អានតួអត្ថបទ
កម្ពុជា-សង្គមស៊ីវិល

ក្រុមអង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា ដាក់ញត្តិនិងថ្កោលទោសចំពោះរដ្ឋប្រហារនៅភូមា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​  និង​សហជីព​ចំនួន​៦០​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ នេះ​ បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​មីយ៉ាន់ម៉ា​ ក្នុង​ក្រុង​ភ្នំពេញ ​ដើម្បី​ដាក់​ញ្ញត្តិ​បង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​រដ្ឋ​ប្រហារ​យោធា​ និង​សំដែង​នូវ​ការ​គាំទ្រ​ដល់​ ពលរដ្ឋ​ភូមា​ ដែល​កំពុង​ទាមទារ​នូវ​សេរីភាព ​និង​លំហរ​ប្រជាធិបតេយ្យ​របស់​ពួកគេ​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា​ក្រុម​សង្គមស៊ីវិល ​មិន​បាន​យល់​ពី​គោលការណ៍​អាស៊ាន​ ដែល​រក្សា​ជំហរ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​។

ក្រុមអង្គការសង្គមស៊ីវិល  និងសហជីពចំនួន៦០នៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានជួបជុំគ្នានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងភ្នំពេញ
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពចំនួន៦០នៅកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានជួបជុំគ្នានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងភ្នំពេញ © Facebook/Von Pov
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែលបានចូលរួមដាក់ញ្ញត្តិដែរនោះ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ ខែកុម្ភៈ ថា ញ្ញត្តិ ដែលក្រុមអង្គការសង្គមស៊ីវិល និងសហជីពបានដាក់នាពេលនេះ មានគោលដៅ​ទាមទារឲ្យមានការដោះលែង លោកស្រី អ៊ុង សាន ស៊ូជី ជាប្រមុខរដ្ឋភូមា, មន្ត្រី, និងសកម្មជនមួយចំនួន ដែលបង្ហាញជំហរប្រឆាំងនឹងរដ្ឋប្រហារក្នុងប្រទេសនេះ។

បើតាមលោកស្រី ចក់ សុភាព ញ្ញតិ្តខាងលើនេះ ក៏មានគោលដៅ បង្ហាញការគាំទ្រដល់ពលរដ្ឋភូមា ដែលកំពុង ប្រឆាំងទៅនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេស និងចង់ឃើញលំហរប្រជាធិបតេយ្យត្រឡប់មកវិញ។

វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានទេ។ ប៉ុន្តែ

​លោក​ ផៃ​ ​ស៊ី​ផា​ន​ ​ដែល​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ។ ម្យ៉ាងទៀត លោកបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលនឹងមិនធ្វើបែបនេះទេ ប្រសិនបើពួកគេបានយល់ពីគោលការណ៍របស់អាស៊ាន ដែលមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។

លោក ផៃ ស៊ីផាន ក៏បញ្ជាក់ដែរថា អ្វីដែលក្រុមអង្គការសង្គមស៊ីវិលចែងនៅក្នុងលក្ខន្តិកៈ​របស់ខ្លួន ដែលថាមិនលូកលាន់កិច្ចការនយោបាយនោះ ពេលនេះពួកគាត់បានរំលោភលើលក្ខន្តិកៈ​ នេះរួចទៅហើយ។ លោកចាត់ទុកថានេះជារឿងគួរឲ្យអាម៉ាស់។

សូមជម្រាបជូនថា ​បន្ទាប់ពីរដ្ឋប្រហារទម្លាក់​រដ្ឋាភិបាលស៊ីវីល កាលពីថ្ងៃទី០១ ខែកុម្ភៈ​​ តុលាការ​ភូមា​បាន​ប្រកាស​ឃុំ​ឃាំង​លោកស្រី​ អតីត​ទីប្រឹក្សា​រដ្ឋ អ៊ុង សាន ស៊ូជី ជា​បណ្តោះ​អាសន្ន។ អាជ្ញាធរ​ភូមា​ថ្មី បាន​ចោទ​ប្រកាន់​លោកស្រី អ៊ុងសានស៊ូជី ​ពី​បទ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម។ នេះ​បើ​តាមការ​អះអាង​របស់​អ្នក​នាំ​ពាក្យ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃពុធ​ទី ៣​កុម្ភៈ២០២១។ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលនេះដែរ ​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការ​ថ្កោល​ទោស និងដាក់ទណ្ឌកម្មប្រទេសនេះ​ ខណៈដែលប្រជាជនបាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​របប​សឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ