អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ក្រសួងសុខាភិបាលនឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយមិនគិតថ្លៃដល់ជនបរទេសដែលកំពុងស្នាក់នៅកម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​បានប្រកាស​ឱ្យដឹង​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ ​និង​បំពេញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ជនបរទេស​ទាំងអស់​នេះ ​នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​ដោយ​មិន​គិត​ថ្លៃ។​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ក្រសួង​ការបរទេស ​និង​ក្រសួងសុខាភិបាល​កម្ពុជា​មិនទាន់​បង្ហាញ​ឱ្យដឹង​លម្អិត​បន្ថែម​ពាក់ព័ន្ធ​នឹង​កាលបរិច្ឆេទ​ លក្ខខណ្ឌ ​និង​នីតិវិធី​នៃ​ការ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​នេះ​នៅឡើយ​នោះ​ទេ​។

ការចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជានាពេលកន្លងទៅ
ការចាក់វ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជានាពេលកន្លងទៅ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយជាភាសាអង់គ្លេសកាលពីថ្ងៃពុធ ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងដល់ស្ថានបេសកកម្មការទូត និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅក្នុងរាជធានីភ្នំពេញថា គ្រប់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយមិនគិតថ្លៃ។ បើតាមក្រសួងការបរទេសកម្ពុជា ការផ្តល់ការចាក់វ៉ាក់សាំងនេះ គឺស្របទៅតាមផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា សេចក្តីប្រកាសព័ត៌មាននេះ គឺជាការជូនដំណឹងបឋមអំពីគម្រោងផ្តល់វ៉ាក់សាំងដល់ជនបរទេសនៅកម្ពុជា។ ចំពោះនីតិវិធីលម្អិត រួមទាំងកាលបរិច្ឆេទនៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩វិញ  លោកកុយ គួង មិនបញ្ជាក់ឱ្យដឹងនោះទេ ដោយថា ជាកិច្ចការរបស់ក្រសួងសុខាភិបាលកម្ពុជា។ ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃនេះ មិនទាន់អាចទាក់ទង ដើម្បីទទួលបានការពន្យល់បន្ថែមបាននៅឡើយទេ។

យ៉ាងណាក៏ដោយ ភ្លាមៗក្រោយការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានេះ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាឯណោះវិញបានជូនដំណឹងនេះបន្តទៅកាន់មន្រ្តី និងប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងនៅក្នុងប្រទេសកម្ពុជាតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូត។ ស្ថានទូតអូស្រ្តាលី បានយកខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាមកបង្ហាញឡើងវិញ ប៉ុន្តែបានគូសបញ្ជាក់ថា ស្ថានទូតកំពុងបន្តតាមដាន និងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលទទួលបានអ្វីដែលវិវត្តន៍ថ្មីៗចុងក្រោយ។

ជាការកត់សម្គាល់ គម្រោងផ្តល់ការចាក់វ៉ាក់សាំងដល់ជនបរទេសនេះ ធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលកម្ពុជាកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិនដល់មន្រ្តីរាជការស៊ីវិល និងយោធា និងអ្នកសារព័ត៌មានកម្ពុជាដែលជាគោលដៅអាទិភាព។ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី២៤ ខែកុម្ភៈ អ្នកដែលមកចាក់វ៉ាក់សាំងមានចំនួន១ម៉ឺន២ពាន់៤៤២នាក់ មានស្រី៤ពាន់៥២២នាក់។ ប៉ុន្តែអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់មាន១ម៉ឺន០ពាន់១១៥នាក់ មានស្រី៣ពាន់២៩១នាក់ ខណៈអ្នកមិនអនុញ្ញាតឱ្យចាក់មាន២ពាន់៣២៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ