អានតួអត្ថបទ
កម្ពុជា-សង្គម

លោកសុខ ឥសាន៖ខួប៧មករាឆ្នាំនេះ ទោះមិនធ្វើនៅថា្នក់ជាតិ តែអាចមានការប្រារព្ធអបអរតូចៗនៅមូលដ្ឋាន

ការ​ប្រារព្ធ​មីទ្ទីង​រំឭក​ខួប​ជ័យជម្នះ​៧​ មករា​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​មិន​ធ្វើ​ដូច​រាល់​ឆ្នាំ​ទេ​ក្នុង​ន័យ​បង្ការ​ការពារ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​។ នេះ​ គឺ​ជា​លើក​ទី​១​ហើយ​ដែល​គណបក្ស​កាន់​អំណាច​បាន​សម្រេច​មិន​ធ្វើ​ពិធី​ប្រារព្ធ​ថ្ងៃ​ជ័យជម្នះ​លើ​របប​ខ្មែរ​ក្រហម​៧ មករា​នេះ​។ ប៉ុន្តែ​ លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​បាន​គូស​បញ្ជាក់​ថា​ បើ​ទោះ​បី​នៅ​ថ្នាក់​ជាតិ​មិន​រៀបចំ​ការ​ប្រារព្ធ​អបអរ​មែន​ តែ​នៅ​ថ្នាក់​មូលដ្ឋាន​ អាច​នឹង​មាន​ការ​ជួបជុំ​គ្នា​អបអរ​បន្តិច​បន្តួច​ដែរ​នៅ​ថ្ងៃ​ទី​០៧​ ខែ​មករា​នេះ​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

គិតពីថ្ងៃចន្ទនេះ គឺនៅសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃជ័យជម្នះ៧មករាហើយ ប៉ុន្តែនៅឆ្នាំនេះពុំមានការប្រារព្ធពិធីអបអររំលឹកខួបទ្រង់ទ្រាយធំដូចឆ្នាំមុនៗនោះឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិជាថ្មីនៅព្រឹកថ្ងៃចន្ទនេះថា ការមិនរៀបចំប្រារព្ធពិធីមីទ្ទីងរំឭកខួបថ្ងៃ៧មករានៅក្នុងឆ្នាំ២០២១នេះ គឺធ្វើឡើងតាមសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ពោល គឺគណបក្សកាន់អំណាចបង្ការការពារដល់សមាជិក សមាជិការបស់ខ្លួនពីហានិភ័យឆ្លងជំងឺរាតត្បាតមួយនេះបើមានការជួបជុំធំដុំដូចរាល់ឆ្នាំនោះ។

បើទោះបីមិនរៀបចំទ្រង់ទ្រាយធំ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន គឺនឹងអាចមានការជួបជុំគ្នាទ្រង់ទ្រាយតូចៗ ដើម្បីអបអរថ្ងៃជ័យជម្នះ ៧ មករា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកសុខ ឥសាន។ លោកបានបន្ថែ​មទៀតថា ថ្ងៃ៧មករាខាងមុខនេះ គណបក្សប្រជាជនកម្ពុជាមិនមានគោលកា​រណ៍ឱ្យសមា​ជិករបស់ខ្លួនចុះចែកចាយអំណោយជំនួសឱ្យការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែការចែកអំណោយបន្តិចបន្តួចណាមួយនោះ គឺគ្រាន់តែជារឿងធម្មតារបស់មន្រ្តីបក្សដែលតែងតែចុះទៅពង្រឹងនៅតាមមូលដ្ឋានប៉ុណ្ណោះ។

សូមបញ្ជាក់ថា នេះ គឺជាលើកទី១ហើយនៅក្នុងរយៈពេល៤២ឆ្នាំមកនេះដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីមីទ្ទីងរំឭកខួបថ្ងៃជ័យជម្នះ៧មករា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយសារតែជំងឺនេះ គណបក្សកាន់អំណាចក៏បានលុបចោលការប្រារព្ធរំលឹកខួប២៩ធ្នូ ដែលជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និង បានសម្រេចផ្អាករៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលប្រចាំ២០២០របស់ខ្លួនផងដែរ។

៧មករា គឺជាថ្ងៃដែលកងទ័ពរំដោះរបស់កម្ពុជា និងវៀតណាមបានវាយយកឈ្នះលើកងទ័ពខ្មែរក្រហមនៅក្នុងឆ្នាំ១៩​៧៩។ ឆ្នាំមុនៗ បក្សប្រជាជនកម្ពុជាតែងតែរៀបចំប្រារព្ធថ្ងៃជ័យជម្នះនេះក្នុងទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់រួមមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្ស លោកហេង សំរិនប្រធានកិត្តិយស លោកស ខេង អនុប្រធាន និងលោកសាយ ឈុំ អគ្គលេខាធិការគណបក្សជាដើម។ ក្រុមអតីតបក្សប្រឆាំងនៅក្រៅប្រទេសមិនទទួលស្គាល់ និងបានបរិហារថ្ងៃ៧មករាថា ជាថ្ងៃដែលវៀតណាមចូលមកឈ្លានពានប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់រដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជាវិញ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ