អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ខេត្តជាប់ព្រំដែនថៃពិចារណាលទ្ធភាពពន្យារពេលបើកបវេសនកាល ព្រោះខ្វះកន្លែងធ្វើចត្តាឡីស័ក

ខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយចំនួន កំពុងខ្វះកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរមកពីប្រទេសថៃ។ ក្នុងពេលដែលកន្លែងធ្វើចត្តាឡីស័កភាគច្រើនជាសាលារៀន អាជ្ញាធរខេត្តទាំងនោះ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា ខ្លួនកំពុងតែពិចារណាពន្យារពេលការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយផ្ដល់អាទិភាពដល់ការប្រើប្រាស់សាលាសម្រាប់ប្រើប្រាស់ជាទីតាំងចត្តាឡីស័ក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងអប់រំនៅថ្ងៃនេះ នៅតែរក្សាជំហរបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១១មករាខាងមុខនេះដដែល។

ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ © FB
ផ្សាយពាណិជ្ជកម្ម

អភិបាលរង និងជាអ្នកនាំពាក្យខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធី នៅថ្ងៃសៅរ៍​នេះ បាន​ឲ្យដឹងថា​​ ប្រសិនបើស្ថានការណ៍នៃ​ជំងឺកូវីដ១៩​នៅប្រទេសថៃ នៅតែបន្តអូសបន្លាយយូរទៀត​​ អាជ្ញាធរខេត្ត​បាត់ដំបង​នឹងបង្ខំចិត្តពន្យារពេល​​បើកបវេសនកាល​ចូលរៀនរបស់​​សិស្សានុសិស្ស​ដោយគ្មានកំណត់កាលបរិច្ឆេទ​។

 

លោក សឿម ប៊ុនរិទ្ធី បាន​លើកឡើងថា បច្ចុប្បន្នមណ្ឌលធ្វើចត្តាឡីស័ក​សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តបាត់ដំបងសរុប​​ទាំង១១ គឺជា​សាលារៀន ដូច្នេះ អាជ្ញាធរខេត្តបាត់ដំបង ​​បានត្រៀមស្នើទៅក្រសួងអប់រំ ពន្យារពេល​បើកបវេសនកាលថ្មី​រួចហើយ។

ក្រៅតែពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យឯណោះវិញ អាជ្ញាធរក៏បានបង្ហាញក្តីព្រួយបារម្ភអំពីការខ្វះខាតទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរមកពីប្រទេសថៃនេះដែរ ហើយលទ្ធភាពនៃការពន្យារពេលបើកបវេសនកាលចូលរៀននេះ ​ក៏ជាជម្រើសមួយដែលខេត្តកំពុងពិចារណាផងដែរ។

សូមរំព្ញកថា ក្រសួងអប់រំ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសសម្រេចឱ្យបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយពីរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ឆ្លើយតបទៅនឹង​ការយកសាលារៀន​ធ្វើជា​​ទីតាំងចត្តាឡីស័ក​សម្រាប់ពលករខ្មែរមកពីប្រទេសថៃនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃសៅរ៍​នេះដែរ បានអះអាងថា គ្មានឡើយការពន្យារពេល​​បើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១នេះ​។ ក៏ប៉ុន្តែ លោកបានបន្ថែមថា ក្នុងករណីមានការប្រែប្រួល ក្រសួងអប់រំ នឹងធ្វើការពិនិត្យពិចារណាឡើងវិញ និងធ្វើការជូនដំ​ណឹង​ជាថ្មីម្តងទៀត​។

គិតត្រឹមថ្ងៃសៅរ៍ទី​២មករា​នេះ ក្រសួងសុខាភិបាល បានរកឃើញពលករខ្មែរមកពីថៃជាស្រី្ត ចំនួន១២នាក់ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ក្នុងចំណោមនោះមាន ពលករខ្មែរជាស្រី្ត ២នាក់មានទីលំនៅក្នុងខេត្តបាត់ដំបង និង១០នាក់ទៀតនៅខេត្តប៉ៃលិន។ បច្ចុប្បន្ននេះ ពលករទាំង១២នាក់នេះ កំពុង​ទទួលការព្យាបាល​នៅមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ