អានតួអត្ថបទ
កម្ពុជា-សង្គម

គ.ជ.ប ប្តឹងមន្រ្តីជាន់ខ្ពស់បក្សLDPម្នាក់ទៅកាន់តុលាការ បន្ទាប់ពីមន្រ្តីនោះហៅគ.ជ.បថា ជា«ចោរ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្តឹង​លោក​អ៊ី សាំងឡេង​ អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​ បន្ទាប់​ពី​មន្រ្តី​រូប​នេះ​បាន​ហៅ​ស្ថាប័ន​គ.ជ.ប​ថា​ ជា​«ចោរ»ពាក់ព័ន្ធ​នឹង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​។

លោកអ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លោកអ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្តឹងលោកអ៊ី សាំងឡេង ៣ បទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ  ជេរប្រមាថជាសាធារណៈ  និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោកអ៊ី សាំងឡេង តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុករបស់គណបក្សបសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាត់ទុកសកម្មភាពខ្លះនៃការចុះឈ្មោះបោះឆ្នោតរបស់គ.ជ.បថា​ ជាសកម្មភាពចោរ ជាចោរបំផ្លាញជាតិដោយអនុវត្តផែនការចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថាបរទេសនៅតែអាចត្រួតត្រាខ្មែរបាន។ នេះបើតាមការដកស្រង់របស់គ.ជ.ប។

សម្រាប់គ.ជ.ប ការលើកឡើងរបស់អនុប្រធានគណបក្សLDPនេះ គឺជាទង្វើបរិហារកេរ្តិ៍ បំផ្លើសពីការពិតដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរៀបចំការបោះឆ្នោតរបស់ជាតិ។ តាមគ.ជ.ប ទង្វើទាំងនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ជុំវិញការប្តឹងនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេ។ លោកចិន ថុន អគ្គលេខាធិការគណបក្សបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅល្ងាចថ្ងៃចន្ទនេះថា គណបក្សកំពុងរង់ចាំមើលចំណាត់ការបន្តទៅទៀតរបស់គ.ជ.ប និងបោះជំហានទៅតាមក្រោយ។ បន្ថែមលើបញ្ហានេះ លោកចិន ថុន បានគូសបញ្ជាក់ថា គ.ជ.ប ត្រូវតែដោះស្រាយបញ្ហាបណ្តឹងនានាដែលប្តឹងដោយគណបក្សLDPឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់បញ្ហាចម្រូង​ចម្រាស និងជម្លោះរវាងគ.ជ.ប និងLDP៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ