អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការសិទ្ធិមនុស្សធំៗ៣ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារអ្នកជាប់ឃុំអំឡុងពេលកូវីដ១៩

អង្គការ​ជាតិ​ និង​អន្តរជាតិ​ចំនួន​៣​ គឺ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​(Human Rights Watch)​ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ LICADHO​ នៅ​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នក​ជាប់​ឃុំ ​ក្នុង​ពន្ធនាគារ​ និង​មន្ត្រី​ពន្ធនាគារ​។ ការ​ស្នើ​សុំ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ជាន់​ខ្ពស់​មាន​វិជ្ជមាន​កូវីដ១៩​ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​កូវីដ១៩​ក្នុង​សហគមន៍​។

អ្នកទោសពន្ធនាគារ
អ្នកទោសពន្ធនាគារ © Internet
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពីការឆ្លងមេរោគកូវីដ១៩ ទៅលើលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ក្រុមអង្គការ ដែលធ្វើការទាក់ទងទៅនឹងសិទ្ធិមនុស្សទាំង៣ បានឲ្យដឹងថាអ្នកជាប់ឃុំនៅកម្ពុជាអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ដោយសារមន្ត្រីពន្ធនាគារ ដែលបានចុះទៅធ្វើការនៅពន្ធនាគារនានា មានជាប់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។

ដោយសារ​ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​មានភាពចង្អៀតណែនខ្លាំង កង្វះនូវការទទួលបាន​សេវាថែទាំ​និងព្យាបាលជំងឺ​ ក៏ដូចជា​តម្រូវការជា​មូលដ្ឋាន​ដូចជា សាប៊ូ​ និងទឹកស្អាត​ ដើម្បី​អនុវត្តវិធានការ​អនាម័យ​ អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅកម្ពុជា​ជិត ៤ម៉ឺននាក់​ គឺកំពុងតែប្រឈម​យ៉ាងខ្លាំង​ពីការឆ្លងវីរុសកូវីដ១៩​ ដែលអាច​បណ្ដាល​ឱ្យមានការ​ស្លាប់បាត់បង់​ជីវិត​ដោយសារ​ការឆ្លងវីរុសនេះ។​ នេះបើតាមអង្គការទាំង៣។

ក្រៅពីនេះអង្គការជាតិ និងអន្តរជាតិទាំងនេះ បានលើកឡើងផងដែរ នូវការទទួលបានសិទ្ធិការពារសុខភាពរបស់អ្នកជាប់ឃុំ ដូចជាអ្នកនៅក្នុងសហគមន៍ខាងក្រៅដែរ។ ការរំលឹករបស់អង្គការសុខភាពពិភពលោក កាលពីខែមីនាឆ្នាំ២០២០ ឲ្យរដ្ឋាភិបាលប្រទេសនីមួយៗ ពិចារណាលើការដោះលែងអ្នកជាប់ឃុំ ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩ ​វិបត្តិភាព​ចង្អៀតណែន​ខ្លាំងនៅក្នុងពន្ធនាគារ​ ដែលជាបញ្ហាប្រឈមធំ ​ក្នុងពេល​មានការរីករាល​ដាល​នៃវីរុសកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍នេះដែរ។

ជុំវិញការលើកឡើងរបស់អង្គការជាតិ និងអន្តរជាតិទាំង៣នេះ អគ្គនាយកដ្ឋានពន្ធនាគារ មិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ