អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ការឆ្លងកូវីដ១៩ក្នុងសហគមន៍បានរាលដាលដល់ខេត្តព្រះសីហនុហើយតាមរយៈស្រ្តីចិន២នាក់ទៅពីភ្នំពេញ

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការរកឃើញ​អ្នកឆ្លងជំងឺ​កូវីដ១៩​ថ្មី​៤០​នាក់​បន្ថែម​ទៀត​នៅ​កម្ពុជា​។ ​ក្នុងនោះ​ ៣៨​នាក់​ គឺ​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ និង​២​នាក់​ទៀត​ ជា​ករណី​នាំ​ចូល​។ ​ក្នុង​ចំណោម​អ្នកឆ្លង​ថ្មី​ទាំងនេះ ​គឺ​២​នាក់​ជា​ស្រ្តី​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​ភា្លមៗ​ រដ្ឋបាល​ខេត្តព្រះសីហនុ​បាន​បញ្ជា​ឱ្យ​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​សណ្ឋាគារ​២​ដែល​ជនជាតិចិន​ទាំង​២​នេះ​បាន​ស្នាក់​នៅ ​និង​ បាន​អំពាវនាវ​ឱ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ទាំងអស់​មក​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​។

ទីតាំងមួយនៅក្នុងខេត្តព្រះស៊ីហនុ
ទីតាំងមួយនៅក្នុងខេត្តព្រះស៊ីហនុ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ ព្រឹត្តិការណ៍២០កុម្ភៈបានរាលដាលទៅដល់ខេត្តព្រះសីហនុហើយ គឺជនជាតិចិន២នាក់ត្រូវបានអាជ្ញាធរសុខាភិបាលខេត្តនេះរកឃើញថា បានឆ្លងជំងឺកូវីដ១៩។ រដ្ឋបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃពុធនេះ បានបង្ហាញឱ្យដឹងថា ជនជាតិចិនជាស្រ្តីទាំង២នាក់នេះ គឺម្នាក់មានអាយុ៣៥ឆ្នាំ និងម្នាក់ទៀតអាយុ២២ឆ្នាំ។ ពួកគេបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១៦  និង ថ្ងៃទី២០ ខែកុម្ភៈ។ បច្ចុប្បន្ននេះ ពួកគេទាំង២ត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហ​នុ។

ប្រឈមមុខនឹងបញ្ហាឆ្លងរាលដាលនេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាឱ្យបិទសណ្ឋាគារ២ គឺសណា្ឋគារហ័ងហ្គ័នជាយឺ និងសណ្ឋាគារជីនប៉ីទាំង៣សាខា រួមទាំងអាគារស្នាក់នៅរួមរបស់បុគ្គលិករបស់ក្រុមហ៊ុនជីនប៉ីជាបណ្តោះអាសន្ន។ ការឈានទៅបិទនេះ គឺដោយសារជនជាតិចិនដែលឆ្លងជំងឺកូវីដ១៩បានទៅស្នាក់នៅក្នុងសណ្ឋាគារទាំង២នេះ។ ជាមួយនឹងការបិទបណ្តោះអាសន្ន លោកគួច ចំរើន ក៏បានបញ្ជាមិនឱ្យអ្នកដែលស្នាក់នៅក្នុងទីតាំងទាំងនេះចាកចេញទៅក្រៅ និងមិនឱ្យអ្នកក្រៅចូលទៅក្នុងនោះឡើយ។ លោកបានប្រាប់ឱ្យពួកគេទាំងអស់ ត្រូវយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា និង ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។

បន្ថែមលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកធ្លាប់ចេញចូលសណ្ឋាគារជីនប៉ីទាំង៣សាខា និងអាគារស្នាក់នៅរួមរបស់បុគ្គលិកចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ និងសណា្ឋគារហ័ងហ្គ័នជាយឺចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈឱ្យមកជួបក្រុមគ្រូពេទ្យប្រចាំការនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យតេជោសែនកម្មករ ដើម្បីយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។ លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានទាក់ទង និងប៉ះពាល់ជាមួយជនជាតិចិនទាំង២ឱ្យធ្វើមកតេស្តរកជំងឺកូវីដ១៩ដូចគ្នាផងដែរ។

សូមកត់សម្គាល់ថា ខេត្តព្រះសីហនុ គឺជាខេត្តមួយបន្ថែមទៀតដែលចាប់ផ្តើមទទួលរងនូវការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ បន្តពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នៅក្នុងកាលៈទេសៈនេះ លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានចេញមកអំពាវនាវឱ្យសាធារណជនទាំងអស់ត្រូវស្វែងរកព័ត៌មានពីប្រភពផ្លូវការ ដើម្បីជៀវាងការទទួលបាននូវព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩នេះនៅក្នុងខេត្តព្រះសីហនុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ