អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសម រង្ស៊ី សុំអាមេរិកជួយឱ្យបានចូលរួមការបោះឆ្នោតខាងមុខ តែបក្សកាន់អំណាចចំអកថា ជាក្តីស្រមៃក្នុងសុបិន

​ប្រធាន​ស្តីទី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​លោក​សម​ ​រ​ង្ស៊ី ​កាល​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ស​ប្តាហ៍​មុន​ ​បាន​សរ​សរ​លិខិត​មួយ​ទៅកាន់​រដ្ឋ​ម​ន្រ្តី​ការបរទេស​ថ្មី​នៃ​រដ្ឋការ​លោក​ចូ ​បៃ​ដិ​ន​ ​ដោយ​សម្តែង​ការ​អប​អរសាទរ​ផង​ ​និង​ ​ស្នើសុំ​ឱ្យ​ជួយ​ដល់​ក្រុម​របស់​ខ្លួន​ផង​។​ ​លោក​សម​ ​រ​ង្ស៊ី ​បាន​ស្នើសុំ​ឱ្យ​រដ្ឋ​ម​ន្រ្តី​អាមេរិក​ថ្មី​នេះ​ ​ជួយ​ឱ្យ​ក្រុម​ម​ន្រ្តី​អតីត​គណបក្សប្រឆាំង​អាច​ចូល​ប្រទេស​កម្ពុជា​វិញ​ ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ខាងមុខ​។​ ​ប៉ុន្តែ​ ​គណបក្ស​កាន់អំណាច​ ​បាន​ចំអក​ថា​ ​ការ​ចង់បាន​របស់​លោក​ សម​ ​រ​ង្ស៊ី ​នេះ​ ​គឺ​គ្រាន់តែ​ជា​ការស្រមើស្រមៃ​នៅ​ក្នុង​សុបិន​តែប៉ុណ្ណោះ​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្តាញសង្គមតេឡេក្រាម លោកសុខ ឥសាន អ្នកនាំពាក្យគណក្សប្រជាជនកម្ពុជា បានអះអាងថា ការសរសេរលិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក សុំជួយឱ្យបានចូលរួមបោះឆ្នោតនាពេលខាងមុខ​របស់លោក សម រង្ស៊ី គឺចេះតែសរសេរទៅរកគេ អត់ចេះខ្មាស់​អៀន ព្រោះគ្មាននរណាទទួលស្គាល់សោះ​ឡើយ។ លោក សុខ ឥសាន ថែមទាំងចំអកទៀតថា លោក សម រង្ស៊ី និងក្រុមមន្រ្តីដទៃទៀតរបស់អតីតបក្សប្រឆាំង ដែលគិតថាបរទេសអាចជួយខ្លួនបានចូលរួមការបោះឆ្នោតនោះ  គឺជាក្តីស្រមៃនៅក្នុងសុបិនត​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី ក្នុងនាមប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមករា បានផ្ញើលិខិតអបអរសាទរមួយទៅកាន់​លោក អេនតូនី ប្លីនខេន(Antony Blinken)ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មីនៃរដ្ឋបាលលោកចូ បៃដិន។ មិនត្រឹមតែអបអរសាទរទេ លោកសម រង្ស៊ី បានប្រាប់លោករដ្ឋមន្រ្តីការបរទេសថ្មីអាមេរិកពីបំណងចង់ឱ្យមានការជំនុំជម្រះដោយភាពយុត្តិធម៌លើក្រុមមន្រ្តីអតីតបក្សប្រឆាំង ដែលការធ្វើបែបនេះ គឺអាចឱ្យពួកគេវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ដើម្បីប្រឈមមុខនឹងការចោទប្រកាន់នានា និងស្វែងរកដំណោះស្រាយ និងរៀបចំខ្លួនសម្រាប់ចូលរួមការបោះឆ្នោតដោយសេរីភាព និងយុត្តិធម៌នាពេលខាងមុខនេះ។

ក៏ប៉ុន្តែ លោក សុខ ឥសាន បានប្រាប់ទៅក្រុមលោកសម រង្ស៊ី ថា កុំសង្ឃឹមថាបានចូលរួមការបោះឆ្នោតនាឆ្នាំ២០២២- ២០២៣ឱ្យសោះ និងថា អាមេរិកអត់មានដាក់ទូតជាមួយក្រុមមន្រ្តីអតីតបក្សប្រឆាំងឡើយ។ ដូច្នេះហើយ សំណើររបស់ពួកគេ នឹងត្រូវបោះចូលក្នុងធុងសម្រាម។ សម្រាប់លោក សុខ ឥសាន លំហរសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​នៅកម្ពុជា គឺ មានយ៉ាងទូលំទូលាយសម្រាប់គណបក្សនយោបាយ និង ពលរដ្ឋគ្រប់រូប លើកលែងតែក្រុមមន្រ្តីអតីតបក្សប្រឆាំង ដែលលោកចាត់ទុកថា ក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មុនលិខិតលោក សម រង្ស៊ី ២ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៧ ខែមករា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន ក៏បានសរសេរលិខិតអបអរសាទររដ្ឋមន្រ្តីការបរទេសថ្មីអាមេរិកផងដែរ។ ក្រៅពីនិយាយពីការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងឱ្យល្អប្រសើរជាមួយអាមេរិក លោកប្រាក់ សុខុន ក៏បានប្រាប់លោករដ្ឋមន្រ្តីការបរទេសអាមេរិកពីគោលជំហររបស់កម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និង ប្រកាន់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ