អានតួអត្ថបទ
កម្ពុជា-សង្គម

លោកហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ប៉ុន្តែអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ប្រកាស​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ដែល​ជា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​ថ្លែង​សារ​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​នេះ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ក្រុង​តាខ្មៅ​។​ បើ​ទោះ​បី​ប្រកាស​បិទ​បញ្ចប់​មែន​ តែ​លោក​ហ៊ុន សែន ​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូវីដ១៩​។

វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង)
វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង) REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

មូលហេតុសំខាន់ដែលកម្ពុជាអាចបិទបញ្ចប់ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកាបាន គឺដោយសារតែស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ១៩ អាចគ្រប់គ្រងបានហើយដោយមិនមានរកឃើញអ្នកឆ្លងថ្មីក្នុងរយៈពេល១៤ថ្ងៃជាប់ៗគ្នា និងរកមិនឃើញអ្នកសង្ស័យទៀតឡើយ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន។ បើតាមលោ​កហ៊ុន សែន ដដែល កម្ពុជាក៏គ្រប់គ្រងបានផងដែរលើពលករខ្មែរមកពីប្រទេសថៃដោយមិនទាន់រកឃើញពលករខ្មែរណាបានឆ្លងជំងឺកូវីដ-១៩នោះទេ។ ចំណែក មូលហេតុសំខាន់មួយទៀតនោះ គឺកម្ពុជាបានព្យាបាលឱ្យជាសះស្បើយនូវអ្នកឆ្លងជំងឺកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាជាច្រើនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមានចំនួន៤១នាក់ក្នុងនោះប្រុស២២នាក់ និងស្រី១៩នាក់។ គិតមកដល់ថ្ងៃទី២៩ ខែធ្នូនេះ អ្នកជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍នេះចំនួន៣៨នាក់ត្រូវបានព្យាបាលជាសះស្បើយ។ សរុបទៅ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៤នាក់។

បើទោះបីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះក៏ដោយ ប៉ុន្តែ លោកប្រមុខរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់កុំឱ្យធ្វេសប្រហែសឱ្យសោះ។ លោកលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាអាចបិទបញ្ចប់បាន តែកូវីដ១៩មិនអាចបិទបញ្ចប់ការរីករាលដាលបាននោះទេ។ ដូច្នេះហើយ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយពាក់ម៉ាស លាងដៃ និង រក្សាគម្លាតសុវត្តិភាពឱ្យបានជាង១ម៉ែត្រកន្លះ និងកុំទៅចូលរួមជួបជុំគ្នីគ្នាច្រើន និងកុំស្និតស្នាលគ្នាពេក។ រីឯអ្នកត្រូវធ្វើចត្តាឡីស័ក្តិ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់ឱ្យពួកគេអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក ពាក់ព័ន្ធនឹងគម្រោងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩វិញ លោកនាយករដ្ឋមន្រ្តីហ៊ុន​សែន បានប្រកាសជាថ្មីថា មិនទាន់កំណត់ថាទិញពីក្រុមហ៊ុនណា និងប្រទេសណានៅឡើយទេ ព្រោះមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជាមានច្រក៣ គឺតាមរយៈកម្មវិធី Covax ការពិភាក្សាជាមួយដៃគូជា​ទ្វេភាគី ឬ​ពហុភាគី ដើម្បី​រក​ជំនួយឥតសំណង់ និង​ការផ្គត់ផ្គង់វ៉ាក់សាំង​ក្នុងតម្លៃ​​សមរម្យ និង​ធ្វើការចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុនផលិតវ៉ាក់សាំងតែម្តង​។​ លោកហ៊ុន សែន ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា លោកមានគម្រោងចាក់វ៉ាក់សាំងមិនគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា៨០% ឫប្រមាណ១៣លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ