អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុមយុវជនអតីតបក្សប្រឆាំងនៅកូរ៉េ ចេញសារដាស់តឿនលោកសម រង្ស៊ី ឱ្យប្រយ័ត្នពាក្យសម្តីចំពោះព្រះមហាក្សត្រ

ចលនា​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​នាំ​គ្នា​ចេញ​សារ​ក្រើន​រំឭក​លោក​សម រង្ស៊ី ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ និង​ បាន​ប្រាប់​ឱ្យ​លោក​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ជោគ​វាសនា​បក្ស​។ ការ​ចេញ​មក​ដាស់​តឿន​ដល់​ថ្នាក់​ដឹកនាំ​ខ្លួន​ឯង​របស់​ក្រុម​យុវជន​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី ​បាន​ចេញ​សារ​ដៀល​ប្រមាថ​ព្រះមហាក្សត្រ​ជា​ថ្មី​ និង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ជា​ថ្មី​ដែរ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

អតីតទីស្នាក់ការនៃអតីតគណបក្សសង្រ្គោះជាតិ
អតីតទីស្នាក់ការនៃអតីតគណបក្សសង្រ្គោះជាតិ © RFI
ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជនអតីតបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយដាស់តឿនលោកសម រង្ស៊ី ចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើអង្គព្រះមហាក្សត្រកម្ពុជា។ ក្រុមយុវជនអតីតបក្សប្រឆាំងបានប្រាប់លោកសម រង្ស៊ីថា ក្នុងនាមថ្នាក់ដឹកនាំបក្ស លោកសម​ រង្ស៊ី មិនត្រូវនិយាយអ្វីតាមអារម្មណ៍នឹកឃើញផ្ទាល់ខ្លួន ដែលផ្ទុយពីគោលការណ៍ និងគោលជំហររបស់អតីតបក្សប្រឆាំង ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ កិត្តិយសបុគ្គល និងសន្តិសុខរបស់អ្នកគាំទ្រ។ ក្រុមយុវជននេះ ក៏បានដាស់តឿនលោកសម រង្ស៊ី ឱ្យបង្ហាញនូវការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាបក្ស និងសកម្មជនអតី​តបក្សរាប់លាន ដែលកំពុងជ្រកក្រោមដំបូងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យពហុបក្សផងដែរ។

ជាការកត់សម្គាល់ នេះគឺជារឿងដ៏កម្រមួយដែលក្រុមយុវជនអតីតបក្សប្រឆាំងបានចេញមកដាស់តឿនថ្នាក់ដឹកនាំកំពូ​ល​របស់ខ្លួនចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។ តាមរយៈពាក្យសម្តីមិនសមរម្យនេះហើយដែល លោកសម រង្ស៊ី ប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ​ ដែលជាបទចោទទី៣ ក្នុងរង្វង់ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ ការចោទប្រកាន់ជាថ្មីលើសំណុំរឿងចាស់នេះ ធ្វើ​ឡើង​បន្ទាប់ពីលោកសម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុក បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យចំពោះព្រះមហាក្សត្រ ពាក់ព័ន្ធ​នឹង​ការ​ព្រះរាជទានទឹកប្រាក់របស់​ទ្រង់​ដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សម្រាប់ក្រុមយុវជនអតីតបក្សប្រឆាំង ការវាយប្រហាររិះគន់លើអង្គព្រះមហាក្សត្រខ្មែរដែលជាស្ថាប័នជាតិកំពូល គឺកាន់តែធ្វើឱ្យរបបរាជានិយមចុះខ្សោយ ហើយជាលទ្ធផល គឺដូចជាពង្រឹងរបបផ្តាច់ការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្រុមយុវជននេះ ក៏បានប្រាប់ទៅលោកសម រង្ស៊ីឱ្យចាត់វិធានការបញ្ឈប់និន្នាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាបែបនេះជាបន្ទាន់ ដើម្បីកុំឱ្យអ្នកគាំទ្រដែលប្តូរផ្តាច់គោរពរបបរាជានិយម គោរពព្រះមហាក្សត្រ មានការអស់សង្ឃឹម បាត់ទឹកចិត្តគាំទ្រអតីតគណបក្សសង្រ្គោះជាតិតទៅទៀត។

មកដល់ពេលនេះ លោកសម រង្ស៊ី មិនទាន់ឆ្លើយតបជាសាធារណៈបែបណានៅឡើយទេចំពោះការដាស់តឿនពីមន្រ្តីថ្នាក់ក្រោមរបស់ខ្លួននេះ។ ប៉ុន្តែ អ្នកគាំទ្រលោកសម រង្ស៊ីមួយចំនួនមិនពេញចិត្តសោះឡើយចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមយុវជនប្រចាំនៅប្រទេសកូរ៉េខាងត្បូងនេះ។ អ្នកខ្លះបានជេរប្រមាថកាតទានដល់ក្រុមយុវជននេះ ខណៈខ្លះទៀតចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជារឿងអត់ប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ