អានតួអត្ថបទ
កម្ពុជា-ច្បាប់

មេធាវីការពារក្តីស្នើឲ្យតុលាការអន្តរាគមន៍លើសុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីអតីតបក្សប្រឆាំង

គិត​មក​ទល់​ពេល​នេះ​ សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​រួម​គំនិត​ក្បត់​លើ​មន្ដ្រី​អតីត​បក្ស​សង្រ្គោះជាតិ​ បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ដង​រួច​មក​ហើយ​។ លោក​សំ សុខគង់ ​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ដ្រី​អតីត​បក្ស​ប្រឆាំង​ បាន​រំឭក​ពី​ សវនាការ​នៅ​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលម្សិញ​ ថា​ប្រពឹត្ត​ទៅ​ដោយ​មិន​ទាន់​ពេញលេញ​ ដោយ​ពុំ​មាន​វត្តមាន​ជន​ត្រូវ​ចោទ​ទាំង​អស់​ចូលរួម​។ សម្រាប់​លោក សំ សុខគង់ ​តុលាការ​គួរ​ជួយ​អន្តរាគមន៍​លើ​ការ​ផ្តល់​សុពលភាព​លើ​លិខិត​ឆ្លងដែន​ដល់​ក្រុម​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​មក​ស្រាយ​បំភ្លឺ​ និង​តតាំង​ដោយ​តម្លាភាព​នៅ​ក្នុង​សវនាការ​។

អតីតទីស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ
អតីតទីស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ © RFI
ផ្សាយពាណិជ្ជកម្ម
01:25

សូមស្តាប់លោកមេធាវី សំ សុខគង់៖

គួរបញ្ជាក់ថា សំណើរបស់មេធាវីការពារក្ដីដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុះជម្រះលើសំណុំរឿង លោក សម រង្ស៊ី និងមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិចំនួន២១នាក់ ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងបង្កភាពវឹកវរដល់សន្តិសុខសង្គម និងញុះញង់មិនឲ្យយោធិនស្ដាប់បង្គាប់រាជរដ្ឋាភិបាល។ សវនាការដែលប្រព្រឹត្តធ្វើកាលពីម្សិលមិញនេះ មានវត្តមានជនត្រូវចោទតែ១៣នាក់ប៉ុណ្ណោះ។

ចំពោះសំណុំរឿងនេះ លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វាជារឿងនយោបាយ។ និងថា ដំណោះស្រាយរឿងនេះ គួរតែមានការហៅមេបក្សធំៗមកសួរដេញដោលទើបជាការល្អ ព្រោះថា សកម្មជនអតីតបក្សប្រឆាំងក្នុងសំណុំរឿងនេះ ណៅឆ្ងាយណាស់ ពីរចនាសម្ព័ន្ធដឹកនាំរបស់អតីតបក្សប្រឆាំង។ គួរបញ្ជាក់ដែរថា បន្ទាប់ពីបើកសវនាការពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានប្រកាសលើកពេលសវនាការទៅថ្ងៃទី២២មករាឆ្នាំ២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ