អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការលើកសវនាការសកម្មជនអតីតបក្សប្រឆាំងទៅបន្តធ្វើនៅសប្តាហ៍ក្រោយ តែមេធាវីថានឹងប៉ះពាល់ដល់សិទ្ធិកូនក្តី

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ នេះ ​បាន​បន្ត​បើក​សវនាការ​សំណុំរឿង​រួម​គំនិត​ក្បត់​ និង​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​លើ​សកម្មជន​អតីត​គណបក្សសង្គ្រោះជាតិ​។ ​សវនាការ​ពេញ​មួយ​ព្រឹក​នេះ ​មិន​មាន​ការសម្រេច​ជា​ផ្លូវការ​អ្វី​នៅ​ឡើយ​ទេ ​ដោយ​តុលាការ​ប្រកាស​បន្ត​សវនាការ​នេះ​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ខាង​មុខ​។ ​ចំពោះ​បញ្ហា​នេះ ​មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា ​ការ​បន្លាយ​ពេល​បន្ត​ទៀត​របស់​តុលាការ​នេះ ​គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​យុត្តិធម៌​របស់​ជន​ជាប់​ចោទ​។

ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវដឹកយកមកកាត់ទោស
ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវដឹកយកមកកាត់ទោស AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោកសំ សុគង់ មេធាវីការពារក្តីសកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅក្រោយសវនាការនៅព្រឹកនេះថា ការបន្លាយពេលវេលាបន្ថែមទៀតរបស់តុលាការនៅក្នុងសំណុំរឿងនេះ គឺពិតជាប៉ះពាល់ដល់សក​ម្មជនអតីតបក្សប្រឆាំងជាប្រាកដ។ ការប៉ះពាល់នេះ គឺមាន២សណ្ឋាន ទី១ ប៉ះពាល់ជនជាប់ចោទដែលកំពុងឃុំនៅក្នុងពន្ធនាគារដែលជាការបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគេ។ ទី២ គឺប៉ះពាល់ផងដែរដល់អ្នកដែលនៅខាងក្រៅឃុំ ដោយពួកគេមិនស្រឡះអារម្មណ៍ ព្រោះនៅមិនទាន់ដឹងថាមានទោស ឬយ៉ាងណា ។ ម្យ៉ាងវិញទៀត ក៏ប៉ះពាល់ដល់ការប្រកបរបររកស៊ីរបស់ពួកគេផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី សំ សុគង់។ ដូច្នេះហើយលោកមេធាវីចង់ឱ្យតុលាការបើកការជំនុំជម្រះឱ្យបានលឿនលើសំណុំរឿងនេះ។

តាមគម្រោងសវនាការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គឺតុលាការត្រូវសួរនាំទៅលើសកម្មជនអតីតបក្សសង្រ្គោះជាតិចំនួន៤រូបបន្ថែមទៀត ប៉ុន្តែសួរបានតែ២រូបប៉ុណ្ណោះ ខណៈ២រូបទៀតបានអវត្តមានដោយសារមានបញ្ហាសុខភាព។ តុលាការបានសួរនាំអ្នកទាំង២ពីសកម្មភាពរបស់ពួកគេដែលបានទៅចូលរួមវគ្គបណ្តុះបណ្តាលមួយនៅក្នុងប្រទេសម៉ាឡេស៊ីដែលនៅទីនោះ គឺពួកគេបានជួបជាមួយថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ។ សំណួររបស់ចៅក្រមជំនុំជម្រះក៏បានផ្តោតលើគម្រោងរបស់ពួកគេទៅទទួលមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងពាក់ព័ន្ធនឹងការប្រមូលកម្លាំងទៅទទួលលោកសម រង្ស៊ីនេះ។

សូមបញ្ជាក់ថា សវនាការនៅថ្ងៃនេះ គឺបន្តពីសវនាការកាលពីថ្ងៃទី២៨ មករា ដែលបន្តរដឹកគ្នាពីសវនាការថ្ងៃទី០៤ មករា ឆ្នាំ២០២១ និងបន្តពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សកម្មជនអតីតបក្សប្រឆាំងចំនួន៥៩នាក់បានជាប់ពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្នុងចំណោមសកម្មជនទាំងនេះ មាន២នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ លោកមេធាវីសំ សុគង់ បានបង្ហាញឱ្យដឹងថា សកម្មជនទាំង៥៩នាក់នេះ គឺភាគច្រើនពួកគេកំពុងស្នាក់នៅក្រៅប្រទេស ហើយតុលាការគ្រោងនឹងសួរនាំពួកគេឱ្យបានទាំងអស់គ្នា។

សូមជម្រាបជូនដែរថា ក្រៅពីសកម្មជនទាំង៥៩នាក់នេះ ថ្នាក់ដឹកនាំកំពូល មន្រ្តី និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់អតីតគណបក្សសង្រ្គោះជាតិជាច្រើននាក់ទៀតក៏រងនូវការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះផងដែរ។ ប៉ុន្តែ ពួកគេទាំងអស់នេះ នឹងត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញបើកសវនាការដាច់ឡែកមួយទៀតនៅថ្ងៃទី០៤ ខែមីនាខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ