អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ខេត្តបន្ទាយមានជ័យប្រឈមនឹងការខ្វះមណ្ឌលធ្វើចត្តាឡីស័ក ខណៈពលករខ្មែរវិលមកពីថៃកាន់តែច្រើនឡើង

​គិត​មកដល់ពេលនេះ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ទៅលើ​ពលករ​ខ្មែរ​មានការ​កើន​ឡើង​ជាបន្តបន្ទាប់​ ​ក្រោយ​តែ​ពី​ពលករ​ខ្មែរ​បាន​ត្រលប់​ចូល​ប្រទេស​វិញ​ ​បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ជា​សហគមន៍​នៅ​ឯ​ប្រទេស​ថៃ​កាលពី​ខែ​ធ្នូ​កន្លងទៅ​។​ ​នៅចំពោះមុខ​ការ​រាលដាល​ជាបន្តបន្ទាប់​ ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​គឺ​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ប្រាប់ឲ្យដឹង​ ​នៅ​ថ្ងៃនេះ​ថា​ ​ខេត្ត​បន្ទាយ​មានជ័យ​បាន​នឹង​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​ ​តែ​អ្វី​ដែល​គួរឲ្យ​បារម្ភ​គឺ​ខេត្ត​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​មណ្ឌល​សម្រាប់​ឲ្យ​ពលករ​ធ្វើ​ច​ត្តាឡី​ស័ក​។

ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យ
ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

លោក លី សារី អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ស្ថានការណ៍កូវីដ១៩បច្ចុប្បន្ននៅឯខេត្តបន្ទាយមានជ័យ គឺកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ វិធានការសុវត្ថិភាពដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលដែលខេត្តនៅជាប់ព្រំដែនជាមួយប្រទេសថៃនេះ កំពុងទទួលពលករខ្មែរត្រលប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់។

ក៏ប៉ុន្តែ បើតាមលោក លី សារី មណ្ឌលចត្តាឡីស័កនៅក្នុងខេត្តកំពុងចង្អៀតណែន ដោយសារតែមានពលករច្រើនត្រូវធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្នខេត្តក៏កំពុងយកវិទ្យាល័យសម្តេចឪមួយទៀត ធ្វើជាទីតាំងចត្តាឡីស័កបន្ថែម។ សរុបមកទល់ពេលនេះ ខេត្តបន្ទាយមានជ័យជាខេត្តដែលមានពលករខ្មែរវិជ្ជមានកូវីដ១៩ច្រើនជាងគេ ដោយក្នុងចំណោមពលករដែលរកឃើញមានជំងឺកូវីដ១៩ ទាំង៤១នាក់ ខេត្តបន្ទាយមានជ័យមាន២០នាក់។

រាប់ចាប់តាំងពីថ្ងៃទី៣១ធ្នូ ដែលកម្ពុជារកឃើញពលករខ្មែរមកពីប្រទេសថៃ មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់មក មកដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះ ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩លើពលករខ្មែរ បានកើនឡើងដល់ទៅ៤១នាក់។ រីឯថ្ងៃទី១៤មករានេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជាពលករខ្មែរចំនួន៨នាក់ ដោយក្នុងនោះ មានស្រ្តី៤នាក់និងបុរសម្នាក់មកពីខេត្តបន្ទាយមានជ័យ ស្រ្តី២នាក់មកពីខេត្តសៀមរាប និងពលករជាស្រ្តីម្នាក់ពីខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី១៤មករា២០២១នេះ។

គួរជម្រាបជូនថា តួលេខចុងក្រោយនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ដល់ពេលនេះ មានចំនួន ៤១១នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ៣៧៧នាក់ និងអ្នកកំពុងព្យាបាល៣៤នាក់។ នេះបើតាមក្រសួងសុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ