អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីតបក្សប្រឆាំងកម្ពុជាប្រកាស«ឈរជាមួយពលរដ្ឋភូមា»ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា

លោកស្រី​មួរ សុខហួរ​ អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​យប់​មិញ​នេះ ​បាន​ចេញ​មក​ប្រកាស​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ភូមា​ដែល​កំពុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​ប្រឆាំង​នឹង​ក្រុម​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​អ៊ុងសាន សូជី ​ប្រធាន​គណបក្ស​ប្រឆាំង​ភូមា​ជាប់​ឆ្នោត​។ ​សម្រាប់​លោកស្រី​មួរ សុខហួរ​ អតីត​បក្ស​ប្រឆាំង​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នៅ​ភូមា​បាន​ឡើយ​។ ​ប៉ុន្តែ​ គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ បាន​អះអាង​ថា ​លោកស្រី​មួរ សុខហួរ ​មិន​ត្រូវ​ទាញ​ខ្លួន​ឯង​ទៅ​ភ្ជាប់​នឹង​បញ្ហា​លោកស្រី​អ៊ុងសាន សូជី​ទេ ​ព្រោះ​អី​ខុសគ្នា​ដូច​មេឃ​ និង​ដី​។​

លោកស្រីមួរ សុខហួរ និងលោកស្រីអ៊ុងសាន ស៊ូជី
លោកស្រីមួរ សុខហួរ និងលោកស្រីអ៊ុងសាន ស៊ូជី © FB
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងវីដេឃ្លីបផ្សាយផ្ទាល់ជាងកន្លះម៉ោង លោកស្រីមួរ សុខហួរ ពីក្រៅប្រទេស បានអះអាងថា ការគាំទ្រដល់ប្រជាពលរដ្ឋភូមានេះ គឺវាជាសិទ្ធិ និងកាតព្វកិច្ចរបស់អតីតគណបក្សសង្រ្គោះជាតិក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដទៃទៀតដែលធ្វើឡើងក្នុងនាមជាពលរដ្ឋអាស៊ាន។ សម្រាប់លោកស្រីមួរ សុខហួរ អតីតគណបក្សប្រឆាំងត្រូវរួមសាមគ្គីជាមួយប្រជា​ពលរដ្ឋ និងអ្នកប្រជាធិបតេយ្យភូមា ដើម្បីជំរុញឱ្យប្រទេសនេះមានស្ថិរភាពនយោបាយ និងសង្គមឡើងវិញជៀសផុតពីរបបគ្រ​ប់គ្រងបែបយោធា។ ជាមួយគ្នានេះ លោកស្រីមួរ សុខហួរ ក៏បានប្រកាសលើកម្រាមដៃ៣នៅជាមួយពលរដ្ឋភូមា និងទាម​ទារឱ្យមានការដោះលែងលោកស្រីអ៊ុងសាន សូជីឡើងវិញ។

ក៏ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការណ៍ដែលលោកស្រីមួរ សុខហួរនិយាយពីរឿងនៅភូមានេះ គឺដោយសារតែលោកស្រីបានបរាជ័យអំពីរឿងនៅក្នុងប្រទេសកម្ពុជា។ តែទោះជាបែបនេះក្តី លោកសុខ ឥសាន បានប្រាប់លោកស្រីមួរ សុខហួរ កុំឱ្យយកខ្លួនឯងទៅប្រៀបប្រៀបនឹងលោកស្រីអ៊ុងសាន សូជី ព្រោះលោកស្រីអ៊ុងសាន សូជី សុខចិត្តជាប់ឃុំ២០ឆ្នាំ តែលោកស្រីមួរ សុខហូរវិញ បានរត់ចោលស្រុកដោយខ្លាចជាប់គុក។  

ចំណែក លោកបណ្ឌិ​តគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជាវិញក៏យល់បែបនេះដែរថា លោកស្រីមួរ សុខហួរ មិនគួរយកករណីខ្លួនឯងទៅប្រៀបធៀបនឹងលោកស្រីអ៊ុងសាន សូជីទេ ព្រោះលោកស្រីអ៊ុងសាន សូជី ជាអ្នកឈ្នះការបោះឆ្នោត និងមិនដែលរត់ចោលស្រុកម្តងណាឡើយ។ បន្ថែមលើនេះ លោកបានហៅលោកស្រីមួរ សុខហួរថាជាអ្នកនយោបាយឱកាសនិយម ព្រោះលោកស្រីតែងតែប្រជ្រៀតខ្លួនចូលទៅគាំទ្រការតវ៉ានានាមិនថាតែនៅភូមានេះទេ តែក៏នៅហុងកុង និងប្រទេសថៃដែរ។ លោកបានអះអាងថា ការប្រកាសរបស់លោកស្រីមួរ សុខហួរនេះ គឺគ្រាន់តែសំឡេងប្រឆាំងមួយប៉ុណ្ណោះ មិនមែនជាសំឡេងតំណាងឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជានោះឡើយ។

ដោយឡែក លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ លោកយល់ថា ការប្រកាសគាំទ្ររបស់លោកស្រីមួរ សុខហួរចំពោះពលរដ្ឋភូមានេះ គឺជាសិទ្ធិ និងសេរីភាព។ ប៉ុន្តែ លោកក៏យល់ថា ការប្រកាសគាំទ្រនេះ គឺអតីតបក្សប្រឆាំងគិតថា វានឹងជះឥទ្ធិពលវិជ្ជមានដល់ដំណើរការទាមទារការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា និងជាការផ្តល់កម្លាំងចិត្តដល់អ្នកប្រជាធិបតេយ្យ ដូចជាអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដោយប្រយោលផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ