អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នយោបាយអតីត​បក្ស​ប្រឆាំង​លើក​ពេល​ដំណើរ​មាតុភូមិ​និវត្តន៍​ដោយ​បញ្ហា​ជើង​ហោះហើរ

ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ស្រី មូរសុខហួរ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​គ្រោង​ចេញ​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​០៤​មករា​ខាន​ស្អែក​នេះ ត្រូវ​បាន​លើក​ពេល​។ នេះ​គឺ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​០២​មករា​នេះ​។ បើ​តាម​អ្នក​នយោបាយ​និរទេស​ខ្លួន ការ​លើក​ពេល​នេះ​ដោយ​សារ​តែ​យន្តហោះ​ដែល​គ្រោង​ដឹក​ពួក​គេ ផ្អាក​ការ​ហោះ​ហើរ​។

លោកស្រី មួរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំង
លោកស្រី មួរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំង AP - Frank Augstein
ផ្សាយពាណិជ្ជកម្ម

«ដោយ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Airways ដែល​លោកស្រី មូរ សុខហួរ និង​ប្រតិភូ​អម​ដំណើរ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​០៤​មករា​២០២១ បាន​ផ្អាក​ការ​ហោះហើរ ដូច្នេះ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥​មករា​២០២១​វិញ តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines»។ នេះ​គឺជា​ហេតុផល​ដែល​ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​នយោបាយ​និរទេស​ខ្លួន​។

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នៅ​ក្រៅប្រទេស ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​ទូរសព្ទ​ថា មូលហេតុ​ដែល​យន្តហោះ​នោះ​ផ្អាក​ការ​ហោះហើរ គឺ​ដោយ​សារ​តែ​បញ្ហា​កូវីដ​១៩​។ បើ​តាម​អ្នក​នយោបាយ​ដដែល​នេះ ក្នុង​ករណី​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​ត្រូវ​ចេញ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៥​មករា​២០២១ មិន​មាន​ការ​ប្រែ​ប្រួល​ទេ នោះ​លោក​ស្រី មូរ សុខហួរ និង​ប្រតិភូ​នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្ដរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧​មករា​។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ខកខាន​ជា​លើក​ទី​២​ហើយ ដែល​អ្នក​នយោបាយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មិន​បាន​មក​ដល់​កម្ពុជា​តាម​ការ​គ្រោង​ទុក​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯ​ណេះ​វិញ សកម្មជន​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​នេះ យ៉ាង​ហោច​ណាស់​១៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ដើម​សប្ដាហ៍​នេះ ក្នុង​នោះ​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភ្នំពេញ​។ ចំណែក​មនុស្ស​៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​ពួក​គេ​កំពុង​ឃ្លាំ​មើល​ការ​បើក​សវនាការ​ករណី​សកម្មជន​បក្ស​ប្រឆាំង​២១​នាក់ រួម​ទាំង​លោក​សម រង្ស៊ី ផង​ដែរ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ «ញុះញង់» និង «រួមគំនិត​ក្បត់»។ ជា​ការ​ចោទ​ប្រកាន់​ក្រោយ​ពី​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក កាល​ពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​ឆ្នាំ​២០១៩​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ