​អនុគណៈ​កម្មការ​គ្រប់គ្រង​សន្ដិសុខ ​និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ ​និង​តំបន់​ចត្តាឡីស័ក ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​។ ការ​បង្កើត​អនុ​គណៈ​កម្មការ​នេះ​គឺ​បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​​រត់​គេច​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ ដូចជា​ នៅ​​រាជធានីភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ​និង​ខេត្ត​ឧត្តរមានជ័យ​ជា​ដើម ​កាល​ពីពេល​កន្លង​ទៅ​។

វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង)
វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង) REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្ដីសម្រេចរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក គឺជាប្រធាននៃអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

អនុគណៈកម្មការនេះ​ ត្រូវ​អមដោយអនុប្រធានអចិន្ដ្រៃយ៍១រូប គឺនាយឧត្តម​សេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង​កងយុទ្ធពល​ខេមរភូមិន្ទ។ ជាមួយគ្នានោះក៏មានអនុប្រធាន៤រូបទៀត ​រួម​មាន​ នាយឧត្តម​សេនីយ៍ កែវ វណ្ណថន អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ឧត្តម​សេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការ​រង​នគបាលជាតិ លោក ហ៊ុន ចំរើន រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល​ និង លោក ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច។

ចំណែក ​សមាជិក៨រូបទៀតគឺ មានម្នាក់ជាមេបញ្ជាការរង​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ម្នាក់ជាអភិបាលរង​រាជធានីភ្នំពេញ ម្នាក់ជាអភិបាលរង​ខេត្ត​ព្រះ​សីហនុ ម្នាក់ជា​អភិបាលរងខេត្ត​សៀមរាប ម្នាក់ជា​អភិបាលរង​ខេត្ត​បាត់​ដំបង ម្នាក់​ជា​អភិបាលរងខេត្តបន្ទាយមានជ័យ និងម្នាក់ជា​​អភិបាលរងខេត្តឧត្តរ​មានជ័យ។

សម្រាប់តួនាទី និងភារកិច្ច របស់​អនុគណៈកម្មការនេះ គឺគ្រប់គ្រងការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅ​តំបន់ចត្តាឡីស័ក ត្រៀមបម្រុងកម្លាំងអន្ដរាគមន៍ ករណីមានតម្រូវការចាំបាច់ ដោយសហការជាមួយអាជ្ញាធពាក់ព័ន្ធ និងគ្រប់គ្រងទិន្នន័យអ្នកធ្វើចត្តាឡីស័កជាដើម។

ជាការកត់សំគាល់ ការ​បង្កើតអនុគណៈកម្មការនេះគឺធ្វើ​ឡើងបន្ទាប់ពីមានមនុស្សមួយចំនួន​​រត់គេច​ចេញ​ពីកន្លែង​ចត្តាឡីស័ក។​

​កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីវ័យក្មេងម្នាក់ បានរត់តាមសង្សាររបស់ខ្លួនចេញពីមណ្ឌលចត្តាឡីស័កមួយកន្លែងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ក៏មានបុរសវ័យ៣០ឆ្នាំម្នាក់ទៀតបានរត់ចេញពីមណ្ឌលចត្តាឡីស័កក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ខណៈនៅភ្នំពេញ​ក៏មានករណី​សន្តិសុខ​សណ្ឋាគារមួយ​បានជួយ​សម្រួល​ឲ្យ​ស្ត្រី​ជនជាតិ​​ចិន​ជាច្រើននាក់ចាកចេញ​ពីកន្លែង​ចត្តាឡីស័ក​ នៅមុនពេល​កើតមានព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

បើតាម​រដ្ឋាភិបាលកម្ពុជា សម្រាប់​ជនបរទេស​ដែល​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក ឬមិនសហការ គឺត្រូវ​បណ្តេញ​ចេញ​ពីប្រទេស​ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​វិញ​ឡើយ ខណៈ​ជនជាតិ​ខ្មែរ​នឹង​ត្រូវ​ពិន័យ​ជាប្រាក់​រហូត​ដល់​៥០​លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ