អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ

ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ខាង​មុខ​។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​ទី​០៥​ខែ​កុម្ភៈ​ តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក។ ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ចំនួន​៦០​ម៉ឺន​ដូស នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​០៧​ខែ​កុម្ភៈ​ចុង​សប្ដាហ៍​នេះ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​ឆ្នាំ​ក្រោយ​រង​ការ​លុក​លុយ​ពី​ជំងឺ​កូវីដ​១៩ នៅ​ទី​បំផុត​ទៅ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​ចាក់​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន​៦០​ម៉ឺន​ដូស ដែល​វ៉ាក់សាំង​ទាំង​នេះ​ជា​ជំនួយ​ពី​ប្រទេស​ចិន​​។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ​នេះ​ថា បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​រួច កម្ពុជា​នឹង​ចាប់​ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​ទី​១០​ខែ​កុម្ភៈ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដោយ​លោក​និង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​កម្ពុជាដទៃ​ទៀត​នឹង​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ លើក​លែង​តែ​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​រាល់​ហើយ​។

គួររំឭក​ជូន​បន្តិច​ថា វ៉ាក់សាំង​ដែល​ប្រទេស​ចិន​ផ្ដល់​ជា​ជំនួយ​មក​ដល់​កម្ពុជា​នា​ពេល​នេះ មាន​ឈ្មោះ​ថា ស៊ីណូហ្វាម Sinopharm។ ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៤​ខែ​កុម្ភៈ បាន​ចេញ​លិខិត​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង Sinopharm Covid-19 ដែល​ផលិត​ដោយ​វិទ្យាស្ថាន Beijing Institute of Biological Products Co.,Ltd នៃ​ប្រទេស​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​បន្ទាន់ ដោយ​អនុវត្ត​តាម​ពិធីសារ​ស្ដី​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​របស់​រាជរដ្ឋាភិបាល​។

ចំពោះ​វ៉ាក់សាំង​នេះ​ទៀត​សោត កម្ពុជា​បាន​រៀបចំទីតាំង​ចំនួន​ពីរដើម្បី​រក្សា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស គឺ​មួយ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ជា​ទីតាំង​របស់​ក្រសួង​ការពារ​ជាតិ​ និង​មួយ​ទៀតនៅ​​ឃ្លាំង​ឱសថ​កណ្ដាល​ចោមចៅ​ដែល​ជា​ទីតាំង​របស់​ក្រសួង​សុខាភិបាល​។

ជា​ការ​កត់​សម្គាល់ កម្ពុជា​គឺ​ជា​ប្រទេស​ដំបូង​គេ​ទី​៣​នៅ​ក្នុងតំបន់​អាស៊ាន​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន បន្ទាប់​ពី​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌូនេស៊ី​។ ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ គឺជា​ទំនិញ​យុទ្ធសាស្ត្រ ហើយ​ការ​ចាក់វ៉ាក់សាំង​នេះ នឹងអាច​ផ្ដល់​ជំនឿ​ចិត្ត​ដល់​អ្នក​វិនិយោគ ដោយ​មិន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​គ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​កាស​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ