អានតួអត្ថបទ
កម្ពុជា-សង្គម

HRWអំពាវនាវឲ្យស្ថាប័ន​ផ្តល់កម្ចី​អន្តរជាតិ​ស៊ើបអង្កេតកម្ចីនៅកម្ពុជា ដែលប៉ះពាល់សិទ្ធិមនុស្ស

ធនាគារ​ពិភពលោក​ ឬស្ថាប័នផ្តល់ឥណទានអន្តរជាតិ គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​លក់ដី​ដោយ​បង្ខំ ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រាក់​កម្ចី​កេង​ប្រវ័ញ្ច​ និង​បំណុល​វ័ណ្ឌក​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ នេះ​គឺ​ជា​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​។ តែ​អ្នក​នាំ​ពាក្យ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​អវិជ្ជមាន​ទាំង​ឡាយ​ណា​ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ប្រាក់ដុល្លារអាមេរិក (រូបភាពតំណាង)
ប្រាក់ដុល្លារអាមេរិក (រូបភាពតំណាង) REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

លោក​ ហ្វី​ល​ រ៉ូ​បឺត​សុ​ន​ (​P​h​i​l​ ​Robe​r​t​son​) ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែធ្នូថា អ្នកផ្តល់ជនួយអន្តរជាតិ ដល់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា គួរតែឈប់បំប៉ន់ប្រព័ន្ធ ដែលកំពុងរំលោភបំពានសិទ្ធិអ្នកជាប់បំណុល ខណៈដែលពួកគេកំពុងតែរងគ្រោះដោយសារវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ច។ លោកបន្តថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) និងម្ចាស់ជំនួយមីក្រូហិរញ្ញវត្ថុ គួរតែបើកការស៊ើបអង្កេតផ្ទាល់ ដែលមានការណែនាំដោយអ្នកជំនាញសិទ្ធិមនុស្ស។

បញ្ហាបំណុលរបស់ប្រជាពលរដ្ឋនេះ កាន់តែធ្លាក់ទៅរកស្ថានភាពអាក្រក់ទៅនៅពេលដែលកម្ពុជារងគ្រោះដោយជំងឺកូវីដ១៩។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាមើលសិទ្ធិមនុស្សចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅក្រុងញូយ៉កមួយនេះ បានដកស្រង់របាយការណ៍មួយរបស់ស្ថាប័នជំនាញផ្នែកហិរញ្ញវត្ថុ(MIMOSA)ថា ទំហំនៃកម្ចីក្នុងប្រទេសក៏បានបន្តកើនឡើងជាបន្តបន្ទាប់តាមឆ្នាំ ដែលធ្វើអ្នកជំពាក់បំណុលមិនអាចសងបំណុលដ៏ច្រើនហួសហេតុក្លាយជាបំណុលវ័ណ្ឌក។

លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងថា ធនាគារពិភពលោកមិនមែនជាអ្នកថ្មីទេ ដែលជាប់ពាក់ព័ន្ធនឹងការរឹបអូសដីធ្លី និងរំលោភបំពាននៅក្នុងប្រទេសកម្ពុជា ហើយធនាគារនេះគួរតែធ្វើយ៉ាងណាដោះស្រាយការព្រួយបារម្ភទាំងនេះ។

លោក ​កាំង តុងងី ​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជាបានលើកឡើងថា ការអំពាវនាវខាងលើរបស់អង្គការសិទ្ធិមនុស្សនេះ មិនមែនជារឿងថ្មីនោះទេ ព្រោះអង្គការនេះបានដកស្រង់នូវរបាយការណ៍ចាស់ពីមុនមកប៉ុណ្ណោះ។ កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុក៏ធ្លាប់បានឆ្លើយតបហើយដែរ។ លោកបញ្ជាក់ថា អត្ថបទនេះ គឺបានសរសេរដោយអ្នក ដែលមិនបានយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក កាំង តុងងី បានអះអាងទៀតថា អត្ថបទខាងលើនេះ មិនបានមើលឃើញពីការខិតប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩នោះទេ។ កន្លងមកវិស័យនេះបានចូលរួមយុទ្ធនាការនានារបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

បើតាមលោក កាំង តុងងី ក្នុងពេលកូវីដ១៩ សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុ ដែលមានជាង១០០ស្ថាប័ន បានរៀបចំឥណទានឡើងវិញ ដល់អតិថិជន រហូតដល់ជាង២៧ម៉ឺននាក់ ដែលមានទំហំជាទឹកប្រាក់ប្រមាណ១ ៣០០លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ