អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រជាពលរដ្ឋក្រីក្រមួយចំនួន ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ថាមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយ

គិត​ចាប់​តាំង​ពី​ថ្ងៃ​ ២៨​វិច្ឆិកា​ ឆ្នាំ​២០២០​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ធ្នូ​នេះ​ មាន​រយៈពេល​១៣​ថ្ងៃ​ហើយ​ នៃ​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ១៩​ ចូល​ក្នុង​សហគមន៍​ជា​ដំបូង​បង្អស់​នៅ​កម្ពុជា​។  មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​អះអាង​ថា​មាន​ជីវភាព​ក្រីក្រ ​ជា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​សហគមន៍​២៨​វិច្ឆិកា​ បាន​ត្អូញត្អែរ​ថា​ ខ្លួន​មិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ដូច​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​ពួក​គាត់​ ចំនួន​ ២០ ០០០​រៀល​ ក្នុង​មួយ​ថ្ងៃ​ ដែល​រយៈពេល​១៥​ថ្ងៃ​ មាន​ចំនួន​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារៗ​។

ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ)
ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ) REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ទោះជាមានការលើកឡើងពីប្រមុខរដ្ឋាភិបាលក្រោយប្រទេសកម្ពុជាបានប្រឈមនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដចូលសហគមន៍ថ្ងៃទី២៨វិច្ឆិកា ថានឹងមានប្រាក់ឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័ក ដែលជាបង្គោលគ្រួសារ មានជីវភាពខ្សត់ខ្សោយក៏ដោយ ក៏មកទល់ពេលនេះ មានពលរដ្ឋខ្មែរមួយចំនួន ក្នុងនោះក៏មានអ្នកមានលំនៅដ្ឋានតាមខេត្ត ហើយមកធ្វើការនៅភ្នំពេញដែរ បានអះអាងថាពួកគេមិនបានទទួលថវិកាអ្វីទាំងអស់ខណៈកំពុងធ្វើចត្តាឡីស័ក។

ទោះយ៉ាងណាគេមិនអាចបញ្ជាក់ពីស្ថាប័នជំនាញបាននៅឡើយទេថា នីតិវិធីក្នុងជ្រើសរើស និងលក្ខខណ្ឌ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកធ្វើចត្តាឡីស័កនៅទូទាំងប្រទេសដោយរបៀបណាទេ!

ក៏ប៉ុន្តែ នៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃនេះថា នីតិវិធីនៃការផ្តល់ប្រាក់ឧបត្ថម្ភ ជូនទៅប្រជាពលរដ្ឋក្រីក្រ/គ្រួសារក្រីក្រ ដែលមានជីវភាពខ្សត់ខ្សោយ នៅរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា ត្រូវមានលក្ខណៈសម្បត្តិ ៤យ៉ាង ទី១ត្រូវជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទី២ជាអ្នកដែលបានធ្វើតេស្តរកវីរុសកូវីដ១៩ ទី៣ អ្នកដែលបានធ្វើតេស្តរកវីរុសកូវីដ១៩ហើយអវិជ្ជមាន និងទី៤ជាគ្រួសារ ដែលមានជីវភាពខ្សត់ខ្សោយរកមួយថ្ងៃសម្រាប់ចំណាយ១ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ការធ្វើចត្តាឡីស័ក គឺមានតែរយៈពេល ១៤ថ្ងៃប៉ុណ្ណោះ តែរដ្ឋាភិបាលកម្ពុជាគិតជូន១៥ថ្ងៃ ព្រោះចង់លើកទឹកចិត្តដល់គ្រួសារក្រីក្រ ដែលបានចូលខ្លួនធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ទៅក្នុងសហគមន៍។  នេះបើតាមលោកម៉េត មាសភក្តី។

ជាមួយគ្នានេះដែរ ចំពោះថវិកាដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងទម្លាក់ជូន នៅរាជធានីភ្នំពេញ គឺធ្វើឡើងទៅតាមមន្រ្តីមូលដា្ឋន ដែលមានចំនួន ១០៥សង្កាត់។ ហើយមន្ត្រីមូលដ្ឋានទាំងនោះ ត្រូវចាំបាច់នាំយកសាច់ប្រាក់ចំនួន ៣០ ០០០ម៉ឺនរៀល ឬអាចមានជាសំភារៈឧបភោគ បរិភោគបន្ថែម ទៅចែកជូនគ្រួសារក្រីក្រ ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន មុន និងក្នុងអំឡុងពេលធ្វើចត្តាឡីស័កតែម្តង។

គួររម្លឹកជូនដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០២០ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចទម្លាក់ថវិកាចំនួន១ពាន់លានរៀលទៅកាន់រាជធានី ខេត្តទូរទាំងប្រទេស ព្រម​ទាំង​បាន​កំណត់​ផ្តល់​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រដែលធ្វើចត្តាឡីស័ក ម្នាក់២ម៉ឺនរៀល/ថ្ងៃ ក្នុង​រយៈពេល ១៥ថ្ងៃ ដែលថវិកា​សរុប​ទទួល​បាន ៣០ ម៉ឺនរៀល ក្នុងមួយគ្រួសារៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ