អានតួអត្ថបទ
កម្ពុជា-សង្គម

គណៈកម្មការស៊ីហ្គេមកំពុងដាក់ស្នើសុំការផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមកីឡាករប្រមាណ១០០០នាក់

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​កំពុង​ដាក់​ស្នើ​សុំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​ដល់​ក្រុម​កីឡាករ​ ដែល​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ចុង​ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​។ ជា​ជំហាន​ដំបូង​ គណៈកម្មាធិការ​ថា​ ពួកគេ​កំពុង​ដាក់​ស្នើ​សុំ​វ៉ាក់សាំង​ ដើម្បី​ចាក់​ជូន​ក្រុម​កីឡាករ​ប្រមាណ​ជាង​១០០០​នាក់​។

បេក្ខជនកម្ពុជាដែលបានចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩
បេក្ខជនកម្ពុជាដែលបានចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ © REUTERS
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គណៈកម្មាការបាននឹងកំពុងដាក់លិខិតស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំផ្តល់អាទិភាពវ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ក្រុមកីឡាករ និងអត្តពលិក ដែលត្រៀមខ្លួនសម្រាប់ចូលរួមការប្រកួតស៊ីហ្គេមនៅចុងឆ្នាំ២០២១នេះ និងការប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

បើតាមលោក វ៉ាត់ ចំរើន គណៈកម្មាធិការបានដាក់ស្នើសុំវ៉ាក់សាំងដើម្បីចាក់ជូនក្រុមកីឡាករប្រមាណ១០៥១នាក់ បូករួមក្រុមកីឡាជម្រើសជាតិ គ្រូបង្វឹកផ្ទាល់ និងក្រុមមន្រ្តីបច្ចេកទេសដែលចាំបាច់។ ការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមកីឡាករនៅពេលនេះ នឹងអាចធ្វើឲ្យពួកគេមានស្មារតី និងចិត្តសាស្រ្តល្អក្នុងការហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមកដល់ ព្រោះថាការហ្វឹកហាត់មួយចំនួនទាមទារឲ្យចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលជាហានិភ័យមួយសម្រាប់ក្រុមកីឡាករប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ នេះបើតាមលោក វ៉ាត់ ចំរើន។

យ៉ាងណាមិញ នៅក្នុងបរិបទនៃជំងឺកូវីដ១៩នេះ លោក វ៉ាត់ ចំរើន ក៏បានលើកឡើងថា ស្ថានភាពសុខភាព ព្រមទាំងការហ្វឹកហាត់របស់ក្រុមកីឡាករនៅតែបន្តជាប្រក្រតី។ ជាប្រក្រតីដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ចំពោះការប្រកួតស៊ីហ្គេមនៅចុងឆ្នាំ២០២១នេះ។ បន្ថែមពីនេះ លោកថា ការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២១នេះគឺពិតជាសំខាន់សម្រាប់កម្ពុជា ព្រោះថាការត្រៀមខ្លួនបានល្អនឹងមិនធ្វើឲ្យកម្ពុជាជួបបញ្ហាច្រើនសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការរៀបចំការប្រកួតស៊ីហ្គេមនេះត្រូវធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង។ នៅឆ្នាំ២០២១នេះ ការប្រកួតស៊ីហ្គេមនឹងធ្វើឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃទី២ធ្នូ ហើយនៅឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជាលក្ខណៈអាស៊ាននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ