អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

អ្នកការពារសិទ្ធិមនុស្សថាការបង្ហាញអត្តសញ្ញាណអ្នកដែលឆ្លងកូវីដ១៩ប៉ះពាល់ដល់សិទ្ធិឯកជន

អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ហៅ​វិធានការ​ចុងក្រោយ​ដែល​ក្រសួង​សុខាភិបាល​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ ដែល​ឆ្លង​កូវីដ១៩​នោះ​ ថា​ជំហាន​គួរ​ឲ្យ​ព្រួយបារម្ភ​ ហើយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិឯកជន​របស់​បុគ្គល​។  ការ​លើកឡើង​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​០៥​ធ្នូ​ បាន​អនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺ​កូវីដ១៩​ ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទៅ​ធ្វើ​តេស្ត​ និង​អនុវត្ត​វិធានការ​ចត្តាឡីស័ក​ ចៀសវាង​ការ​ចម្លង​ទៅ​ក្រុម​គ្រួសារ​ ឬ​សហគមន៍​។

ស្ថានភាពអាកាសយានដ្ឋានរាជធានីភ្នំពេញ កាលពីការផ្ទុះរាតត្បាតនៃកូវីដ១៩ កាលពីខែមីនា
ស្ថានភាពអាកាសយានដ្ឋានរាជធានីភ្នំពេញ កាលពីការផ្ទុះរាតត្បាតនៃកូវីដ១៩ កាលពីខែមីនា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

«រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការគោរពនិងការពារទាំងសិទ្ធិខាងសុខភាពនិងសិទ្ធិមានឯកជនភាពរបស់បុគ្គល»។ នេះជាការលើកឡើង​របស់​លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​នៅថ្ងៃទី៧​ធ្នូនេះ។

តែជាមួយគ្នានេះ លោកស្រី​ទទួលស្គាល់ថា មានការប្រឈមកិច្ចការដ៏លំបាកមួយ ដែលរដ្ឋាភិបាលមានបំណងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ហើយលោកស្រីក៏ចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងទប់ស្កាត់នេះតាមតែអាចធ្វើទៅបាន។

យ៉ាងណាក្តី អ្នកការពារសិទ្ធិមនុស្សរូបនេះ​បានហៅ«វិធានការចុងក្រោយដែលតម្រូវឱ្យមានការបង្ហាញនូវអត្តសញ្ញាណបុគ្គល ដោយលម្អិតទាំងរូបថត ជាដើម ជាជំហានគួរឲ្យព្រួយបារម្ភ ហើយដែលប៉ះពាល់ដល់សិទ្ធិឯកជនរបស់បុគ្គល»។

បើតាម​​ លោកស្រី ចក់ សុភាព ការដែលគ្រាន់តែបញ្ជាក់ពីទីតាំងនិងលម្អិតពីស្ថានភាពនៃទំនាក់ទំនងរវាងអ្នកវិជ្ជមាននិងទីតាំងដែលបុគ្គលនោះបានប្រាស្រ័យទាក់ទងគឺគ្រប់គ្រាន់ដើម្បីឱ្យអ្នកទាំងឡាយអាចចូលរួមទប់ស្កាត់ ហើយព័ត៌មានបន្ថែម គឺស្ថាប័នទទួលបន្ទុកអាចមានសិទ្ធិប្រមូលនិងផ្ទុកឯកសារទាំងនោះ។ នេះគឺអាចជៀសបានហានិភ័យ បង្កជាការរើសអើង។ល។ ដល់អ្នកដែលត្រូវបានស្ថាប័នបង្ហាញអត្តសញ្ញាណនោះ។

 និយាយដល់ការរើសអើងនេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន លើកឡើងដែរថា គេគួរចាត់ទុកអ្នកជំងឺកូវីដ១៩ គឺជាជនរងគ្រោះ ព្រោះគ្មានអ្នកណាម្នាក់ចង់ឆ្លងជំងឺនេះឡើយ។

បើតាមអ្នកវិភាគបញ្ហាសង្គមរូបនេះ តិចឬច្រើនវាប៉ះពាល់ទៅ​ដល់​សិទ្ធិ​ឯក​ជនភាព​របស់បុគ្គលចំពោះការបង្ហាញអត្តសញ្ញាណជនដែលឆ្លងកូវីដ១៩។តែ​លោកមិនជំទាស់នឹង​ចំណាត់ការនេះទេ​ដោយ​សារតែសង្គមយើងនៅខ្វះយន្តការតាមដាន​រកប្រភពអ្នក​ចម្លង​ជំងឺ និងថាការ​បង្ហាញអត្តសញ្ញាណបែបនេះជាវិធីសាស្ត្រមួយដើម្បី​ទប់​ស្កាត់ការ​ចម្លង​កាន់​តែ​ច្រើន​ទៅ​ក្នុង​សហគមន៍។

កាលពីថ្ងៃទី០៥ធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈសារលើបណ្តាញសង្គមហ្វេសបុករបស់លោក បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ដើម្បី​ឱ្យអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលត្រូវទៅធ្វើតេស្តរកវីរុសកូវីដ១៩ និងអនុវត្តវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវ ចៀសវាងការចម្លងទៅក្រុមគ្រួសារ ឬសហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ