អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក​ហ៊ុន សែន ប្រកាស​ឲ្យ​កូន​ៗ សាច់​ញាតិ ​និង​​រដ្ឋមន្ត្រី​​ទាំង​អស់ ចាក់​​វ៉ាក់​​សាំង​​​​កូវីដ​​​របស់​​​ចិន​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី ៧​ខែ​កុម្ភៈ​នេះថា លោក​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ៗ​ទាំង​អស់​របស់​លោក និង​រដ្ឋមន្ត្រី ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ឯ​ទៀត ដែល​គ្រប់​លក្ខខណ្ឌ ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ របស់​ចិន​។ បើ​តាម​លោក​ហ៊ុន សែន ការណ៍​នេះ ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ស៊ីណូហ្វាម “Sinopharm” របស់​ចិន ខណៈ​ដែល​លោក​មិន​អាច​ចាក់​បាន ព្រោះ​មាន​អាយុលើស ៦០​ឆ្នាំ​ទៅ​ហើយ​។ 

លោកវ៉ាង វែនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់វ៉ាក់សាំង របស់មន្ទីរពិសោធន៍​ Sinopharm។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ៧ កុម្ភៈ ២០២១
លោកវ៉ាង វែនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់វ៉ាក់សាំង របស់មន្ទីរពិសោធន៍​ Sinopharm។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ៧ កុម្ភៈ ២០២១ AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្នុង​អំឡុង​សន្និសីទ​កាសែត​ស្តី​ពី​ការ​ទទួល​យក​វ៉ាក់​សាំង​ប្រឆាំង​កូវីដ ១៩ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ចំនួន ៦០​ម៉ឺន​ដូស​ដំបូង នៅ​ល្ងាច​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន អះអាង​ថា លោក​ជឿជាក់​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង Sinopharm របស់​ចិន​នេះ​។​ ការជឿ​ជាក់​នេះ បើ​តាម​លោក​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ថា​វ៉ាក់​សាំង​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ និង​ប្រើ​ប្រាស់​ដោយ​ប្រទេស​ចំនួន ១៦​នៅ​លើ​ពិភពលោក​រួច​ទៅ​ហើយ​។

លោក​ហ៊ុន សែន អះអាង​ថា ទោះ​ជា​លោក​មិន​អាច​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ហាញ​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​បាន ដោយ​សារ​តែ​លោក​មាន​វ័យ​លើស ៦០​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​លោក​នឹង​ឲ្យ​ក្រុម​គ្រួសារ សាច់​ញាតិ និង​មន្ត្រីជាន់​ខ្ពស់ រាប់​ពី​ថ្នាក់​រដ្ឋមន្ត្រី ប្រមុខ​ដឹកនាំ​កងទ័ព​ទាំង​អស់ ដែល​មាន​សុខភាព​ស្រប​ទៅ​តាម​​លក្ខខណ្ឌ​ ឲ្យ​ទៅ​ចាក់​វ៉ាក់​សាំង​នេះ​គ្រប់ៗ​គ្នា​។

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ចំនួន​៦០​ម៉ឺន​ដូស​នា​ពេល​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​មាន​មហិច្ឆតា​ស្វះ​ស្វែង​រក​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​បន្ថែម​ទៀត ដើម្បី​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន៨០​% ឬ​ស្មើ​នឹង​​ជាង​១៣​លាន​នាក់។

សូម​ជម្រាប​ជូន​ថា វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់ចិន ឈ្មោះ Sinopharm អាច​ចាក់​បាន​តែ​ទៅ​លើ​មនុស្ស ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៥៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ហើយ​មនុស្ស​ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន រួម​មាន អ្នក​មាន​តិច​ជាង ១៨​ឆ្នាំ ឬ អាយុ​លើស​ពី ៦០​ឆ្នាំ​។​ អ្នក​មាន​អាការៈ​ជំងឺ​ដូច​ជា ក្តៅ​ខ្លួន មានជំងឺ​ផ្លូវ​ដង្ហើម ឬ ជំងឺ​ហឺត មាន​ជំងឺ​រុំារ៉ៃ អាឡាក់ស៊ី មាន​ជំងឺ​ថ្លើម តម្រង់​នោម​ធ្ងន់ធ្ងរ ឬ លើស​ឈាម ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ក្នុង​រយៈពេល​បំបៅ​ដោះ ឬ ស្ត្រី​មាន​ផែន​ការ​ពរពោះ​ក្នុង​រយៈពេល ៣​ខែ​។

ដោយ​ឡែក អ្នក​មាន​ជំងឺ ប្រកាច់ ឆ្កួត​ជ្រូក សរសៃ​ប្រសាទ ឬ រលាក​ស្រោម​ខួរ ឬ ក៏​មាន​ជំងឺ​តំណ​ពូជ​ជា​ដើម ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​។ ជាមួយគ្នា អ្នក​ដែល​ពិនិត្យ​ឃើញ​មាន​ជំងឺ​កង្វះ​ភាព​ផ្សាំ​ពី​កំណើត ឬ ជំងឺឆ្លង HIV មហារីក​កូន​កណ្តុរ ឈាម​ស ជំងឺ​ភាព​សុំា មហារីក​ដុំ​សាច់ ឬ មាន​ប្រវត្តិ​ឆ្លង​ជំងឺ​កូវីដ ក៏​មិន​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន​ដែរ​។

គួរ​កត់​សម្គាល់​ថា កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ទី ៣ ក្នុង​តំបន់​អាស៊ាន ដែល​បាន​ទទួល​វ៉ាក់​សាំង​ប្រឆាំង​កូវីដ១៩​។ សិង្ហបុរី ជា​ប្រទេស​ដំបូង​នៅ​អាស៊ាន ដែល​ចេញ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​មុន​គេ ដោយ​ទទួល​យក​ពី​ក្រុម​ហ៊ុន​របស់​ប្រទេស​អង់គ្លេស ខណៈ​ឥណ្ឌូនេស៊ី ជា​ប្រទេស​ទី ២ ដែល​យក​វ៉ាក់សាំង​ពី​ចិន និង​ទី ៣​គឺ​កម្ពុជា ដែល​ទទួល​ចាក់​វ៉ាក់​សាំង​របស់​ចិន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ