អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន៖ កម្ពុជាផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួននៅថ្ងៃនេះ

ដំណក់​ប្រេងលើក​ដំបូង​របស់​កម្ពុជា​នឹង​ចាប់​ផ្តើម​ផលិត​ចេញ​ពី​អណ្តូង​ប្រេងទី១ នៅ​ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០២០ នេះ។ នេះ​ជា​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្រោយ​ពី​កម្ពុជា​ប្រើ​ពេល​យ៉ាង​យូរ​រងចាំ​ដំណើរ​ការ​ខួងប្រេង​ចាប់តាំង​ពីអំឡុង​ខែ​ធ្នូឆ្នាំ​២០១២​មក​។ បើ​តាមលោក ហ៊ុន សែន ចំណូល​បាន​មក​ពី​ផលិតកម្ម​ប្រេង​នេះ នឹង​យក​ទៅ​បម្រើដល់​​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​កម្ពុជា​។​

កន្លែងផលិតប្រេងទី១ នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា
កន្លែងផលិតប្រេងទី១ នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅថ្ងៃទី២៩  ខែធ្នូ នេះ បាន​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជា​ការ​ទន្ទឹង​រងចាំ​អស់​រយៈ​កាល​ដ៏​យូរ​កន្លង​មក​។ បើតាម​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​ពី​ក្រុមហ៊ុន KrisEnergy មក​ដល់​ពេល​នេះ​កម្ពុជា​បាន​សម្រេច ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការ​សាងសង់ ការ​បំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខារចាំបាច់​នានា​សម្រា​ប់ដំណើរ​ការ​ផលិតកម្ម​ធនធាន​រ៉ែប្រេង។

ក្នុងសារ ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាថ្ងៃទី២៩ ខែធ្នូ​នេះ លោក​ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺ​ជា​ពរជ័យ​សម្រាប់​កម្ពុជា​ ។ នេះ​ជា​ការ​ចាប់​ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេង​កាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា កូវីដ-១៩ បាន​រំខាន​ដល់​កម្ពុជា តែ​ក៏​មិន​អាច​បំផ្លាញ​ចោល​នូវ​ការ​ខិតខំ​របស់​កម្ពុជា ដើម្បី​ផលិត​ប្រេង​នោះ​បាន​ដែរ​។ ចូលឆ្នាំ​សកលថ្មី​២០២១​ខាង​មុខ ទោះ​កម្ពុជា​មិន​បាន​សប្បាយរីករាយ​ដូច​ឆ្នាំ​មុនៗ ដោយ​សារតែ​កូវីដ-១៩ តែ​ទទួល​បាន​កាដូដ៍​ធំ​សម្រាប់​ជាតិ នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញលើក​ដំបូង​ក្នុង​ទឹកដី​កម្ពុជា​។ នេះបើតាមលោក ហ៊ុន សែន។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅ​ថ្ងៃទី​២៩ ខែធ្នូ បាន​តាម​រយៈ​លិខិត​អបអរសាទរ​បញ្ជាក់​ថា ដំណក់​ប្រេង​ដំបូង ដែល​កម្ពុជា​ទទួល​បាន​នៅ​ថ្ងៃ​នេះ ជា​លទ្ធផល​ប្រវត្តិសាស្ត្រ ហើយ​ថ្ងៃ​នេះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​មួយដែរ ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ក្នុង​ពិភព​លោក​។

បន្ថែមពីលើសារក្នុងទំព័រហ្វេសប៊ុក លោកហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះបានបញ្ជាក់បន្ថែមថា ចំណូលដែលបានពីរ៉ែប្រេង នឹងត្រូវផ្តល់អាទិភាពលើ វិស័យអប់រំ និងសុខាភិបាល។ លោកអះអាងថានៅពេលខាងមុខនេះ កម្ពុជានឹងមានចំណូលបន្ថែមទៀតពី រ៉ែប្រេង ធ្យូងថ្ម និងរ៉ែមាស។

សូម​ជម្រាប​ជូន​ថា​កិច្ច​ព្រមព្រៀង​ប្រេង​កាត​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០០២ ជា​មួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Mocco Cambodia Co., Ltd. និង KrisEnergy​។ តាមផែន​ការ​កាល​ពី​ពេល​នោះ ផលិតកម្ម​ប្រេង​ដំបូង​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​អំឡុង​ខែ​ធ្នូឆ្នាំ​២០១២​។ ប៉ុន្តែ​ដំណើរ​ការ​អនុវត្តតាម​ផែនការ​ផលិត​ប្រេង​ត្រូវ​បាន​រាំង​ស្ទះ។​ លុះ​ក្រោយ​មក​ក្នុង​ពេល​ចរចាជា​មួយ​រដ្ឋាភិបាល ក្រុម​ចំនួន​៣​ក្នុង​សម្ព័ន្ធ បាន​ស្នើ​សុំដក​ខ្លួន​ចេញ​បន្ត​បន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ រហូត​ដល់​ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើប​សម្រេច​បាន​នូវ​កិច្ចព្រម​ព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍនិង​អាជីវកម្ម​អណ្តូង​ប្រេង​ថ្មី ដែល​បើក​ផ្លូវ​ឲ្យ​ដំណើរ​ការ​សាង​សង់ និង​អភិវឌ្ឍផ្លាតហ្វម​អណ្តូង​ប្រេង​អាច​ចាប់ផ្តើម​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ