អានតួអត្ថបទ
កម្ពុជា-សង្គម

មុនចូលឆ្នាំថ្មី៖គណបក្ស និងអ្នកនយោបាយខ្មែរចាប់ផ្តើមចេញសារជូនពរដល់ពលរដ្ឋខ្មែរឱ្យជួបក្តីសុខ និងជៀសផុតកូវីដ

នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ ឆ្នាំ​២០២០​នឹង​ក្លាយជា​ឆ្នាំ​ចាស់​ផ្លាស់​ដោយ​ឆ្នាំថ្មី​២០២១​។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នេះ​ គណបក្ស​ និង​ អ្នក​នយោបាយ​នៅ​កម្ពុជា​បាន​ចេញ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ​។ សារ​ទាំង​នេះ​ គឺ​បួងសួង​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួប​ប្រទះ​សេចក្តី​សុខ​ ជៀសផុត​ពី​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ បួងសួង​សុំ​ឱ្យឆ្នាំ​ថ្មី​នាំ​ឱ្យ​ខ្មែរ​មាន​សាមគ្គីភាព​ និង​ឯកភាព​ជាតិ​ជា​ដើម​។

ទេសភាពក្រុងភ្នំពេញនារាត្រីឆ្លងឆ្នាំកន្លងទៅ
ទេសភាពក្រុងភ្នំពេញនារាត្រីឆ្លងឆ្នាំកន្លងទៅ © Internet
ផ្សាយពាណិជ្ជកម្ម

លោកកឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានបួងសួងឱ្យឆ្នាំ២០២០ នាំយកទៅឱ្យផុតរលត់ពីភពផែនដី ជាពិសេស​ ពីកម្ពុជា​នូវគ្រោះភ័យ ជំងឺរាតត្បាត អំពើអកុសល ដែលបណ្តាលឲ្យមានការឈឺចាប់ ភាពអវិជ្ជមាន  និងភាពអយុត្តិធម៌ កុំឱ្យកើតមាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត។ លោកក៏បួងសួងឱ្យឆ្នាំថ្មី២០២១ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ ដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋផងដែរ។ បន្ថែមលើនេះ លោកប្រធានអតីតបក្សប្រឆាំងក៏ចង់ឱ្យបញ្ឈប់ការធ្វើឱ្យមានការឈឺចាប់ដល់ពលរដ្ឋខ្មែរ និងចង់ឱ្យមានការចែករំលែកនូវសេចក្តីស្រ​ឡាញ់រាប់អាន ដើម្បីសេចក្តីសុខទាំងអស់គ្នា ទាំងបុគ្គលម្នាក់ៗផ្ទាល់ គ្រួសារ ប្រទេសជាតិ និងពិភពលោក។

ចំណែក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញបានជូនពរឱ្យប្រជាពលរដ្ឋខ្មែរមានក្តីសុខ និងបានក្រើនរំលឹកកុំឱ្យភ្លេចជំងឺកូវីដ១៩។ លោកពេជ្រ ស្រស់ ក៏បានដាស់តឿនឱ្យប្រជាពលរដ្ឋកុំនាំគ្នាចេញក្រៅផ្ទះជួបមនុស្សច្រើន ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩ ពីព្រោះជំងឺនេះទាំងចាស់ ទាំងថ្មី មិនទាន់រលត់ផុតចេញពីកម្ពុជានៅឡើយទេ។ ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ តាមរយៈទំព័រហ្វេសប៊ុកដូចគ្នា គណបក្សនយោបាយនេះ ក៏បានជូនពរប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យជួបសេចក្តីសុខ និងសុវត្ថិភាពនៅក្នុងដំណើរជិតឆ្ងាយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបួងសួងសុំឱ្យរឿងមិនល្អដែលកើតមាននៅក្នុងឆ្នាំចាស់រសាត់អណ្តែតចេញទៅឱ្យឆ្ងាយអស់ពីដែនកម្ពុជា និងទទួលបានរឿងល្អដែលនាំឱ្យកម្ពុជាសុខសាន្ត ព្រមទាំងនាំមកនូវភាពសម្បូរសប្បាយដល់គ្រប់ក្រុមគ្រួសារខ្មែរ។

ដោយឡែកសម្រាប់លោកហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាវិញ លោកក៏បានជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឱ្យជួបតែសេចក្តីសុខ សុភមង្គលនៅក្នុងឆ្នាំថ្មី២០២១។ ជាមួយការជូនពរនេះ លោកហេង សំរិន ក៏បានរំលេចឱ្យដឹងផងដែរពីការមានសុខសន្តិភាពពេញលេញរបស់ប្រទេសកម្ពុជានៅក្នុងរយៈពេលពីរទសវត្សរ៍ មានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និង កំណើនសេដ្ឋកិច្ចល្អ។ លោកប្រធានរដ្ឋសភាកម្ពុជាក៏បានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល និងសង្គម និងត្រូវឧស្សាហ៍លាងសម្អាតដៃផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ