អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

អ្នកជំនាញ៖ ការផ្អាកនាំចូលត្រី ដើម្បីទប់ស្កាត់ការឡើងថ្លៃនៅទីផ្សារក្នុងស្រុក មិនមានប្រសិទ្ធភាពយូរអង្វែង

វិធានការ​បន្ទាន់​ផ្អាកការនាំចូលត្រីជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឡើងថ្លៃនៅទីផ្សារក្នុងស្រុក មិនមានប្រសិទ្ធភាពយូរអង្វែងនោះទេ។ បើតាមអ្នកជំនាញកសិកម្ម រដ្ឋាភិបាលកម្ពុជា​ត្រូវមានទស្សនៈវិស័យវែងឆ្ងាយ  ដោយ​ការសិក្សា អំ​ពីទីផ្សារ​ បង្កើនសមត្ថភាព​នៃការចិញ្ចឹមត្រីក្នុងស្រុក និងការ​កាត់បន្ថយ​ថ្លៃដើម​ផលិតជាដើម។

ការប្រមូលទិន្នផលត្រី​ទឹកសាប​នៅកម្ពុជា
ការប្រមូលទិន្នផលត្រី​ទឹកសាប​នៅកម្ពុជា © RFI
ផ្សាយពាណិជ្ជកម្ម

លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម នៅថ្ងៃ​ទី៩មករានេះ បានឲ្យដឹងថា ចំណាត់​ការបន្ទាន់​ទប់ស្កាត់​លំហូរនាំចូលត្រីពីប្រទេសជិតខាងរបស់រដ្ឋាភិបាលកម្ពុជា​នៅ​ពេលនេះ គ្រាន់​តែ​ជាការដោះស្រាយបញ្ហា​សម្រាប់​រយៈពេលខ្លីតែប៉ុណ្ណោះ​។ វិធានការបន្ទាន់​ដែលរដ្ឋាភិបាលបានដាក់ចេញ​នោះ គឺទាមទារអោយមានការអនុវត្តដោយតម្លាភាព ប្រសិទ្ធភាពនិងច្បាស់លាស់ ខណៈដែរលោកមើលឃើញថា ច្រកទ្វារព្រំដែនកម្ពុជាហាក់បីដូចជាមានភាពធូររលុយនៅឡើយ។ ​

 

ជុំវិញបញ្ហាតម្លៃត្រីឡើងថ្លៃនៅពេលនេះ លោក យ៉ង សាំងកុមារ បន្ថែមថា ចំណាត់ការសំខាន់ប្រកបដោយស្ថេរភាពសម្រាប់ដោះស្រាយបញ្ហាតម្លៃត្រីនៅកម្ពុជាមាន​ដូចជា ការការពារទីផ្សារ និង​បង្កើន​សមត្ថភាព​ផលិត ការ​​កាត់បន្ថយការឡើងថ្លៃចំណីត្រី ​​និងការ​​ធ្វើផែនការ​ផលិតឆ្លើយតបសមស្រប​ទៅនឹងតម្រូវការក្នុងស្រុក។

បើតាមអ្នកជំនាញ​ផ្នែកវិស័យកសិកម្មរូបនេះ កម្ពុជាមានលទ្ធភាពនិងសមត្ថភាពច្រើនក្នុងការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក។ ចំពោះអ្នកចិញ្ចឹមត្រី ត្រូវអភិវឌ្ឍ​សមត្ថភាពនិងបច្ចេកទេសចិញ្ចឹមត្រីបន្ថែម ​ដោយ​ផ្តើមចេញពីការ​គិតគូថ្លៃចំណី ការជ្រើសរើសពូជត្រី និងស្វែងយល់ពី​រដូវកាល​នៃប្រភេទត្រីនីមួយៗ។  

យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម នៅថ្ងៃទី​៨មករាម្សិ​លមិញ បានរៀបចំកិច្ចប្រជុំភាគីពាក់ព័ន្ធរួមមានសមាគមវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញនាំចូលត្រី ដើម្បីរកដំណោះស្រាយ​និង​ការមិនពេញចិត្ត​​ចំពោះចំណាត់ការ​​នៃ​ការផ្អាក​ជាបណ្តោះអាសន្ន​នូវការនាំ​ចូល​ត្រី​ពីប្រទេសក្រៅ។

​សូមជម្រាបជូនថា វិធានការដាក់ចេញដើម្បី​ផ្អាកការនាំចូលត្រីនោះ រួមមាន៖ ការផ្តល់ជូននូវព័ត៌មាន​ពី​សមាគមន៍វប្បករ​ទៅឈ្មួញ អំពីប្រភេទនិងបរិមាណត្រី​ដែលប្រមូលផល​នៅតាមខែនីមួយៗ ដើម្បីធ្វើការប្រមូលទិញ​។ រីឯ​អាជីវករនាំចេញនាំចូលត្រីវិញ​ ក៏បានឯកភាព​និងយល់ព្រម​ផ្អាកនូវការ​នាំចូល​ប្រភេទត្រី​មួយចំនួន​​ដែលវារីវប្បករអាចផលិតក្នុងស្រុក​បាន។ បន្ថែមពីនេះ ក្រសួងក៏បាន​បង្កើតឲ្យមានសមាគមនិងបណ្តុំ​អ្នកប្រមូលត្រីនៅតាមតំបន់ ដើម្បី​ប្រមូល​ទិញត្រី​ដែលផលិតបានក្នុងស្រុក និងធានាថាគ្មានឡើយ​ការនាំចូលនិងនាំចេញត្រី​ខុសច្បាប់​។

សូមបញ្ជាក់ជូនថា ឆ្នាំ២០១៩ កម្ពុជាបាននាំចូលត្រីសរុបជាង១ម៉ឺន២ពាន់តោន(១២ ៧៥៦) និងគិតត្រឹមរយៈពេលជិតមួយឆ្នាំគិតត្រឹមថ្ងៃទី២៥ធ្នូនេះ កម្ពុជាបាននាំចូលត្រីចំនួនជាង១ម៉ឺន៧ពាន់តោន (១៧ ៤០០)­៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ