អានតួអត្ថបទ
កម្ពុជា-អប់រំ

បវេសនកាលឆ្នាំសិក្សាថ្មី(២០២០-២០២១) ដៃគូអភិវឌ្ឍ ផ្តោតខ្លាំងទៅលើការការពារសុវត្ថិភាពសិស្សពីកូវីដ១៩

ការបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅថ្ងៃទី១១ ខែមករានេះ ដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ បានជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ១៩។ តាមរយៈការដាក់ចេញនូវយុទ្ធនាការរួមគ្នាមួយក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំថ្ងៃស្អែក» យុទ្ធនាការនេះ  បានអំពាវនាវដល់ អាណាព្យាបាលសិស្សទាំងអស់ ឱ្យនាំកុមារត្រឡប់មកចូលសាលារៀនវិញ និងស្នើឱ្យលោកគ្រូ អ្នកគ្រូរៀបចំបរិស្ថានសាលារៀនឲ្យបានល្អ ដើម្បីការពារសិស្សពីការឆ្លងវីរុសកូវីដ១៩។ 

សិស្សានុសិស្ស​ កំពុង​ធ្វើ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ
សិស្សានុសិស្ស​ កំពុង​ធ្វើ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ © RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងយុទ្ធនាការ រួមគ្នាមួយក្រោមប្រធានបទ «ការពារខ្លួនឥឡូវនេះ កុំចាំថ្ងៃស្អែក» រវាងក្រសួងអប់រំ និងអង្គការដៃគូអភិវឌ្ឍ រួមមានសហភាពអឺរ៉ុប អង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ និងអង្គការ UNICEF។ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថ្លែងថា ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយ ដោយលោកអំពាវនាវឱ្យកុមារទាំងអស់ត្រឡប់មកចូលសាលារៀនវិញ។

ស្ថិតក្នុងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការការពារសុវត្ថិភាពរបស់កុមារ សិស្សានុសិស្ស គឺជាការងារអាទិភាព ដែលក្រសួងបានធ្វើ និងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាឱ្យកុមារទាំងអស់នៅតែបន្តបានការអប់រំ។ នេះបើតាមលោករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី ខាមិន ម៉ូរ៉េណូ បានជំរុញ និងលើកទឹកចិត្តឱ្យឪពុក ម្តាយ ឬអាណាព្យាបាល នាំកុមារគ្រប់រូបឱ្យត្រឡប់មកសាលារៀនវិញ ដោយមិនឱ្យពួកគេមានអារម្មណ៍ភ័យខ្លាចចំពោះការឆ្លងជំងឺកូវីដ១៩ឡើយ។  

ស្របជាមួយគ្នាដែរ  នាយកប្រតិបត្តិអង្គការនៃភាពជាដៃគូសកលសម្រាប់ការអប់រំ GPE លោកស្រី អាលីស អលប្រ៊ៃធ៍ បានគូសបញ្ជាក់ថា GPE នឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ដែលមានលក្ខណៈបរិយាបន្ន ដោយមានការបកប្រែជាភាសាជនជាតិដើមភាគតិចផងដែរ។ ការផ្សព្វផ្សាយនោះទៀតសោត នឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមាន telegram what’s App និង facebook messenger ជាដើម។ 

ដើម្បីការពារកុមារឱ្យគេចផុតពីការឆ្លងជំងឺកូវីដ១៩ ខណៈដែលពួកគេត្រឡប់ចូលសាលារៀនវិញ  នាយិកាអង្គការUNICEF ប្រចាំនៅកម្ពុជាថា ជាការសំខាន់ណាស់ ដែលត្រូវធ្វើការរួមគ្នា ដើម្បីឱ្យសាលារៀនមានសុវត្ថិភាព និងបញ្ចៀសកុំឱ្យមានវិបត្តិអប់រំ ដែលយុទ្ធនាការនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ដោយបង្កើនទំនុកចិត្តលើសុវត្ថិភាពក្នុងសាលារៀន ប្រកបដោយគុណភាពអប់រំសម្រាប់កុមារកម្ពុជាគ្រប់រូប។

សូមជម្រាបដែរថា សារអប់រំនៅក្នុងយុទ្ធនាការនេះ នឹងត្រូវផលិតជាវីឌីអូ ផ្ទាំងរូបភាព ស្ព៉ត់វិទ្យុ និងសារជាអក្សរ សម្រាប់ផ្សព្វផ្សាយទូទាំងប្រទេស។ ក្នុងនោះក៏មានផងដែរ នូវការផលិតសៀវភៅណែនាំស្តីពីសុវត្ថិភាពជារូបភាពសម្រាប់គ្រូបង្រៀន នាយកសាលា សម្រាប់ចែកជូនទៅសាលារៀនជាង១៦ ៥០០០ សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូត្រៀមខ្លួនបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ