អានតួអត្ថបទ
កម្ពុជា-សង្គម

បុណ្យណូអែល៖ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសុវត្ថិភាពក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩

​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ក្នុង​ការរៀបចំ​ពិធី​បុណ្យណូអែល​ ​នៅ​ក្នុងថ្ងៃនេះ​។​ ​ការ​អំពាវនាវ​បែប​នេះ​ ​ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​ ​និង​សកលលោក​ជា​រួម​ ​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ កូ​វី​ដ​១​៩​។

ការតែងលម្អនៅសួនច្បារមុខកាស៊ីណូ ណាហ្កាវើល
ការតែងលម្អនៅសួនច្បារមុខកាស៊ីណូ ណាហ្កាវើល © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វ៊េសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៥ធ្នូនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានការប្រុងប្រយ័ត្ន និងធ្វើយ៉ាងណារក្សាបាននូវសុវត្ថិភាពសុខភាពខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នាឱកាសពិធីបុណ្យគ្រីស្ទម៉ាស ឬបុណ្យណូអែលនេះ។

ដោយសារតែពិធីបុណ្យណូអែល ជាពិធីបុណ្យធំមួយរបស់សាសនាគ្រឹស្ត លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំចំពោះ គ្រឹស្តសាសនិក នៅក្នុងប្រទេសកម្ពុជា កុំឲ្យមានជួបជុំនិងរៀបចំពិធីបុណ្យជាលក្ខណៈអធិកអធម ព្រោះថាប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានការណ៍មួយនៃការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជាបន្ត។ ដោយជំនួសមកវិញ គ្រឹស្តសាសនិក ត្រូវរៀបចំកម្មវិធីជួបជុំតែជាលក្ខណៈគ្រួសាររៀងៗខ្លួន។ នេះបើតាមលោកនាយករដ្ឋមន្រ្តី

សូមជម្រាបជូនថា នាឱកាសពិធីបុណ្យណូអែលនេះ ក៏ដូចជាពិធីបុណ្យឆ្លងឆ្នាំប៉ុន្មានថ្ងៃខាងមុខ នៅសួនច្បារមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើល បានរៀបចំតុបតែងលម្អជាមួយនឹងដើមឈើសាប៉ាំង និងភ្លើងចម្រុះពណ៌ពាសពេញទីធ្លាសួនសាធារណៈមុខសណ្ឋាគារខ្លួន ដែលធ្វើឲ្យមានសាធារណជនជាច្រើន បានប្រមូលផ្តុំគ្នាទៅថតរូបនៅទីនោះ។ ហើយនេះជាការប្រឈមខ្ពស់ចំពោះការឆ្លងជំងឺកូវីដ១៩ និងខុសពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដែលកំណត់មិនឲ្យមានការជួបជុំលើសពី២០នាក់។ គោលការណ៍ណែនាំ ដែលរដ្ឋាភិបាលកំណត់មិនឲ្យមានការជួបជុំជាសាធារណៈលើសពី២០នាក់ ក្នុងន័យទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០វិច្ឆិកាកន្លងមក។

គួរបញ្ជាក់ជូនថា ពិធីបុណ្យណូអែលនៅក្នុងឆ្នាំនេះ ត្រូវបានកំណត់ឲ្យរៀបចំដោយមានការប្រុងប្រយ័ត្ន ដើម្បីបង្ការការឆ្លងនៃជំងឺកូវីដ១៩។ ជាទូទៅ ហាងលក់ទំនិញ និងទីតាំងឯកជនជាច្រើនផ្សេងទៀត ក៏បានធ្វើការតុបតែងលម្អសម្ភារណូអែលរៀងៗខ្លួនដែរ បើទោះណា ជាមិនមានសកម្មភាពអបអរពិធីបុណ្យអឺរ៉ុបនេះអ៊ូអរដូចឆ្នាំកន្លងទៅក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ