អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការក្រុងភ្នំពេញដាក់ទោសមេដឹកនាំអតីតបក្សប្រឆាំងជាប់ពន្ធនាគារចំនួន៤ឆ្នាំ

សាលាដំបូងរាជធានី​ភ្នំពេញ នៅថ្ងៃពុធម្សិលមិញ​នេះ បាន​សម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីតបក្សប្រឆាំង ឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ និង​ពិន័យជា​ប្រាក់​ចំនួន​៨​លាន​រៀល ព្រម​ទាំង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ដើម​បណ្ដឹង​ចំនួន​២​ពាន់​លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាថិ៍​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ អ្នក​ពាក់ព័ន្ធ​ចំនួន​៤​នាក់​ទៀត ក៏​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​កន្លះ ទៅ​១​ឆ្នាំ​៨​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ៗ​៤​លាន​រៀល​ផង​ដែរ​។ សូម​ជម្រាប​ថា ការ​ផ្ដន្ទាទោស​លើ​លោក​សម រង្ស៊ី និង​អ្នក​ពាក់ព័ន្ធ​ទាំង​៤​នាក់​នេះ ធ្វើ​ឡើង​នៅ​ក្នុងសំណុំរឿងចំនួន​២ ដែល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​កន្លង​ទៅ​។ សំណុំរឿងទាំងពីរនោះ រួមមាន ការបំភ្លៃព័ត៌មាននៃការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង ករណីញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ​។

មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ លោក សំ សុគង់ ថ្លែង​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​ដូច្នេះ មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​លោក​ទេ​។ លោក​មេធាវី​បន្ត​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​បន្ត​ទៀត ដើម្បី​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​ប្ដឹង​បន្ត​នេះ​ដែរ លោក សំ សុគង់ គូស​បញ្ជាក់​ថា សិទ្ធិ​សម្រេច​គឺ​ស្ថិត​នៅ​លើ​កូន​ក្ដី​របស់​លោក​ផ្ទាល់​។

ចំណែក លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ឃើញ​ថា សាលក្រម​របស់​តុលាការ​លើ​លោក សម រង្ស៊ី នា​ពេល​នេះ គឺ​ជា​ការ​ព្រមាន​ដល់​អ្នក​ដែល​ចង់​រិះគន់​ក្រោយ​ៗ​។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ លោក អំ សំអាត សង្កត់​ធ្ងន់​ថា ការ​រិះគន់​ស្ថាបនា និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ គឺ​ជា​រឿង​សំខាន់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ