អានតួអត្ថបទ
កម្ពុជា-សង្គម

នៅកម្ពុជា៖ ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ក្លាយជាក្ដីបារម្ភរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ការ​កើនឡើង​នៃ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​កម្ពុជា​ បាន​ក្លាយ​ទៅ​ជា​ក្ដី​បារម្ភ​ថ្មី​ ដែល​តម្រូវ​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ទាញ​សញ្ញា​អាសន្ន​ និង​រំឭក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ ក្រសួង​នេះ​គូស​បញ្ជាក់​ថា​ ពួក​ចោរ​អ៊ីនធឺណែត​ ឬ​ Hacker ​បាន​វាយ​ប្រហារ​ជន​រងគ្រោះ​ ដោយ​បន្លំ​ខ្លួន​ជា​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ឬ​ឈ្មោះ​បុគ្គល​ផ្សេង​ទៀត​ ដើម្បី​បញ្ជូន​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​។​

រូបសញ្ញាប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម
រូបសញ្ញាប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​តេឡេក្រាម Telegram នៅ​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង ដោយ​ពួក​ចោរ​អ៊ីនធឺណែត ឬ Hacker ដែល​កំពុង​តែ​វាយ​លុក​ជន​រង​គ្រោះ ដោយបន្លំខ្លួនជាថ្នាក់ដឹកនាំក្នុងជួរដ្ឋាភិបាលឬឈ្មោះបុគ្គលផ្សេងទៀត ដើម្បីបញ្ជូនសារតាមប្រព័ន្ធតេឡេក្រាម។ ពួក​ចោរ​អ៊ីនធឺណែត អាចចូល​ទៅ​​គ្រប់​គ្រង​កុំព្យូទ័រ​ឬ​ទូរសព្ទរបស់​ជន​រង​គ្រោះ ប្រសិន​បើ​ជន​រង​គ្រោះចុច​បើក​ឯកសារ​ឬ​កម្មវិធី​ដែល​មាន​ផ្ទុក​មេរោគ​។ តាម​រយៈ​ការ​​បើក​ឯកសារ​ឬ​កម្មវិធី​ដែល​មាន​ផ្ទុក​មេរោគ​​នោះ ពួក​ឧក្រិដ្ឋជន ឬ Hacker អាច​លួច​យក​ទិន្នន័យ​នានា ដូច​ជា​ឯកសារ លេខ​កូដ​សម្ងាត់​សម្រាប់​កម្មវិធី​ផ្សេង​ៗ ព្រម​ទាំង​អាច​លួច​ថត​រូប​និង​ថត​សំឡេង ក៏​ដូច​ជា​ប្រើ​ប្រាស់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទៅ​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​។

ក្នុង​ន័យ​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​រំឭក​ឲ្យ​ពលរដ្ឋ​ផ្ទៀង​ផ្ទាត់​និង​ត្រួត​ពិនិត្យ​គណនី​របស់​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក​ឲ្យ​បាន​ច្បាស់​លាស់ ជា​ពិសេស​ចំពោះ​សារ​ណា​ដែល​ផ្ញើ​មក​ជា​លើក​ដំបូង​ ទោះ​បី​មាន​រូប​ភាព​និង​ឈ្មោះ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​អ្នក​ស្គាល់​គ្នា​ក៏ទេ​ដែរ​។ ហើយ​ក្នុង​ករណី​សង្ស័យ ត្រូវ​ទូរសព្ទ​ទៅ​សួរ​ម្ចាស់​គណនី​ដោយ​ផ្ទាល់​តែ​ម្ដង មុន​នឹង​ឆ្លើយ​សារ​តាម​តេឡេក្រាម​។

គួរ​បញ្ជាក់​ថា ការ​ទាក់ទង​តាម​បណ្ដាញ​តេឡេក្រាម បាន​ទទួល​ការ​ពេញ​និយមជា​ខ្លាំង​នៅ​កម្ពុជា ដោយ​សារ​តែ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ញើ​និង​ទទួល​សារ​ដោយ​ឥត​គិត​ថ្លៃ​និង​គ្មាន​ដែន​កំណត់​។ កម្មវិធី​សម្រាប់​ផ្ញើ​សារ​តាម​ទូរសព្ទ​ផ្សេង​ទៀត ដូច​ជា WhatsApp, WeChat, និង Viber ក៏​ទទួល​បាន​ការ​ពេញ​និយម​មិន​ចាញ់​គ្នា​ដែរ ប៉ុន្តែ​ការ​ឆបោក​តាម​ប្រព័ន្ធតេឡេក្រាម Telegram ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​គេ​។

ជាក់​ស្ដែង នៅថ្ងៃ​ទី​១១​ខែ​ធ្នូ​កន្លង​ទៅ​នេះ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​អំពី​ការ​លួច​យក​ឈ្មោះ​និង​រូប​របស់​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឌី វិជ្ជា អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ ទៅ​បង្កើតគណនី​តេឡេក្រាម។ ចោរអ៊ីនធឺណែត​នោះ បាន​យក​គណនី​តេឡេក្រាម​នោះ ​ទៅ​ផ្ញើ​សារ​ដែល​មាន​តំណ​ភ្ជាប់មេរោគទៅ​កាន់​អង្គភាព​ជាតិ និង​ទៅ​កាន់​សាធារណជន​ជា​ច្រើន​នាក់។ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​មក​ទល់​ពេល​នេះ បាន​ប្រកាស​ថា គណនី​នោះ​ជា​គណនី​ក្លែង​ក្លាយ និង​កំពុង​ស្វែង​រក​ជន​ល្មើស​មក​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ