អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

វិបត្តិកូវីដ១៩៖ រដ្ឋាភិបាលដាក់ចេញគោលនយោបាយ៣ចំណុចដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា

រដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ផែនការ​៣​ចំណុច ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​បង្កើន​ការ​វិនិយោគ​ឡើង​វិញ​ក្រោយ​រង​ការ​ប៉ះពាល់​ដោយសារ​ការ​រាលត្បាត​នៃ​ជំងឺ​កូវីដ១៩​ជា​សកល​។ ការ​អះអាង​អំពី​គោល​នយោបាយ​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​អំពី​ការ​បញ្ជា​ទិញ​និង​ផ្តល់​វ៉ាក់​សាំង​កូវីដ១៩​ដល់​ប្រជាពលរដ្ឋ​ នៅ​ថ្ងៃ​ទី​១៧​ធ្នូ​ម្សិលមិញ​។

ទិដ្ឋភាពទីក្រុងភ្នំពេញ
ទិដ្ឋភាពទីក្រុងភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

ផែនការ៣ចំណុចស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រោយរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ រួមមាន ទី១. ការបន្តអនុវត្តគោលនយោបាយចម្រុះ រវាងរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច។ ទី២. ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រីកសក្តានុពល ដើម្បីពង្រឹងការប្រកួតប្រជែងលើទីផ្សារ និងដោះស្រាយបញ្ហារាំងស្ទះនៅក្នុងការធ្វើពិពធកម្មសេដ្ឋកិច្ច។ និងទី៣. ការបង្កើនកំណើនវិនិយោគក្នុងស្រុកបន្ថែម ដោយតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ យន្តការទាំង៣ ជាគោលនយោបាយសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមគ្នានេះដែរ លោកបានបន្តថា បច្ចុប្បន្នរដ្ឋាភិបាលក៏បានដាក់នូវវិធានការចំនួន៣ផ្សេងទៀត ក្នុងការធានាដល់សុវត្ថិភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ វិធានការទាំង៣នោះមាន ការការពារអាយុជីវិត ការការពារជីវភាពរស់នៅ និងការការពារមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែករុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញបានឆាប់រហ័ស។

ក្រៅពីការស្តារសេដ្ឋកិច្ចឡើងវិញនេះ  វិស័យធនធានមនុស្សក៏ជាចំណុចស្នូលមួយទៀតក្នុងការរុញប្រទេសកម្ពុជាឲ្យឆ្ពោះទៅកាន់គោលដៅក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បើទោះបីបច្ចុប្បន្នកម្ពុជាកំពុងរងវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក វង្សី វិស្សុត។

សូមជម្រាបជូនថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងក្នុងជំនួបកិច្ចប្រជុំកំពូលអាស៊ីប៉ាហ្វិកលើកទី២ កាលពីឆ្នាំ២០១៩ ថា កម្ពុជានឹងបន្តជម្រុញការខិតខំបន្ថែម ឲ្យធ្វើយ៉ាងណាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

តែអ្នកជំនាញផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក លោក Norman Loayza មើលឃើញថាប្រសិនបើកម្ពុជាចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ នោះកម្ពុជាត្រូវការវិនិយោគិនមកវិនិយោគលើវិស័យធនធានមនុស្ស និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ