អានតួអត្ថបទ
កម្ពុជា-សង្គម

លោកហ៊ុន សែន៖លោកង្វៀន ហ្វ៊ូចុងនឹងជួយពង្រឹងទំនាក់ទំនងCPPនិងបក្សកុំម្មុយនីស្តវៀតណាមឱ្យកាន់តែស៊ីជម្រៅ

នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ម្សិលមិញ​នេះ​ បាន​សរសេរ​លិខិត​អបអរសាទរ​ទៅ​កាន់​លោក​ង្វៀន ហ្វ៊ូចុង ​ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ជា​ថ្មី​ជា​អគ្គលេខាធិការ​គណបក្ស​កុំម្មុយនីស្ត​វៀតណាម​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​កន្លង​ទៅ​។ ចំពោះ​ការ​ជ្រើសរើស​លោក​ង្វៀន ហ្វ៊ូចុង​ជា​ថ្មី​នេះ​ លោក​នាយរកដ្ឋមន្រ្តី​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​កុំម្មុយនីស្ត​វៀតណាម​នឹង​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។

លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន AP - Duc Thanh
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងលិខិតអបអរសាទរទៅកាន់លោកង្វៀន ហ្វ៊ូចុង លោកហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការជ្រើសរើសរូបលោកង្វៀន ហ្វ៊ូចុងធ្វើជាអគ្គលេខាធិការគណបក្សកុំម្មុយនីស្តវៀតណាមជាថ្មីនេះ គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់បក្ស និងប្រជាជនវៀតណាមទៅលើសមត្ថភាពដឹកនាំរបស់លោក។ និយាយទាក់ទងជាមួយកម្ពុជាវិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំជាថ្មីរបស់លោកង្វៀន ហ្វ៊ូចុងនេះ ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងទំនាក់ទំនងដ៏ជិតស្និតរវាងគណបក្សប្រជាជនកម្ពុជា និង បក្សកុំម្មុយនីស្តវៀតណាមនឹងត្រូវបានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

លោកង្វៀន ហ្វ៊ូចុង ត្រូវបានគណបក្សកុំម្មុយនីស្តវៀតណាមជ្រើសរើសជាថ្មីជាអគ្គលេខាធិការគណបក្សនៅក្នុងមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ មុនមហាន្និបាតនេះចាប់ផ្តើម ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅកម្ពុជាតាមរយៈសារព័ត៌មានវៀតណាមបានស្នើឱ្យថ្នាក់ដឹកនាំរបស់ខ្លួននៅក្នុងមហាសន្និបាតនេះជួយធ្វើយ៉ាងណាឱ្យពួកគេបានរស់នៅស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំបែបនេះ មែនទែនទៅក៏ធ្លាប់ត្រូវបានថ្នាក់ដឹកនាំវៀតណាមស្នើសុំជារើយៗមកថ្នាក់ដឹកនាំកម្ពុជា ជាពិសេសស្នើឱ្យជួយមើលថែកូនចៅវៀតណាមនៅកម្ពុជា។ ឯថ្នាក់ដឹកនាំកម្ពុជាក៏យល់ព្រម ប៉ុន្តែច្បាប់អន្តោប្រវេសន៍ក៏នៅតែអនុវត្តផងដែរ។

សូមកត់សម្គាល់ថា បន្ទាប់ពីចូលមករស់នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋវៀតណាមក៏បានព្យាយាមវិវត្តខ្លួនឱ្យស្របនឹងបរិបទសង្គមកម្ពុជាតាមរយៈការសិក្សាភាសាខ្មែរ និងការអប់រំផ្សេងៗទៀត។ កាលពីថ្ងៃទី២៥ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមបានបើកវគ្គសិក្សាភាសាខ្មែរមានរយៈពេល៣ខែដល់កូនចៅវៀតណាមនៅក្នុងខេត្តព្រះសីហនុ ។ វគ្គសិក្សាបែបនេះ ក៏បានរៀបចំនៅខេត្តកំពត និងបន្តទៅខេត្តកែប កោះកុង កំពង់ស្ពឺ និងតាកែវ ហើយបើជោគជ័យ វគ្គសិក្សាបែបនេះនឹងត្រូវបើកនៅទូទាំងប្រទេសកម្ពុជា។ អគ្គកុងស៊ុលវៀតណាមលោក Vu Ngoc Ly បានអះអាងថា វគ្គសិក្សានេះមានបំណងផ្តល់ការគាំទ្រដល់ជនជាតិវៀតណាមនៅកម្ពុជា ដើម្បីទទួលបានសញ្ជាតិកម្ពុជា។

ដោយឡែក គិតមកដល់ពេលនេះ សិស្សនិស្សិតជនជាតិវៀតណាមប្រមាណ៦,៥០០នាក់កំពុងសិក្សានៅក្នុងសាលារដ្ឋរបស់កម្ពុជា ដែលចំនួននេះ គឺកើនឡើង៤០%បើប្រៀបធៀបនឹងកាលពី២ឆ្នាំមុន។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា។ តាមស្ថានទូតវៀតណាមដដែល ការបញ្ជូនកូនចៅវៀតណាមទៅរៀននៅសាលារដ្ឋកម្ពុជានេះ គឺដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងសង្គមកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ