អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង បញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិពង្រឹងការកំណត់អត្តសញ្ញាណជនក្រីក្រក្នុងអំឡុងកូវីដ១៩

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅថ្ងៃចន្ទនេះ បានចេញលិខិតមួយច្បាប់​ប្រាប់​ទៅ​អភិបាល​រាជធានី-ខេត្តទាំងអស់​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ការ​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ទៅតាម​ការ​ស្នើសុំ ​ក្នុង​អំឡុង​ពេល​នៃការ​រាល​ដាល​កូវីដ១៩​បន្តទៀត។ ការ​រំឭក​យ៉ាងដូច្នេះ​របស់​ក្រសួងមហាផ្ទៃ​ គឺស្របពេល​ដែល​រដ្ឋាភិបាល​ប្រកាស​បន្ត​បើក​ប្រាក់​ឧបត្ថម្ភជុំទី៤​​ ចំនួន​៣ខែ​បន្ថែមទៀត​ ដល់​ពលរដ្ឋក្រីក្រដែល​រងផលប៉ះពាល់ដោយ​សារកូវីដ១៩។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

«ត្រូវធ្វើ​ការ​ណែនាំ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស មេភូមិ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​ពង្រឹង​ការ​បំពេញ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំ ​ក្នុង​អំឡុង​​ពេល​នៃការ​រាល​ដាល​កូវីដ១៩​នេះឲ្យ​បានត្រឹម​ត្រូវ ច្បាស់លាស់ និង​ខ្ជាប់ខ្ជួនបំផុត។ ត្រូវជៀស​វាង​ឲ្យខាងតែបាន​នូវការយោគយល់ និងឃុបឃិត​គ្នា​ដើម្បី​ដាក់​បញ្ចូល​ក្រុម​គ្រួសារ​ សាច់ញាតិ មិត្តភ័ក្ត ឬអ្នក​ស្គាល់គ្នា ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​ ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​នេះ​ មុន​ដំណាច់​ឆ្នាំ​២០២០»។ នេះជាការគូសបញ្ជាក់​នៅក្នុង​លិខិត​មួយច្បាប់របស់​លោក ស ខេង ​ប្រាប់​ទៅ​អភិបាល​រាជធានី-ខេត្តទាំងអស់​នៅថ្ងៃទី២៨​ធ្នូនេះ។

បើតាម​ក្រសួង​មហាផ្ទៃ​ មានគ្រួសារ​ក្រីក្រ​ជាង​៧០ម៉ឺន​គ្រួសារ​ឬស្មើនឹង២,៨​លាននាក់​កំពុង​ទទួលបាន​ប្រាក់​​ឧបត្ថម្ភពីរដ្ឋ​ចាប់តាំងពីខែមិថុនាដល់​ខែ​ធ្នូឆ្នាំ២០២០នេះ។ ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជនក្រីក្រ​កន្លង​​មកនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ​ចាត់ទុកថា ជាជោគជ័យ​ដែល​ទទួលបានការគាំទ្រ​យ៉ាងធំធេងពីពលរដ្ឋ និងដៃគូរអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បាន​ប្រកាសថា នឹង​បន្ត​បើក​ប្រាក់​ឧបត្ថម្ភជុំទី៤​​ចំនួន​៣ខែ​បន្ថែមទៀតគឺខែ​មករា កុម្ភៈ និងមីនា ឆ្នាំ២០២១ ​ដើម្បីជួយ​ពលរដ្ឋក្រីក្រដែល​រងផលប៉ះពាល់ដោយ​កូវីដ១៩។តែមួយគ្នានោះ ​ក្រសួងបានព្រមានចំពោះ​មន្ត្រី​ឃុំ​ សង្កាត់ ណា ដែល​បាន​អនុវត្ត​មិន​ប្រក្រតី​​ក្នុង​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់នេះ។

ការព្រមានដូច្នេះ​របស់​ក្រសួង​មហាផ្ទៃ គឺធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី២៣ធ្នូ បានសរសេរលើ​ហ្វេសប៊ុក​របស់លោកថា ​ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រកាន់តែមានប្រសិទ្ធភាព លោកស្នើឲ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងពាក់ព័ន្ធនានា និងត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

ជាមួយគ្នានោះ លោក ហ៊ុន សែន ថែមទាំងព្រមានវិធានការក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុង ភូមិឬ ឃុំ-សង្កាត់ ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ