អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារADB បន្តព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-៤%នៅក្នុងឆ្នាំ២០២០នេះដោយសារវិបត្តិកូវីដ១៩

ធនាគារ​អភិវឌ្ឍន៏​អាស៊ី​ADB​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ បាន​បង្ហាញ​ការ​ព្យាករណ៍​ជា​ថ្មី​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​នឹង​ធ្លាក់ចុះដល់ទៅ-៤ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។ ការព្យាករណ៍ចុងក្រោយនេះ គឺខុសពីការព្យាករណ៍រដ្ឋាភិបាលកម្ពុជាដែលបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ-១.៩ភាគរយ។ ជាការកត់សម្គាល់ ការព្យាករណ៍សេដ្ឋកិច្ចខ្លួនឯងរបស់រដ្ឋាភិបាលកម្ពុជា គឺប្រហាក់ប្រហែលគ្នានឹងធនាគារពិភពលោកដែលបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ។

លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ប្រចាំនៅប្រទេសកម្ពុជា
លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ប្រចាំនៅប្រទេសកម្ពុជា © ADB
ផ្សាយពាណិជ្ជកម្ម

លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់-៤.០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះឡើងវិញក្នុងរង្វង់៥.៤ ភាគរយនៅឆ្នាំ ២០២១។ ការព្យាករណ៍ជាថ្មីនេះ គឺដូចគ្នានឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ លោក David Freedman បានវិភាគថា កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួនដែលនេះ គឺជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថា កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

នៅចំពោះមុខការព្យាករណ៍ចុងក្រោយរបស់ធនាគារADBនេះ  រដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ។ លោកមាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចកម្ពុជាបានគូសបញ្ជាក់ថា ការព្យាករណ៍ខុសគ្នារវាងធនាគារADB និងរដ្ឋាភិបាលកម្ពុជានេះ គឺដោយសារតែប្រើប្រាស់វិធិសាស្រ្តផ្សេងគ្នា។ លោកថា ការវាយតម្លៃរបស់រដ្ឋាភិបាលកម្ពុជា គឺពឹងផ្អែកទៅលើការប្រមូលទិន្នន័យជាក់ស្តែងក៏ដូចជាការមើលឃើញពីការបន្តកើនឡើងនៃនាំចេញរបស់កម្ពុជា​ ជាពិសេស ការនាំចេញទៅទីផ្សារអាមេរិក។

ត្បិតថាខុសគ្នាជាមួយADB ប៉ុន្តែការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជានេះ គឺប្រហាក់ប្រហែលគ្នានឹងការព្យាករណ៍របស់ធនាគារពិភពលោក។ ធនាគារពិភពលោកកាលពីអំឡុងខែកញ្ញា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះ គឺនឹងធ្លាក់ចុះ-២ភាគរយ។ រីឯ មូលនិធិរូបិយវត្ថុអន្តរជាតិIMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥ភាគរយ។

សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ប្រទេសជិតខាងកម្ពុជាមានថៃ និងឡាវក៏ត្រូវបានព្យាករពីសេដ្ឋកិច្ចធ្លាក់ចុះដែរនៅក្នុងឆ្នាំ២០២០នេះ។ សេដ្ឋកិច្ចប្រទេសថៃ នឹងធ្លាក់ចុះទៅដល់-៧.៨ភាគរយ ខណៈប្រទេសឡាវនឹងធ្លាក់ចុះ-២.៥ភាគរយ ដោយសារតែវិបត្តិកូវីដ១៩។ ប៉ុន្តែសេដ្ឋកិច្ចប្រទេសវៀតណាមវិញ បែរជាមានការកើនឡើង២.៣ភាគរយ ខណៈនៅឆ្នាំ២០២១នឹងកើនដល់៦.១ភាគរយ។ នេះបើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ