អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សេដ្ឋវិទូ៖ការសាងសង់អាកាសយានដ្ឋានច្រើននៅកម្ពុជាគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ច

អ្នក​ជំនាញ​សេដ្ឋកិច្ច​កម្ពុជា​ បាន​យល់​ឃើញ​ប្រហែល​គ្នា​ថា​ ការ​ជំរុញ​ពិពិធកម្ម​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​កម្ពុជា​មាន​អាកាសយានដ្ឋាន​ថ្មី​ច្រើន​ជាង​៧ ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​តាម​តំបន់​ បើក​ផ្លូវ​ទំនាក់ទំនង​ បើក​ផ្លូវ​ដឹក​ជញ្ជូន​ទាំង​ក្នុង​ស្រុក​ ក្នុង​តំបន់​អាស៊ាន​ និង​អន្តរជាតិ​។ នៅ​ចំពោះ​មុខ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ក្រៅ​តែ​ពី​ប្រាសាទ​ ក្រៅ​តែ​ពី​ទេសចរណ៍​បែប​វប្បធម៌​ ការ​ជំរុញ​ឱ្យ​មាន​ទេសចរណ៍​បែប​ធម្មជាតិ​គឺ​ជា​រឿង​ដែល​រដ្ឋ​កំពុង​យក​ចិត្ត​ទុក​ដាក់​។ ដូច​នេះ​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ៗ​ និង​ស្តារ​ឡើង​វិញ​ ដែល​ប្រើប្រាស់​ទុន​វិនិយោគ​អស់​រាប់​ពាន់​លាន​ដុល្លារ​នោះ​ គឺ​ជា​ការ​តភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​មួយ​ទៀត​ពី​កម្ពុជា​ទៅ​ក្នុង​តំបន់​អាស៊ាន​ និង​ពិភពលោក​។

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី © Internet
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិតឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ការតភ្ជាប់ផ្លូវទំនាក់ទំនងទេសចរណ៍ថ្មី ផ្លូវអាកាសនេះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចនៅតាមតំបន់ មានការដោះដូរពាណិជ្ជកម្មពីក្នុងប្រទេស ទៅក្នុងតំបន់អាស៊ាន។ ក្រៅពីនេះ គឺកម្ពុជាបានបន្ថែមមធ្យោបាយទាក់ទងច្រើនមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលពីទាប ទៅមធ្យម និងពីមធ្យមទៅកម្រិតខ្ពស់។  ជាមួយគ្នានេះ ការសាងសង់អាកាសយានដ្ឋានថ្មីនៅខេត្តមណ្ឌលគីរី គឺជាការប្រែក្លាយតំបន់នេះ ទៅជាតំបន់សក្តានុពលសេដ្ឋកិច្ចមួយទៀត ដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋនៅទីនោះ តាមរយៈការលើកកម្ពស់កម្រិតចំណូលរបស់ពួកគេផងដែរ។

គម្រោងសាងសង់ និងការស្តារឡើងវិញនូវអាកាសយានដ្ឋាន ដែលមានចំនួនច្រើនជាង៧នេះ បើទោះជាត្រូវសាងសង់ដោយប្រើថវិការបស់រដ្ឋ ឬបានមកពីប្រភពប្រាក់កម្ចី ឬកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងឯកជនក៏ដោយ នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក ការដោះដូរពាណិជ្ជកម្មក្នុងស្រុក និងបើកផ្លូវឱ្យបណ្តាញទេសចរណ៍ទាំងអស់ ទាំងការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់អាស៊ាន។ នេះបើតាមលោកបណ្ឌិត ឆេង គីមឡុង។

ស្របជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាវិញ យល់ឃើញថា ការសាងសង់អាកាសយានដ្ឋាន ដែលមានភូមិសាស្រ្តគ្រប់ទិសនៃតំបន់អភិវឌ្ឍន៍បែបនេះ គឺជាសញ្ញាល្អផ្នែកសេដ្ឋកិច្ច នឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគិន អតិថិជន ងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងក្រៅស្រុក។ ព្រោះបើការធ្វើដំណើរត្រូវចំណាយពេលជាង១០ម៉ោង បើដូរមកតាមផ្លូវអាកាសវិញ គឺត្រឹមតែកន្លះម៉ោងទៅ១ម៉ោងប៉ុណ្ណោះ។ ដូចនេះអ្នកវិនិយោគិនក្នុង និងក្រៅស្រុក អ្នកដែលមានលទ្ធភាព ឬអ្នកត្រូវការដឹកជញ្ជូនលឿន គេហ៊ានចំណាយ។  ការពង្រីកអាកាសយានដ្ឋានជាច្រើននេះ គឺជាការឆ្លើយតប ដែលសមស្របនឹងទំហំបរិមាណ និងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច នឹងជួយបង្កើនកំណើនការងារដល់ប្រជាពលរដ្ឋកម្ពុជា។

នៅចំពោះមុខ សេដ្ឋកិច្ចកម្ពុជាមានការថយចុះត្រឹម១.៩% ខណៈមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩ លោកបណ្ឌិតហុង វណ្ណៈ យល់ថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងខ្ពស់វិញ បន្ទាប់ពីមានការរៀបចំ និងពង្រីកព្រលានយន្តហោះជាង៧នេះ វានឹងជួយជំរុញពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

សូមរម្លឹកថា កាលពីខែមេសាឆ្នាំ២០២០កន្លងទៅ អាកាសចរស៊ីវិលធ្លាប់បានលើកឡើងពីគម្រោងសាងសង់ព្រលានយន្តហោះថ្មីទាំង៧នេះ ដូចជាព្រលានយន្តហោះភ្នំពេញថ្មី ព្រលានយន្តហោះខេត្តសៀមរាបថ្មី ព្រលានយន្តហោះតារាសាគរកោះកុង អាកាសយានដ្ឋានកោះកុង ព្រលានយន្តប៉ោយប៉ែត ព្រលានយន្តហោះខេត្តមណ្ឌលគិរី និងព្រលានយន្តហោះខេត្តបាត់ដំបង ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ